រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានជួបសន្ទនាជាមួយលោក Anthony Albenese នាយករដ្ឋមន្ត្រីអូស្ត្រាលី តាមទូរសព្ទ ដើម្បីអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party) ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ។
បើតាមសម្តេចធិបតី លទ្ធផល នៃការបោះឆ្នោតរបស់អូស្ត្រាលីនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋអូស្ត្រាលី មានជំនឿជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់លោក Anthony Albeneses និងបន្តគាំទ្រលោកធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំរដ្ឋាភិបាល កសាងសមិទ្ធផលបន្ថែមទៀត ជូនប្រជាពលរដ្ឋអូស្ត្រាលី ។
សម្តេចបវរធិបតី មានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោក ប្រទេសកម្ពុជា-អូស្ត្រាលី នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជនកម្ពុជា-អូស្ត្រាលី ៕
ចែករំលែកព័តមាននេះ