រាជធានីភ្នំពេញ ៖ ជាប្រវត្តិសាស្ត្រមួយដែលសភានៃព្រះរាជាណាចក្រកម្ពុជា សម្រេចរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅដើមខែមិថុនាខាងមុខនេះ ដោយលើកយកប្រធានបទ៣សំខាន់មកពិភាក្សា និងអនុម័ត ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាជាលើកទី២ នៅវិមានព្រឹទ្ធសភា ។

ក្នុងកិច្ចប្រជុំនេះ មានវត្តមានចូលរួមពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធានគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ជាសមាជិកគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាផងដែរ ។

ឯកឧត្តមគតិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ជាសមាជិកគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា អវត្តមានដោយសារជាប់បំពេញបេសកកម្ម នៅក្រៅប្រទេស ។
កិច្ចប្រជុំគណៈកម្មការសមាជរដ្ឋសភា និងព្រឹទ្ធសភា បានដំណើរតាមរបៀបវារៈ ដោយបានអនុម័តកោះប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ តមតាមសំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាកម្ពុជាដោយមានរបៀបវារៈចំនួនបី។

របៀបវារៈទាំងបី ដែលសមាជរដ្ឋសភា និងព្រឹទ្ធសភានឹងលើកយកមកពិភាក្សា និងអនុម័តមាន៖
១-ការពិភាក្សានិងអនុម័ត ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម ។
២-ការពិភាក្សានិងអនុម័ត ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។
៣-ការពិភាក្សានិងអនុម័ត ប្រធានបទអំពីវិស័យកសិកម្ម ។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សមាជរដ្ឋសភានិងព្រឹទ្ធសភានាឱកាសនេះ ក៏បានអនុម័តនៃសមាសភាពលេខាធិការអង្គប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ចំនួន៤រូប មាន ឯកឧត្តម ឃុត ចាន់ដារ៉ា ឯកឧត្តម សេង ញ៉ក់ ឯកឧត្តម ម៉ាន់ ឈឿន និងឯកឧត្តម ឈើយ ចាន់ណា ៕

ចែករំលែកព័តមាននេះ