រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិបានឲ្យដឹងថា យោធាឈ្លានថៃបានបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យជនស៊ីវិលម្នាក់ស្លាប់ ។
ក្រសួងការពារជាតិបានបង្ហាញនូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ថា នៅម៉ោង៨: ៤១នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម ចូលភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន១នាក់ ។
ក្រសួងបានចាត់ទុក សកម្មភាពខាងលើ ជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ។
ក្រសួងក៏បានលើកឡើងថា កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត ៕
ចែករំលែកព័តមាននេះ