ទីក្រុងវ៉ាស៊ីនតោន៖ អាមេរិកបដិសេធពាក្យចចាមអារ៉ាមថាខ្លួននឹងលុបចោល ឬបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ីនៅក្នុងពេលឆាប់ៗនេះ។ ប្រមុខការទូតអាមេរិក លោករូប៊ីយ៉ូ បញ្ជាក់ថាទណ្ឌកម្មនេះមិនមែនលុបចោលឆាប់ៗនេះទេ។ យ៉ាងហោចណាស់ក៏បន្តដាក់រយៈពេល២ឆ្នាំទៅមុខទៀតដែរ។ ដូច្នេះ មានន័យថាទោះបីរុស្ស៊ីយល់ព្រមទទួលយកកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែនក៏ដោយ ក៏អាមេរិកមិនទាន់ច្បាស់ថាត្រូវលុបចោលទណ្ឌកម្មនោះភ្លាមៗដែរ។
ម៉្យាងទៀត ប្រមុខការទូតរូបនេះព្រមានថាអាមេរិកអាចនឹងត្រូវបង្ខំចិត្តដើរចេញពីការចរចាគ្នាបើសិនភាគីទាំង២ពិបាកនិយាយគ្នាខ្លាំងពេក។ ថ្លែងនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍អឹនប៊ីស៊ី (NBC) លោករូប៊ីយ៉ូអះអាងថាដំណើរការចរចាគ្នារវាងរុស្ស៊ី និងអ៊ុយក្រែនហាក់ដូចជាមានលក្ខណៈស្មុគស្មាញខ្លាំង។ លោកថ្លែងដូច្នេះបន្ទាប់ពីលោកត្រាំទើបតែនិយាយហើយថ្មីៗនេះថាលោកពូទីនប្រហែលជាមិនទាន់ត្រៀមខ្លួនដើម្បីទទួលយកកិច្ចព្រមព្រៀងសន្តិភាពនៅឡើយទេ។
កាលពីថ្ងៃសៅរ៍ ត្រាំដាក់ជាសំណួរថាតើពូទីនចង់បានសន្តិភាពដែរឬទេ។ គាត់ថ្លែងដូច្នេះបន្ទាប់ពីជួបហ្សេឡិនស្គីនៅអ៊ីតាលី។ ត្រាំថែមទាំងចោទជាសំណួរថាតើអាមេរិកគួរដាក់ទណ្ឌកម្មរុស្ស៊ីថមទៀតទេ។ ក្រោយមក ត្រាំបង្ហោះសារនៅលើបណ្ដាញសង្គមថានៅពេលរុស្ស៊ីបន្តវាយប្រហារអ៊ុយក្រែនដូច្នេះធ្វើឱ្យគាត់គិតថារុស្ស៊ីប្រហែលជាមិនចង់បញ្ចប់សង្គ្រាមទេមើលទៅ។
ត្រាំថាពូទីនធ្វើឱ្យគាត់ចំណាយពេលយូរពេកហើយ ហើយអាមេរិកត្រូវតែប្រើយុទ្ធសាស្ត្រផ្សេងទើបបាន។ យុទ្ធសាស្ត្រនោះ អាចជាការដាក់សម្ពាធផ្នែកធនាគារ ឬទណ្ឌកម្មត្រួត។ ត្រាំថាមនុស្សស្លាប់ច្រើនពេកហើយដោយសារសង្គ្រាម។ នៅក្នុងបទសម្ភាសជាមួយអឹនប៊ីស៊ី (NBC) លោករូប៊ីយ៉ូចោទជាសំណួរថាបើដាក់ទណ្ឌកម្មរុស្ស៊ីថែមទៀតតើមានប្រសិទ្ធភាពដែរឬទេ។
លោកថ្លែងដូច្នេះតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលថាតើហេតុអ្វីបានជាត្រាំមិនព្រមដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី (ចាប់តាំងពីគាត់ឡើងកាន់អំណាច)។ យោងតាមលោករូប៊ីយ៉ូ, រដ្ឋាភិបាលអាមេរិកកំពុងរង់ចាំមើលថាតើនយោបាយការទូតរបស់ខ្លួនដែលកំពុងធ្វើសព្វថ្ងៃនេះអាចនាំយករុស្ស៊ី និងអ៊ុយក្រែនមកអង្គុយទល់មុខគ្នាបានដែរឬទេ។
រូប៊ីយ៉ូថានៅលើលោកនេះ គ្មានប្រទេសណា ឬស្ថាប័នណាអាចបញ្ចុះបញ្ចូលឱ្យប្រទេសទាំង២ (រុស្ស៊ី និងអ៊ុយក្រែន) អង្គុយទល់មុខគ្នាបានឡើយ។ គ្មាននរណា (ក្រៅពីអាមេរិក) អាចនិយាយជាមួយពួកគេបានឡើយ គឺមានតែយើងប៉ុណ្ណោះ។ ម៉្យាងទៀត នៅលើលោកនេះគ្មាននរណាអាចធ្វើឱ្យព្រឹត្តិការណ៍ចរចាគ្នាកើតឡើងបានឡើយ។ គឺមានតែលោកត្រាំម្នាក់ប៉ុណ្ណោះ។
រូប៊ីយ៉ូសង្កត់ធ្ងន់ថារដ្ឋាភិបាលរបស់គាតមិនចង់ដើរចេញពីបញ្ហានេះដើម្បីយករួចខ្លួនទេព្រោះមានតែផ្លូវនេះ១គត់ដែលអាចនាំទៅរកសន្តិភាព។ ប៉ុន្តែរដ្ឋាភិបាលរបស់គាត់ក៏មិនអាចចំណាយពេលវេលាយូរអង្វែងជាបន្តទៀតនៅរ៉ាំរ៉ៃនឹងបញ្ហាដែលគ្មានដំណោះស្រាយ និងគ្មានទីបញ្ចប់ដូច្នេះដែរ។ ជាពិសេស បើសិនមើលក្រឡាថាគ្មានលទ្ធផលអ្វីទេ តើនៅបន្តធ្វើអ្វីទៀត។
លោកថាមានហេតុផលដែលអាមេរិកមានសុទិដ្ឋិនិយម ហើយក៏មានហេតុផលដែលអាមេរិកព្រួយបារម្ភផងដែរ។ គាត់ចង់សំដៅទៅលើលទ្ធភាពនៃការចរចាគ្នាដើម្បីឱ្យមានកិច្ចព្រមព្រៀងសន្តិភាព។ និយាយចុះនិយាយឡើងទៅគឺបញ្ហានេះមានភាពស្មុគស្មាញខ្លាំង។ ដូច្នេះសរុបសេចក្ដីមក លោករូប៊ីយ៉ូនៅតែគិតថាអាមេរិកនឹងដកខ្លួនថយឱ្យឆ្ងាយនៅថ្ងៃណាមួយជាមិនខានបើសិនការចរចាគ្មានការរីកចម្រើនទៅមុខ។ នេះបើយោងតាមប្រភពពីទស្សនាវដ្ដីញូស្វីក និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ