(ខេត្តកំពង់ចាម)៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងនគរបាល ចុះបង្ក្រាបបទល្មើសនេសាទចំនួន ៣ករណីផ្សេងគ្នា ក្នុងភូមិសាស្ត្រឃុំកៀនជ្រៃ ស្រុកកំពង់សៀម កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថានៅក្នុងប្រតិបត្តិការនោះ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម រួមជាមួយអាជ្ញាធរស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនជ្រៃ និងសហគមន៍នេសាទដំរីឆ្លង បានចុះរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងតែម្ដង។ ក្នុងនោះរួមមាន លូស្បៃមុងសរុបចំនួន ២៥មាត់, របាំងស្បៃមុងប្រវែង ៧៥០ម៉ែត្រ និងបង្គោលចម្រឹងជិត ៤០០ដើម ដែលត្រូវបានក្រុមជនខិលខូចដាក់ពង្រាយនៅចំណុចប្រឡាយកំពឹស ចំណុចកន្ទិល និងចំណុចចុងព្រែក ក្នុងឃុំកៀនជ្រៃ។
ក្រៅពីការកម្ទេចឧបករណ៍ល្មើសច្បាប់ កម្លាំងចម្រុះក៏បានជួយសង្គ្រោះ និងចាក់លែងត្រីចម្រុះដែលជាប់ក្នុងលូស្បៃមុងទាំងនោះ ត្រឡប់ទៅក្នុងធម្មជាតិវិញ សរុបមានទម្ងន់រហូតដល់ ៧៥គីឡូក្រាម៕
ចែករំលែកព័តមាននេះ