រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ឃើញគេកំពុងឈរលក់ព្រីងឲ្យសិស្សសាលាភ្លេចខ្លួន បានធ្វើសកម្មភាពលួចម៉ូតូជិះរត់គេច តែស៊យម្ចាស់គេតាមទាន់ស្រែកចោរៗ ក៏ជនសង្ស័យភ័យផ្តួលម៉ូតូរត់ចូលព្រៃ ត្រូវសមត្ថកិច្ចក្របួចបានមកវិញ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ និង៤០នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ចំណុចមុខសាលាបឋមសិក្សាហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ិល ថាវរី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យមានឈ្មោះ រុន សុធន ហៅពៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដភូមិ ជីពាយ ឃុំព្រៃពាយ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿង ម៉ាកហុងដាដ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ផ្លាកលេខភ្នំពេញ1LA-4884 (ជារបស់ជនរងគ្រោះ) ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងឈរលក់ព្រីងនៅមុខសាលាបឋមសិក្សាហ៊ុន សែន ព្រៃទទឹង ហើយទុកម៉ូតូនៅក្បែរខ្លួន ខណៈពេលនោះ ជនរងគ្រោះរវល់លក់ព្រីងឲ្យសិស្សសាលាភ្លេចខ្លួន ជនសង្ស័យក៏បានធ្វើសកម្មភាពឡើងជិះបញ្ឆេះម៉ូតូរបស់ជនរងគ្រោះ ជិះមកទិសខាងលិច ហើយជនរងគ្រោះក៏បានស្រែកឲ្យបងប្អូនជួយចេញចាប់ ។
បន្ទាប់មក ក៏មានបងប្អូនជនរងគ្រោះ បានជិះម៉ូតូដេញតាមពីក្រោយ រួចក៏តាមទាន់នៅចំណុចភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ជនសង្ស័យក៏ផ្តួលម៉ូតូរត់ចូលក្នុងព្រៃបាត់ ។ ពេលទទួលបានព័ត៌មានខាងលើនេះ ភ្លាមៗកម្លាំងប៉ុស្តិ៍នគរបាលខ្ពប បានចុះដល់កន្លែងកើតហេតុបាន ធ្វើការរុករកជនសង្ស័យទៅដល់ក្នុងព្រៃ ក៏ប្រទះឃើញជនសង្ស័យកំពុងដើរធ្វើការឃាត់ខ្លួនដើម្បីយកធ្វើការសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ច នគរបាលជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យរួមជាវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ