និស្សិតស្រីត្រូវឃាតកវាយសម្លាប់ក្នុងបន្ទប់រហូតហើមស្អុយ


ខេត្ត​សៀម​រាប​ ៖ យុវ​និស្សិត​ស្រី​ម្នាក់​រៀន​ថ្នាក់​បរិញ្ញា​បត្រ​រង​ឆ្នាំ​ទី​១នៅ​​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​ស្លាប់​យ៉ាង​អាណោច​អាធ័ម​ក្នុង​ថ្លុក​ឈាម​​ដែល​កក​ខ្មៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន​តែ​ម្នាក់​ឯង​ជា​ច្រើន​ថ្ងៃ​រហូត​ទាល់​តែ​ហើម​ធុំក្លិន​ស្អុយ​ជះ​ចេញ​មក​ក្រៅ​ទើប​គេ​ដឹង​។

ការ​ប្រទះ​ឃើញ​​សាក​សព​នារី​និស្សិត​ដែល​ស្លាប់​ក្នុង​បន្ទប់​ស្នាក់​នៅ​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ក្រុម​ទី​១៧ ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀម​រាប​ កាល​ពី​វេលាម៉ោង​ប្រមាណ​៧ និង​៤០​នាទី​យប់​ ថ្ងៃ​ទី​៥ កក្កដា កន្លង​ទៅ​នេះ​។

តាម​ការ​ស្រាវ​ជ្រាវ​ពី​អត្ត​សញ្ញាណ​​របស់​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា សាក​សព​យុវ​នារី​និស្សិត​​រូប​​នេះ​ឈ្មោះ​ធិក គឹម​យ៉ែត អាយុ​២១​ឆ្នាំ ជា​និស្សិត​រៀន​ថ្នាក់​​បរិញ្ញា​បត្រ​រង​ឆ្នាំ​ទី​១​នៃ​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​​មាន​ស្រុក​កំណើត​នៅ​ភូមិ​ចុង​កាល់​ ឃុំ​ចុង​កាល់​ ក្រុង​សំរោង​ ខេត្ត​ឧត្តរ​មាន​ជ័យ​ និង​បាន​មក​ស្នាក់​នៅ​រៀនសូត្រ​​ និង​ជួយ​មើល​ផ្ទះ​ឱ្យ​ម្តាយ​មីង​របស់ខ្លួន​ដែល​រស់​នៅ​ស្រុក​កំណើត​ជាមួយ​គ្នា​ដែល​មាន​ដី​មាន​ផ្ទះទុក​ទំនេរ​​នៅ​ក្នុង​ក្រុង​សៀម​រាប​។

តាម​ប្រភព​ពី​​អ្នក​រស់​នៅ​ជិត​ខាង​ក្នុង​ភូមិ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​និយាយ​ឱ្យ​ដឹង​ថា មុន​ពេល​មាន​ការ​​​ភ្ញាក់​​ផ្អើល​​ពីការ​ប្រទះ​​​ឃើញ​​សាក​សព​​នៅក្នុង​បន្ទប់នេះ ​កាលពី​​៤​ថ្ងៃ​​មុន​នាវេលា​​ម៉ោង​ជាង​៨យប់​​​ ថ្ងៃសៅរ៍ ​ទី២ កក្កដា ​គេ​បានឮ​សូរ​សំឡេង​​​​ស្រែក​អូយល្វើយ​ៗ​មួយភ្លែត​​ដែរ ក៏​​​បាត់​ស្ងាត់​​ទៅ​វិញ​​ ហើយ​ក៏​​​គ្មាន​អ្នកណា​​ចាប់អារម្មណ៍​​​ឡើយ ។ ​​លុះ​រហូត​ដល់វេលាម៉ោង​​​ប្រមាណ​​​៧ ​និង​៤០នាទី​យប់​ថ្ងៃ​​ទី៥ កក្កដា ​​​ដោយ​សារ​​តែ​​​មានធុំ​ក្លិន​​​ស្អុយ​ជះ​ចេញ​មក​ក្រៅ​ដល់​អ្នក​ភូមិ​​ដែល​រស់​នៅ​ក្បែរ​​​ខាង​ ទើប​​​ភ្ញាក់​ផ្អើលនិង​ដឹង​ដល់សមត្ថកិច្ច​​នាំគ្នា​​ចុះ​ទៅ​​​ត្រួតពិនិត្យ​​មើលភ្លាមៗ​​ទាំង​យប់​​នៅ​នឹង​​ផ្ទះ​កើតហេតុ ។

យោងតាម​​​ការ​ធ្វើ​កោសល្យ​វិច័យ​​​​​របស់​សមត្ថ​កិច្ច​​​ឱ្យ​ដឹងថា ​សព​យុ​វ​នារី​និស្សិត​គឺស្លាប់​​ដោយ​សារ​តែ​​ឃាត​ក​​មិនស្គាល់​មុខ​​ប្រើ​ប្រាស់​​របស់​រឹង​​​វាយ​បែក​​​​ក្បាល​​នៅចំហៀង​មុខ​ខាង​ស្តាំ ។ ​ការ​វាយសម្លាប់​​ជនរងគ្រោះ​​​នៅក្នុង​​បន្ទប់​ផ្ទះ​ដែល​រស់នៅ​ និង​ស្នាក់នៅ​តែ​ម្នាក់​ឯង​​​ខាង​លើនេះ ​គឺជា​អំពើប្លន់​​យកម៉ូតូ​​ម៉ាក C125 ពណ៌ខ្មៅ ​មួយគ្រឿង ​​និងទូរស័ព្ទ​​​ដៃមួយគ្រឿង​​​។

ភ្លាម​ៗ​នោះ​សមត្ថកិច្ច​​​មិន​ទាន់​បាន​ផ្តល់ព័ត៌​មាន​លំអិត​​ឱ្យ​ដឹង​​នៅឡើយទេ ។ ប៉ុន្តែបើ​តាមការ​​ពិនិត្យ​​ស្ថាន​ភាព​សាកសព​​ដែលស្លាប់ក្នុង​បន្ទប់​​​ស្នាក់នៅ​តែម្នាក់​ឯងរបស់ខ្លួន​នោះ​ បើ​សិន​ជា​​មនុស្ស​ចម្លែក​​​ ឬ​មិន​ស្គាល់​គ្នា​ប្រហែល​ជា​មិន​អាច​ចូលសម្លាប់​​ប្លន់​​ក្នុងបន្ទប់​នោះបានទេ ​​​ហើយ​វា​​កាន់តែ​​ច្បាស់​​ថែម​ទៀត​នោះ ​គឺ​បើ​ចោរ​​​​មិន​ស្គាល់​ភូមិសាស្ត្រ​​​ ឬមិនច្បាស់​​​ថា នាងរស់​​​នៅ​ម្នាក់​ឯង​​ ​ក៏​ប្រហែល​​ជា​មិនប្រថុយ​​​ប្លន់​សម្លាប់​​មនុស្ស​​​បែបនេះ​ដែរ ។ ​​ទោះបី​​​ជាបែបណា ​នេះ​ជា​ការ​សន្និដ្ឋាន​​​ក្រៅ​ផ្លូវ​ការ​ប៉ុណ្ណោះ ​ខណៈ​ពេល​សមត្ថកិច្ច​​​កំពុងធ្វើ​​ការស្រាវជ្រាវ​​ ដើម្បី​បំបែក​សំណុំរឿងនេះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ