ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នាតវ៉ាដោយចោទថា ចាញ់បោក ស្រែករកយុត្តិធម៌​កងរំពង

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០​គ្រួសារ ដែល​រស់នៅ​ក្នុង​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​បុរី​ខាងលើនា​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៥…

រាជធានីភ្នំពេញ​៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០​គ្រួសារ ដែល​រស់នៅ​ក្នុង​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​បុរី​ខាងលើ
នា​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៥ សម្ដែង​ការ ឈឺចិត្ត​និង​យំ​ស្រែក ហើយ​ស្រែ​កថា​«​អយុត្តិធម៌​ណាស់​ៗ» ។

ពួក​គាត់​បាន​លើក​ឡើង​ថា បាន​ចាញ់បោក​លោក​ឧត្ដមសេនីយ៍ត្រី​ជា សុ​ភ័ក្ត្រ មន្ត្រី​នគរបាល​ពន្ធនាគារ​ក្រសួងមហាផ្ទៃ និង​ប្រពន្ធ​ឈ្មោះ​គង់ យ៉ាង​ធី ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​បុរី​ផ្ទះល្វែង​«​ធី សុ​ភ័ក្ត្រ​»​ព្រមទាំង​ប្អូនប្រុស​ឈ្មោះ​គង់ អៀង​ពៅ ។ បណ្ដាល​ឲ្យ​ម្នាក់​ៗ​ខាតបង់​អស់ប្រាក់​រាប់​ម៉ឺន​ដុល្លារ អស់​ផ្ទះសម្បែង គ្មាន​ទីជម្រក ជំពាក់​ប្រាក់​ធនាគារ​វ័ណ្ឌ ក ហើយ​ត្រូវ​បាន​លោក​ឧត្ដមសេនីយ៍ត្រី​ជា សុ​ភ័ក្ត្រ និង​ប្រពន្ធ​នោះ​ប្ដឹង​ឡើង​តុលាការ​ទាំង​អ​យុ​ត្តិ​ធ​ម​ថែម​ទៀត ។

ពេល​ប្រមូលផ្ដុំ​គ្នា​នោះ​ប្រជាពលរដ្ឋ​ខាងលើ​បាន​កាន់​បង្ហាញ​ជា​សាធារណៈ​នៅ​រូបថត រួម​ជាមួយ​អត្តសញ្ញាណប័ណ្ណ​របស់​លោក​ឧត្ដមសេនីយ៍ត្រី​ជា សុ​ភ័ក្ត្រ និង​ប្រពន្ធ​ឈ្មោះ គង់ យ៉ាង​ធី ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ផ្ទះល្វែង​«​ធី សុ​ភក្ត្រ » ព្រមទាំង​ប្អូនប្រុស​ឈ្មោះ​គង់ អៀង​ពៅ នោះ​ផង​ដែរ ហើយ​បាន​ចោទ​ទៅ​លើ​បុគ្គល​ទាំង​៣​នាក់​នោះ​ថា អាង​អំណាច អាងខ្នង​ធំ​រក​សុ​ី​បោកប្រាស់​ធ្វើ​ឲ្យ​ពួក​គាត់​រង​ទុក្ខវេទនា ទឹកភ្នែក​រាល់ថ្ងៃ ។

ប្រជាពលរដ្ឋ​បាន​និយាយ​បន្ត​ទៀត​ថា ក្រុមហ៊ុន​បុរី​ផ្ទះល្វែង​«​ធី សុ​ភ័ក្ត្រ​» របស់​ឈ្មោះ​ជា សុ​ភ័ក្ត្រ និង​ប្រពន្ធ​ឈ្មោះ​គង់ យ៉ាង​ធី នោះ​បាន​ទិញ​ផ្ទះ​ពី​ពួក​គាត់​ដែល​ជា​ម្ចាស់​ដើម​យក​ទៅ​ជួសជុល​លក់​បន្ត ហើយ​ម្ចាស់ផ្ទះ​ខ្លះ​ក៏​ទទួល​បានការ​ទូទាត់​ប្រាក់​ខ្លះ​ៗ​ប៉ុណ្ណោះ​មិន​គ្រប់​ចំនួន​ឡើយ និង​ខ្លះ​ទៀត​ក៏​អត់​សូ​ម្បី​១​រៀល ។ បន្ទាប់​មក​បុគ្គល​៣​នាក់​នោះ​បាន​ក្លែង​ឯកសារ ធ្វើ​ប្លង់​ផ្ទះ​ថ្មី​លក់​បន្ត​ទៅ​ឲ្យ​អ្នក​ទី​២ ទី​៣ ពី​មួយ​ទៅ​មួយ​ជា​បន្តបន្ទាប់​ទៀត​ជាន់​គ្នា ដែល​ក្នុងផ្ទះ​១​មាន​ប្លង់​២​ទៅ​៣ និង​មាន​ម្ចាស់​ដល់​ទៅ​២ ឬ​៣​នាក់ បើ​គិត​រហូត​មក​ដល់​សព្វថ្ងៃ​មាន​អ្នក​រង​គ្រោះ​ជិត​១០០​គ្រួសារ​ហើយ ។ ក្នុង​នោះ​អ្នកខ្លះ​បាន​បាត់បង់​ផ្ទះ​ទាំងស្រុង ឯ​អ្នកខ្លះ​ទៀត​ចំណាយ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​មក​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន ធី សុ​ភ័ក្ត្រ​នេះ ហើយ​មិន​ទទួល​បាន​ផ្ទះ​ទេ គឺ​រញ៉េរញ៉ៃ​បំផុត​ធ្វើ​ឲ្យ​ម្នាក់​ៗ​ជំពាក់​ប្រាក់​ធនាគារ​រាប់​ម៉ឺន​ដុល្លារ ហើយ​ត្រូវ​ធនាគារ​ទារ​ពីមុខ​ពីក្រោយ និង​ត្រូវ​រ៉ាប់រង​បង់ប្រាក់​ជំនួស​បុគ្គល​៣​នាក់​ខាងលើ អ្វី​ដែល​ហួសចិត្ត​ទៀត​នោះ បាន​ទទួល​រង​នូវ​បណ្ដឹង​បុគ្គល​អ្នកមាន​អំណាច​នោះ​ថែម​ទៀត​ផង ។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​និយាយ​រៀបរាប់​ថា លោក​ឧត្ដមសេនីយ៍ត្រី ជា សុ​ភ័ក្ត្រ​និង​ប្រពន្ធ​ឈ្មោះ​គង់ យ៉ាង​ធី ព្រមទាំង​ប្អូនប្រុស​ឈ្មោះ​គង់ អៀង​ពៅ បង្កើត​ក្រុមហ៊ុន​ផ្ទះល្វែង​«​ធី សុ​ភក្ត្រ » នេះ​រក​សុ​ី​បោកប្រាស់​ពួក​គាត់​ច្រើន​ឆ្នាំ​ហើយ និង​បាន​ផ្ទុះ​ខ្លាំង​ចាប់តាំងពី​ឆ្នាំ​២០២១​រហូត​មក ។ ចំណែក​សកម្មភាព​បោក​គ្មាន​មេត្តា​នេះ​មាន​ចំនួន​៣​វិធី​គឺ​ទី​១, បុគ្គល​ខាងលើ​បាន​ទិញ​ផ្ទះ​ពី​ពួក​គាត់​ដោយ​ទូទាត់​ប្រាក់​ជា​ដំណាក់កាល​ៗ តែ​ម្ចាស់ផ្ទះ​ខ្លះ​ក៏​បាន​លុយ​បន្តិចបន្តួច និង​អ្នកខ្លះ​ក៏​អត់​សោះ ។

ប្រសិនបើ​ម្ចាស់ផ្ទះ​ណាមួយ​ជំពាក់​ប្រាក់​ធនាគារ​ហើយ​ជាប់​ប្លង់​ផ្ទះ​នៅ​ធនាគារ​នោះ​ក្រុ​ហ៊ុន​ធី សុ​ភ័ក្ត្រ មាន​គោលការណ៍​បង់​ជំនួស និង​សន្យា​​ថា ពេល​ក្រុមហ៊ុន​លក់​ផ្ទះ​ដែល​ទិញ​ពី​ម្ចាស់​ដើម​នោះ​ដាច់ ក្រុមហ៊ុន​និង​បង់ប្រាក់​ផ្ដាច់​ឲ្យ​ធនាគារ​ជំនួស​ម្ចាស់ផ្ទះ​មិន​ឲ្យ​លំបាក​ទេ ឯ​ប្រាក់​នៅ​សល់​ប៉ុន្មាន​និង​ទួ​ទាត់​ទៅ​ឲ្យ​ម្ចាស់​វិញ ។ ប៉ុន្តែ​ក្រោយ​ពេល​លក់​ផ្ទះ​ដាច់​លោក​ជា សុ​ភ័ក្ត្រ និង​ប្រពន្ធ​ឈ្មោះ​គង យ៉ាង​ធី ព្រមទាំង​ឈ្មោះ​គង់ អៀង​ពៅ ដែល​ជា​ប្អូនប្រុសបាន​ក្ដោប​យក​ប្រាក់​ទាំងអស់ អត់​បង់​ផ្ដាច់​ធនាគារ​ឲ្យ​ហើយ អត់​ឲ្យ​លុយ​ម្ចាស់ផ្ទះ​ឡើយ រួច​បាន​ក្លែង​ឯកសារ​ធ្វើ​ប្លង់​ថ្មី​១ ឬ​២​ទៀត​លក់​បន្ត​ឲ្យ​អ្នក​ទី​២ និង​ទី​៣​បន្ត​ទៀត​(​ផ្ទះ​១​លក់​៣​ដង​) និង ដោយ​ផ្ទះ​១​មាន​ប្លង់​២​ឬ​៣ មាន​ម្ចាស់​២​ទៅ​៣​នាក់​ឯណោះ ដែល​បាន​ធ្វើ​ឲ្យ​រង​គ្រោះ​ទាំង​ម្ចាស់ផ្ទះ​ដើម​និង​អ្នកទិញ​បន្ត​ពី​ក្រុមហ៊ុន​មួយ​នេះ ។

ពួក​គាត់​បាន​និយាយ​ប្រាប់​ពី​វិធី​បោក​ទី​២​ទៀត​ថា ឈ្មោះ​ជា សុ​ភ័ក្ត្រ ឈ្មោះ​គង់ យ៉ាង​ធី និង​ឈ្មោះ​គង់ អៀង​ពៅ បាន​ល្បួង​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ស្គាល់​ទុកចិត្ត​គ្នា​ជា​ច្រើន​នាក់​ឲ្យ​ជួយ​ឈរឈ្មោះ​ដើម្បី​ខ្ចីប្រាក់​ពី​ធនាគារ​ជំនួស​ពួក​ខ្លួន ដោយ​ប្រាប់​ថា គ្រាន់តែ​ឲ្យ​ជួយ​ឈរឈ្មោះ​ប៉ុណ្ណោះ មិន​ឲ្យ​លំបាក​ទេ ។ ចំណែក​ទ្រព្យ​បញ្ចាំ​ធនាគារ​គឺ​យក​ប្លង់​ផ្ទះ​របស់​ក្រុមហ៊ុន​ទៅ​ដាក់​ទេ បន្ទាប់​ពី​បាន​ព្រមព្រៀង​គ្នា​ហើយ បុគ្គល​នោះ​បាន​យក​ក្រដាស់​ទទេរ​គ្មាន​អក្សរ​១​ច្បាប់​ទៅ​ឲ្យ​អ្នក​ជួយ​ឈរឈ្មោះ​ទាំងនោះ​ផ្ដិត​មេដៃ ហើយ​ប្រាប់​ថា កុំ​ភ័យ​ផ្ដិត​មេដៃ​រួច​ក្រុមហ៊ុន​សរសេរ​បញ្ចូល​ប្លង់​ផ្ទះ​របស់​ក្រុម​ហុ​ន​ទេ ។

ដោយសារ​តែ​ជឿ​ទុកចិត្ត​លើ​បុគ្គល​ខាងលើ​ខ្វះ​ការ​ពិចារណា ពួក​គាត់​ក៏​ព្រម​ផ្ដិត​មេដៃ​ឈរឈ្មោះ​ឲ្យ ហើយ​ក្រោយ​ពេល​ផ្ដិត​មេដៃ​រួច ស្រាប់តែ​បុគ្គល​ទាំងនោះ​បាន​សរសេរ​នៅ​ក្នុង​លិខិត​ខ្ចីប្រាក់​នោះ​តាម​ឈ្មោះ​ម្ចាស់​មេដៃ​នីមួយ​ទៅ​វិញ រួច​យក​ទៅ​ខ្ចីប្រាក់​បាន​រាប់​ម៉ឺន​ដុល្លារ ចំណែក​អ្នក​ជួយ​ឈរឈ្មោះ​ឲ្យ​នោះ​ជំពាក់​ធនាគារ​ម្នាក់​ៗ​រាប់​ម៉ឺន​ដុល្លារ ហើយ​ទាល់តែ​ធនាគារ​ខ​ល​ទារ​លុយ និង​ប្រាប់​ថា​ខាន​បង់លុយ​ច្រើន​ខែ​ហើយ ទើប​ម្នាក់​ៗ​បានដឹង​និង​ហួសចិត្ត​ភ្ញាក់ខ្លួន​គ្រប់​ៗ​គ្នា​ដឹងខ្លួន​ដូច​ខ្មោច​៧​ថ្ងៃ ។

អ្នក​ចាញ់បោក​ទាំងនោះ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ទឹកសម្បោរ​ប្រាប់ជាសាធារណៈទៀត​ថា វិធី​បោក​ទី​៣, ប្រសិនបើ​ឈ្មោះ​របស់​អ្នក​ដែល​ជួយ​ឈរឈ្មោះ​ជា​តំណាង​ឲ្យ​នោះ​ខ្ចីប្រាក់​ធនាគារ​អត់​បាន​ទេ​(​ធនាគារ​អត់​ឲ្យ​)​ព្រោះតែ​កំពុង​ជំពាក់​ប្រាក់​ធនាគារ​ដែរ ឬ ធនាគារ​ចុះ​សិក្សា​ឃើញ​ថា​មិន​អាច​ឲ្យ​ខ្ចី​បាន​ទេ​នោះ បុគ្គល​៣​នាក់​ខាងលើ​បាន​កោស​លុបឈ្មោះ​ក្នុង​អត្តសញ្ញាណប័ណ្ណ​របស់​អ្នក​ឈរឈ្មោះ​នោះ​រួច​កែ​ដាក់​ឈ្មោះ​អ្នក​ផ្សេង​ទាំង​សា​ម៉ី​ជន​មិន​បានដឹង​សោះ ។ បន្ទាប់​មក​យក​ទៅ​ខ្ចី​លុយ​ធនាគារ​បាន​រាប់​ម៉ឺន​ដុល្លារ ហើយ​អត់​បង់ប្រាក់​ឲ្យ​ធនាគារ​ទេ ក្រោយ​ពី​អត់​បង់​ច្រើន​ខែ ខាង​ធនាគារ​ក៏​ខ​លម​ក​ទារ​លុយ​ពី​អ្នក​ឈរឈ្មោះ ឬ អ្នក​ដែល​មានឈ្មោះ​ក្នុង​អត្តសញ្ញាណប័ណ្ណ​ទាំងអស់ ទើប​បែក​រឿង​ហើយ​បុគ្គល​ខាងលើ​មិន​ត្រឹមតែ​មិន​ព្រម​ដោះស្រាយ​ឲ្យ​ប៉ុណ្ណោះ​ទេ អាង​ខ្លួន​មាន​ខ្នង​ធំ​ធ្វើការ​ធំ​បាន​គំរាមកំហែង​ប្ដឹង​ជន​រង​គ្រោះ​ដាក់គុក​ច្រវាក់​ថែម​ទៀត ។

ពេល​ប្រមូលផ្ដុំ​គ្នា​នោះ​ប្រជាពលរដ្ឋ​ទាំងអស់​បាន​កាន់​រូបថត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​សម្ដេច​គតិ​ព្រិ​ទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ,​សម្ដេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​អភិ​សន្តិ​បណ្ឌិត​ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ , លោក​ទេស​រដ្ឋមន្ត្រី​ឱម យិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ,​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្ដមសេនីយ៍ឯក​ជួនណា​រិ​ន្ទ​អគ្គស្នងការ​រង និង​ជា​ស្នងការ នគរបាល​រាជធានី​ភ្នំពេញ ។ ដោយ​បាន​នាំ​គ្នា​យំ​ស្រែក​និង​ស្នើរ​សុំ​យ៉ាង​ទទូច​ដល់​ថ្នាក់ដឹកនាំ​កំពូល​ខាងលើ​មេត្តា​ជួយ​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​ផង ក្នុង​កាលៈទេសៈ​ដែល​កំពុង​រង​ទុក្ខវេទនា គ្មាន​ទីជម្រក​ដោយ​បាត់បង់​ផ្ទះ អស់​លុយកាក់ ជំពាក់​ធនាគារ​វ័ណ្ឌ ក និង​ប្រឈម​មុខ​ផ្លូវច្បាប់​ទៀត ព្រោះតែ​ស្នាដៃ​អ្នកមាន​អំណាច​១​គ្រួសារ​នេះ ។

សូម​បញ្ជាក់​ថា ព័ត៌មាន​ខាងលើ​នេះ​គឺជា​ការ​​អះអាង​របស់​ប្រជាពលរដ្ឋ​តែ​ម្ខាង​ប៉ុណ្ណោះ កោះសន្តិភាព​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​លោក​ឧត្ដមសេនីយ៍ត្រី​ជា សុ​ភ័ក្ត្រ និង​ប្រពន្ធ​ឈ្មោះ​គង់ យ៉ាង​ធី ព្រមទាំង​ឈ្មោះ​គង់ អៀង​ពៅ បាន​ឡើយ ។ ចំណែក​ប្រជាពលរដ្ឋ​ពិតជា​បាន​បង្ហាញ​នូវ​អារម្មណ៍​ឈឺចាប់​បំផុត រហូត​ដល់​ថ្នាក់​និយាយ​ថា បើ​ពួក​គាត់​ជាប់គុក​ដោយសារ​តែ​ការ​បោកប្រាស់​នេះ​ក៏​ជាប់​ទៅ​ចុះ ប៉ុន្តែ​ទោះជា​យ៉ាងណា​ពួក​គាត់​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​នានា​មួយ​ចំនួន​ទៀត​រួច​ហើយ​ដែរ ។

ដរាបណាមានការបំភ្លឺពីថៅកែក្រុមហ៊ុនទាំង៣នាក់ខាងលើ កោះសន្តិភាពនឹងផ្សាយជូនបន្តទៀត ដើម្បីយុត្តិធម៌ទាំងអស់គ្នា ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ