ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលជាមុខសញ្ញាជួញដូរ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន (ម៉ាទឹកកក) យ៉ាងសកម្ម ទិញថ្នាំញៀនម្តងៗ រាប់១លានរៀល យកមកលក់បន្ត ត្រូវសមត្ថកិច្ចបង្ក្រាបបានកាលពីវេលាម៉ោង១១និង៤០ នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ៖
០១-ឈ្មោះ រិន ផណ្ណា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ មិនពិត ប្រាកដ មានទីលំនៅភូ មិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈ២ឆ្នាំ ពីបទ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (វិជ្ជមាននូវសារធាតុញៀនក្នុងទឹកនោម) ។
និង០២-ឈ្មោះ ហេង ហៃ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក មានទីលំនៅភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (គេចខ្លួន) ។
ក្នុងនោះ សមត្ថកិច្ចធ្វើការដកហូត វត្ថុតាងដកហូត ៖ សារធាតុញៀនមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន០១កញ្ចប់ ទម្ងន់ ២១,៦៥ក្រាម, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន ០១ ឧបករណ៍សម្រាប់វិចខ្ចប់ និងប្រើប្រាស់មួយចំនួន ។
បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការបង្ក្រាបនេះ មានប្រជាពលរដ្ឋល្អ បានតេមករាយការណ៍ថាមានការប្រមូលផ្ដុំ ធ្វើសកម្មភាពចែកចាយថ្នាំញៀន ភ្លាមៗនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់ចំណុចកើតហេតុខាងលើក៏ បានជួបឈ្មោះ រិន ផណ្ណា និងឈ្មោះ ហេង ហៃ ដោយមានការសង្ស័យក៏បានឃាត់សួរនាំ ឈ្មោះ រិន ផណ្ណា និងឆែកឆេររកឃើញថ្នាំញៀន ចំនួន១កញ្ចប់ធំ ដែលឈ្មោះ រិន ផណ្ណា បានបោះចោលនៅជិតខ្លួននោះ ។
ចំណែក ឈ្មោះ ហេង ហៃ បានរត់គេចខ្លួន ដោយបានយកកាបូបស្ពាយរបស់ឈ្មោះ រិន ផណ្ណា ទៅជាមួយ ។ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនឈ្មោះ រិន ផណ្ណា និងវត្ថុតាង នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋាបាលស្វាយប្រទាល ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ រិន ផណ្ណា សារភាពថា៖ ថ្នាំញៀន ដែលសមត្ថកិច្ចរកឃើញនេះ ពិតជារបស់ខ្លួនពិតប្រាកដមែន ដោយបានទិញពីឈ្មោះ ចាន់ នី នៅភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្នុងតម្លៃ ១,០០០,០០០៛ (មួយលានរៀល) ដើម្បីលក់បន្ត ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យកម្លាំងសមត្ថកិច្ចស្រុកស្អាង ផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានសហការជាមួយកម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀន ក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ បានបន្តតាមរកជនសង្ស័យឈ្មោះ ចាន់ នី ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួន មុនពេលសមត្ថកិច្ចទៅដល់ផ្ទះជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ចែករំលែកព័តមាននេះ