ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាធ្លាប់ជា.ប់គុក២ឆ្នាំ តែមិនរាងចាលលើកនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនសារជាថ្មី ក្រោយធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះជាប្រជាការពារដែលជាប់រវល់ទៅមើលកន្លែងផ្ញើម៉ូតូ នៅផ្ទះបុណ្យចម្ងាយប្រហែល១០០ម៉ែត្រ កាន់តែស៊យទៀតនោះលួចបានហើយលក់អត់ចេញទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ដកហូតម៉ូតូប្រគល់ឲ្យម្ចាស់គេវិញ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្នុងបរិវេណដីឡូតិ៍ ភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
សមត្ថកិច្ចនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សុគន្ធ វាសនា ហៅ(ស្នា) ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
វត្ថុតាងចាប់យកបានម៉ូតូ ម៉ាកសង់ C125 ផលិតឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល 1R-7316 របស់ជនរងគ្រោះឈ្មោះ ឆេង វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិឈើទាល ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។

លោកបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីសាលាឃុំព្រៃពួចឆ្ពោះទៅភូមិចម្ការគួក ដើម្បីយាមម៉ូតូក្នុងកម្មវិធីបុណ្យខួប១០០ថ្ងៃ នៅពេលទៅដល់ជនរងគ្រោះបានទុកម៉ូតូ នៅផ្ទះកើតហេតុ ដែលជាប្រជាការពារដូចគ្នា ហើយក៏ចេញទៅមើលកន្លែងផ្ញើម៉ូតូ នៅផ្ទះបុណ្យមានចម្ងាយប្រហែល១០០ម៉ែត្រ បានរយៈពេលប្រហែល២០នាទី ដោយនៅផ្ទះបុណ្យមិនទាន់មានភៀវចូលរួម ទើបជនរងគ្រោះបានចេញទៅសម្រាកនៅផ្ទះកើតហេតុវិញ ពេលទៅដល់ស្រាប់តែមិនឃើញម៉ូតូឡើយទើបបង្កការឆោឡោទ្បើងតែម្តង ទើបប្រញាប់ប្រញាល់មកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលព្រៃពួច ដើម្បីឲ្យស្វែងរក ។

លុះព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១១ថ្ងៃត្រង់សមត្ថកិច្ចបានធ្វើការល្បាត ក្នុងភូមិសាស្ត្រក៏ប្រទះជនសង្ស័យម្នាក់កំពុងតែអង្គុយក្នុងរោង ដោយមានការសង្ស័យបានហៅសួរនាំ ស្រាប់តែជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន«ពិតបានលួចយកម៉ូតូរបស់ជនរងគ្រោះពិតមែន» ចំណែកឯម៉ូតូខ្លួនបានយកទៅលក់ តែគ្មានអ្នកទិញឡើយទើបយកទៅទុកនៅកន្លែងលាងសម្អាត ហើយក៏ឲ្យអ្នកស្គាល់គ្នាជូនមកផ្ទះ ។

សូមបញ្ជាក់ផងដែរ ជនសង្ស័យខាងលើក៏ធ្លាប់ជាប់ពន្ធនាគារខេត្ដកណ្ដាលចំនួនមួយលើក ៖ ជាប់ពាក់ព័ន្ធអំពើលួចរយៈពេល២ឆ្នាំ ។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញនគរបាលស្រុកអង្គស្នួលកំពុងកសាងសំណុំរឿងទៅកាន់តុលាការចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ