ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួនបានភ្លាមៗ តាមបណ្តឹងម្តាយរបស់នារីរងគ្រោះ ខណៈដែលបុរសវ័យចំណាស់រូបនោះផឹកស្រាស្រវឹង ហើយចូលទៅក្នុងផ្ទះនារីរងគ្រោះប៉ុនប៉ងរំលោ.ភសេពសន្ថវៈ ហើយម្តាយនារីរងគ្រោះចូលទៅទាន់ស្រែក ។

ហេតុការណ៍ឃាត់ខ្លួនបុរសវ័យចំណាស់ ប៉ុនប៉ងរំលោ.ភនារីខាងលើបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅចំណុចក្នុងផ្ទះនារីរងគ្រោះ ស្ថិតនៅក្នុងភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តំពង់ស្ពឺ ។
នគរបាលស្រុកឱរ៉ាល់បាននិយាយឱ្យដឹងថា បុរសវ័យចំណាស់ដែលឃាត់បានមានឈ្មោះ ខៀវ ភា ហៅ(ឆក) អាយុ៥២ឆ្នាំ រស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ចំណែកនារីរងគ្រោះមានឈ្មោះ ស ស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិ-ឃុំ ជាមួយជនសង្ស័យខាងលើដែរ ។
នគរបាលស្រុកឱរ៉ាល់ បានបន្តទៀតថា នៅមុនពេលកើតហេតុបុរសវ័យចំណាស់ខាងលើបានផឹកស្រាស្រវឹង ហើយបានដើរចូលទៅក្នុងផ្ទះប៉ុនប៉ង់ចា.ប់រំលោ.ភសេពសន្ថវៈនារីរងគ្រោះ អាយុ២៨ឆាំ រស់នៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ(ជនរងគ្រោះមានសតិមិនគ្រប់) ប៉ុន្តែមិនបានសម្រេច ដោយសារតែម្ដាយនារីរងគ្រោះឃើញទាន់ ស្រែកផ្អើលឆោរឡោ និងបានដាក់ពាក្យបណ្តឹងឱ្យនគរបាលឃាត់ខ្លួន ។

នគរបាលស្រុកដដែលបានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងពីឈ្មោះម៉ី អន អាយុ៦១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ដែលត្រូវជាម្ដាយនារីរងគ្រោះ រួចមកកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរស្មីសាមគ្គី បានចុះទៅដល់កន្លែងកើតហេតុ ស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ខៀវ ភា ហៅ(ឆក) អាយុ៥២ឆ្នាំ យកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីធ្វើការសាកសួរ ។
តាមចម្លើយសារភាពរបស់ឈ្មោះ ខៀវ ភា ហៅ(ឆក) រស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលទៅដេកលើគ្រែក្នុងផ្ទះរបស់នារីរងគ្រោះពិតមែន កំពុងដេកស្រាប់តែម្ដាយជនរងគ្រោះមកទាន់ ហើយប្ដឹងទៅសមត្ថកិច្ចតែម្ដង ។
បច្ចុប្បន្ន បុរសចំណាស់ជាជនសង្ស័យខាងលើត្រូវបាននគរបាលឃាត់ខ្លួនទុកនៅអធិការដ្ឋានស្រុកឱរ៉ាល់ បណ្នោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ