ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាត់​ទុក​ការ​សម្តែង​ចាប៉ី​នៅ​ផ្លូវ Walk Street គឺ​ចូលរួមផ្សាយ និង​ផ្តល់​ឱកាស​ដល់​សិល្បករ​ជំនាន់​

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុម​សហគមន៍​ចាប៉ី​អមតៈ លោក ពេជ្រ សា​រ៉ាត បាន​គូសបញ្ជាក់​ថា ការ​សម្តែង​ទ​ង្រ​ង់​សិល្បៈ​ចាប៉ី​ដង​វែង​នៅ​លើ​ផ្លូវ Walk Street…

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុម​សហគមន៍​ចាប៉ី​អមតៈ លោក ពេជ្រ សា​រ៉ាត បាន​គូសបញ្ជាក់​ថា ការ​សម្តែង​ទ​ង្រ​ង់​សិល្បៈ​ចាប៉ី​ដង​វែង​នៅ​លើ​ផ្លូវ Walk Street រាជធានី​ភ្នំពេញ គឺជា​ការ​ចូលរួម​ផ្សព្វ ផ្សាយ ​នូវ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​ដ៏​ចំណាស់​មួយ​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ ជា​ពិសេស​នោះ ក៏​ជា​ការ​ផ្តល់​ឱកាស​សម្រាប់​សិល្បករ​ជំនាន់​ក្រោយ​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​ផង​ដែរ ។

ថ្លែងប្រាប់​កោះសន្តិភាព លោក ពេជ្រ សា​រ៉ាត បាន​អះអាង​ថា សម្រាប់​ការ​សម្តែង​ចាប៉ី​របស់​ក្រុម​លោក​នៅ​ផ្លូវ​ថ្មើរជើង លោក​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មានការ​ចាប់អារម្មណ៍​ខ្លាំង ហើយ​តាម​រយៈផ្លូវ​ថ្មើ​ជើង​នេះ​ដែរ ក៏​ជា​កម្លាំង​ច​លករ​មួយ​នៅ​ក្នុង​ការ​ចូលរួម​ផ្សព្វផ្សាយ​ពី​ចាប៉ី​ដង​វែង​ទៅ​កាន់​ភ្ញៀវ​ជាតិ អន្តរជាតិ​បានឃើញ និង​បាន​យល់​កាន់តែ​ច្បាស់ ។

លោក​ថា យើង​បាន​ពន្យល់ និង​ប្រាប់​ពួក​គាត់​ថា ចាប៉ី​ដង​វែង​នេះ បាន​ចូល​ជា​បេតិកភណ្ឌ​របស់​ពិភពលោក​តាំងពី​ឆ្នាំ​២០១៦ ដែល រហូត​មក​ទល់​នា​ពេល​នេះ មាន​រយៈពេល​ប្រមាណ​៩​ឆ្នាំ​ហើយ ពេល​នោះ ពួក​គាត់​សប្បាយចិត្ត និង​បាន​សុំ​ថតរូប​ជាមួយ​យើង​នោះ​គឺ​ពិសេស​មែនទែន ដែល​ជា​សេចក្តី​រំភើប​ក្នុង​នាម​ជា​សិល្បៈករ និង​ជា​ប្រធាន​ក្រុម​នៃ​ចាប៉ី​ដង​វែង ។

លោក​ថា ដំបូង​ពេល​ខ្ញុំ​ចុះ​ទៅ​សម្តែង គឺ​ខ្ញុំ​មាន​អារម្មណ៍​ថា អៀនខ្មាស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ពេល​មាន​ប្រជាពលរដ្ឋ​សួរនាំ​ច្រើន​ទៅ​មួយ​ម៉ៅ​ង ឬ​ពីរ​ម៉ោង​ក្រោយមក យើង​លែង​អៀន ហើយ​ក៏​ក្លាយទៅជា​ការ​បណ្តុះ​ស្មារតី​ស្រឡាញ់ ស្នេហា​វប្បធម៌​រួបរួម និង​លើក​ស្ទួយ ។ ប្រជាពលរដ្ឋ​លោក​បាន​មក​សុំ​ថតរូប ហើយ​អ្នកខ្លះ​ក៏​បាន​ផ្តល់​ជា​បច្ច័យ ដើម្បី​រួមចំណែក​លើក​ស្ទួយ​សិល្បៈ​ចាប៉ី ដែល​សកម្មភាព​មួយ​នេះ ស្តែង​ឲ្យ​ឃើញ​ពី​ការ​ចូល​ចិត្ត និង​ស្រឡាញ់​លើ​សិល្បៈ​ចាប៉ី​ដង​វែង ។

លោក​បញ្ជាក់​ថា ពេល​ខ្លះ ពួក​គាត់​មិនដឹង​ថា ទៅ​មើល និង​ស្តាប់ ស្វែង​យល់​ពី​ចាប៉ី​ដង​វែង​នៅឯណា តែ​ដល់​ពេល​យើង​ដាក់​ការ​សម្តែង​ជា​សាធារណៈ និង​តាំង​បង្ហាញ​ចាប៉ី​នៅ​តាម​ផ្លូវ​ថ្មើ​ជើង​នា​ពេល​នេះ គឺ​ធ្វើ​ឲ្យ​មាន​ភាព​ត្រចះត្រចង់​នេះ​កើតឡើង និង​ងាយស្រួល​សម្រាប់​ពួក​គាត់ ។

លោក​បន្ថែម​ថា អ្វី​ដែល​លោក​កាន់តែ​រំភើប​ថែម​ទៀត​នោះ គឺ​លោក​បាន​មើលឃើញ​កុមារ​ក៏​មានការ​ចាប់អារម្មណ៍ ដោយ​ពួក​គេ​បាន​កាន់ និង​ថតរូប​ជាមួយ​ចាប៉ី​ដង​វែង ដែល​នេះ​ជា​ស្មារតី​យ៉ាង​ត្រចះត្រចង់ និង​ល្អ​ប្រសើរ​យ៉ាង​ខ្លាំង ។

លោក ពេជ្រ សា​រ៉ាត បាន​អះអាង​បន្ថែម​ថា សម្រាប់​ការ​សម្តែង​នៅ​ផ្លូវ​ថ្មើ​ជើង​នេះ​ដែរ វា​ក៏​ជា​ឱកាស​សម្រាប់​ប្អូន​ៗ​សិល្បៈ​ជំនាន់​ក្រោយ ដែល​មាន​បំណង​ចង់​បញ្ចេញ​ទឹកដៃ​នោះ​គឺ​អាច​មក​ចូលរួម​ជាមួយ​លោក​ផ្ទាល់ ខណៈ​ពេល​ដែល​ការ​ជួបជុំ​នេះ​ក៏​ជា​ការ​កសាង​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​ផង​ដែរ ។

យ៉ាងណា បើ​តាម​លោក ពេជ្រ សា​រ៉ាត លោក​បាន​សម្តែង​ការ​អរគុណ​ទៅ​ដល់​សាលា​រាជធានី​ភ្នំពេញ និង​មន្ទីរ​វប្បធម៌​រាជធានី​ភ្នំពេញ​ដែល​បាន​រៀបចំ និង​ផ្តល់​ឱកាស​ឲ្យ​ក្រុម​របស់​លោក​ចូលរួម​សម្តែង​នៅ​តាម​ផ្លូវ​ថ្មើរជើង​ដែល​កំពុង​ក្លាយ​ជាទី​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នា​ពេល​បច្ចុប្បន្ន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ