បំពាក់ឋានន្តរស័ក្តិបច្ឆាមរណៈកិត្តិយស និងគោរពវិញ្ញាណក្ខន្ធ ស.ពលោក ព្រិន្ទបាលឯក សួន រ៉ោន
- ព្រះវិហារ
ខេត្តព្រះវិហារ ៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានប្រកាសមុននេះថា ៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី ពុធ…
ខេត្តព្រះវិហារ ៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានប្រកាសមុននេះថា ៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី ពុធ…
ខេត្តព្រះវិហារ ៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានប្រកាសមុននេះថា ៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី ពុធ ម៉ោល នាយសេនាធិការរង កងពលធំអន្តរាគមន៍លេខ៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគម៍លេខ៣ បានអញ្ជើញជាអធិបតី បំពាក់ឋានន្តរស័ក្តិបច្ឆាមរណៈកិត្តិយស ក្នុងឋានៈជា អនុសេនីយ៍ឯក ជូនវីរយុទ្ធជន សួន រ៉ោន យុទ្ធជនក្រុម១ វរសេនាតូចអន្តរាគមន៍លេខ៣៩៥ កងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដែលត្រូវបានពលីជីវិត នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងជន្មាយុ៤៧ឆ្នាំ ក្នុងឧបទ្ទវហេតុប៉ះទង្គិចគ្នានៅតំបន់មុំបីព្រំដែនកម្ពុជា-ថៃ ក្នុងពេលបំពេញភារកិច្ចការពារជាតិមាតុភូមិ ។
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបន្តថា ការពលីជីវិតរបស់លោកអនុសេនីយ៍ឯក សួន រ៉ោន វីរយុទ្ធមិត្តរួមអង្គភាពរួមអាវុធ មិនត្រឹមតែជាការបាត់បង់នូវកូនជាទី ស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយកតញ្ញុតាធម៌របស់លោក លោកស្រី និងក្រុមគ្រួសារប៉ុណ្ណោះទេ តែនេះគឺជាការបាត់បង់នូវកុលបុត្រ វីរយុទ្ធជនដ៏ឆ្នើមមួយរូបដែលជានិច្ចកាល តែងតែលះបង់ប្តូរផ្តាច់ មានឆន្ទៈមនសិការមោះមុត អង់អាចក្លាហាន ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ លះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ និងបម្រើប្រជាជាតិមាតុភូមិនៃយើង ។
ទោះបីរូបកាយរបស់លោក អនុសេនីយ៍ឯក សួន រ៉ោន បានបាត់បង់ទៅក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរភាពតស៊ូ ការលះបង់ អំណត់អត់ធន់ និងស្នាដៃរបស់លោកស្ថិតនៅក្នុងដួងចិត្ត ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យុទ្ធមិត្តរួមអាជីព ព្រមទាំងប្រជាពលរដ្ឋទាំងអស់ជានិច្ចនិរន្តរ៍ ។
ស្ថិតក្នុងកាលៈទេសៈមរណទុក្ខដ៏ក្រៀមក្រំនេះ តំណាងឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយ-ទាហានរង និងពលទាហានទូទាំងកងពលធំអន្តរាគមន៍លេខ៣ និងកងពលធំអន្តរាគមន៍ចំណុះទាំង៣នៃកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ សូមសម្តែងនូវសមានចិត្តដ៏ក្តុកក្តួលចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ដ៏ធំធេងនេះ ជាមួយក្រុមគ្រួសារនៃស.ពទាំងមូល ដោយសេចក្តីសង្វេគជាទីបំផុត ។
មួយចំណែកទៀត សូមចូលរួមសាកសួរសុខទុក្ខដល់យោធិន១រូប ដែលរងរបួសស្រាល កំពុងសម្រាកព្យាល ក្នុងមន្ទីពេទ្យសម្តេចតេជោ ហ៊ុនសែន ស្រអែម និងកងម្លាំងមួយចំនួនទៀតដែលរួចផុតជីវិតក្នុងឧបទ្ទវហេតុប៉ះទង្គិចគ្នានៅតំបន់មុំបីព្រំដែនកម្ពុជា-ថៃ ក្នុងពេលបំពេញភារកិច្ចការពារជាតិមាតុភូមិ ដែលសុទ្ធតែវីរយុទ្ធជន ហ៊ានលះបង់ប្តូរផ្តាច់ មានឆន្ទៈមនសិការមោះមុត អង់អាចក្លាហានបូជាសាច់ស្រស់ ឈាមស្រស់លះបង់អាយុជីវិតដើម្បីបុព្វហេតុជាតិ និងបម្រើប្រជាជាតិមាតុភូមិនៃយើង។
នៅក្នុងពិធីនេះដែរ ឧត្តមសេនីយ៍ត្រី ពុធ ម៉ោល នាយសេនាធិការរង កងពលធំអន្តរាគមន៍លេខ៣ ក៏បាននាំយកថវិកាវិភាគទានយោធិនមរណៈចំនួន១០លានរៀល ប្រគល់ជូនដល់គ្រួសារនៃស.ព ដើម្បីចូលរួមក្នុងពិធីបុណ្យស.ពនេះ សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធស.ពលោក អនុសេនីយ៍ឯក សួន រ៉ោន បានទៅចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ ៕
ចែករំលែកព័តមាននេះ