ខេត្តកំពង់ឆ្នាំង ៖ បុរសជាអ្នកបើកបររថយន្តម្នាក់បានឈប់រថយន្ត រួចចុះត្រួតពិនិត្យរថយន្ត ស្រាប់តែមានរថយន្តមួយគ្រឿងបានកៀរ និងបុក បណ្តាលឱ្យខ្ទាតធ្លាក់ចូលស្នាមភ្លោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅវេលាម៉ោង ២ និង ៤៥ នាទី យប់ថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២ លើកំណត់ផ្លូវជាតិលេខ ៥(ផ្លូវវាងក្រុង) ចន្លោះគីឡូម៉ែត្រលេខ ៨៤ និងលេខ ៨៥ ស្ថិតនៅក្នុងភូមិអូរកណ្ដោល ឃុំជ្រៃបាក់ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះឈ្មោះ ចែត្រ សុភារិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ ជនរងគ្រោះ បានបើករថយន្តមួយគ្រឿងម៉ាហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-6100 .
ប្រភពពីសមត្ថកិច្ចមូលដ្ឋាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានបើករថយន្តម៉ាហ៊ីយ៉ានដាយ ពណ៌ស ស ក្នុងទិសដៅពីត្បូង ទៅជើង លុះពេលមកដល់ចំណុចកើតហេតុក៏បានឈប់រថយន្ត អែបខាងយ៉ាងត្រឹមត្រូវ ដោយមិនពន្លត់ម៉ាស៊ីនរថយន្តនោះទេ ហើយក៏បានចុះត្រួតពិនិត្យរថយន្ត ស្រាប់តែរំពេចនោះ មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ធ្វើដំណើរស្របទិសគ្នា កៀររថយន្ត និងបុកទៅលើអ្នកបើករថយន្ត បណ្ដាលឱ្យខ្ទាតចេញធ្លាក់ចូលស្នាមភ្លោះ ស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុ ។
ក្រោយពេលកើតហេតុ រថយន្តបង្កបានបើកគេចចខ្លួនបាត់ ដោយបន្សល់ទុកតែបំណែកកញ្ចក់មើលក្រោយ រថយន្តនៅកន្លែងកើតហេតុ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យយកតាមប្រពៃណី៕

ចែករំលែកព័តមាននេះ