រាជធានីភ្នំពេញ ៖ យុវជនម្នាក់ បានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ក្នុងល្បឿនលឿន ជ្រែពេញផ្លូវ ចូលចំណែកផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿង ដែលបើកបរដោយយុវជនម្នាក់ទៀត ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់សងខាង ទាំង២នាក់ តែម្ដង ។
ឧប្បត្តិហេតុនោះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុង ត្រង់ចំណុចមុខវត្តជន្លង់ម្លូ ស្ថិតនៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
នគរបាលបានប្រាប់ឲ្យដឹងថា ជនរងគ្រោះទី១. ឈ្មោះ សាន់ ហេង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៍ខៀវលាយ ស ពាក់ស្លាកលេខភ្នំពេញ1LN-2005 ។ ទី២. ឈ្មោះ ហួរ ភេទប្រុស អាយុប្រហែល១៩ឆ្នាំ មានទីលំនៅភូមិសៀមរាប ឃុំកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខព្រៃវែង 1Z-7529 ។
នគរបាលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា នៅមុនពេលកើតហេតុភាគី ទាំង២ បានជិះម៉ូតូធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ដោយខាងភាគីម៉ូតូស៊ុយហ្ស៊ុយគីនិច បើកបរក្នុងល្បឿនលឿន និងក្នុងទិសដៅពីលិចទៅកើត ហើយបើកជ្រែគេឯងពេញផ្លូវ និងចូលចំណែកផ្លូវម្ខាងទៀត។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ដែលកំពុងបើកបរក្នុងទិសដៅពីកើតទៅលិចពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង ចំណែកម៉ូតូទាំង២គ្រឿង បានរងការខូចខាតយ៉ាងដំណំតែម្ដង ។
ក្រោយពេលកើតហេតុ រថយន្តមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង បានទៅដឹកយកជរងគ្រោះទាំង២នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ បន្ទាប់មកនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ និងនគរបាលខណ្ឌកំបូល បានចុះធ្វើការវាស់វែង និងនាំយកម៉ូតូទាំង២គ្រឿង ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូល រង់ចាំការដោះស្រាយនៅពេលក្រោយ ៕









ចែករំលែកព័តមាននេះ