រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ពីការពង្រឹងយន្តការត្រួតពិនិត្យការប្រើប្រាស់វត្ថុធាតុដើមនិងតម្លៃបន្ថែមក្នុងស្រុក ដើម្បីធានាបាននូវតម្លាភាព និង អនុលោមភាពសម្រាប់ការនាំទំនិញទៅកាន់ទីផ្សាសហរដ្ឋអាមេរិក។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៣មេសា បានជម្រាបជូន ផលិតករ និងអ្នកនាំចេញទាំងអស់ ដែលបាននិងកំពុងនាំចេញ ទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក មេត្តាជ្រាបថា៖ កម្ពុជាបានអនុវត្តយ៉ាងគត់មត់នូវវិធានពាណិជ្ជកម្មអន្តរជាតិ កាតព្វកិច្ចនិងការសន្យាពេលចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះកម្ពុជាបានរៀបចំនិង ប្រកាសឱ្យប្រើច្បាប់ស្តីពីវិធានដើមកំណើតទំនិញ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ក្នុងគោលបំណងជំរុញ និង សម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ព្រមទាំងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។
ក្រសួងថាក្នុងគោលបំណងរក្សាបាននូវផលប្រយោជន៍ជូនផលិតករ និងអ្នកនាំចេញនៅកម្ពុជា ក្រសួងពាណិជ្ជកម្ម និង ក្រសួង ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដោយនឹងពង្រឹងយន្តការត្រួតពិនិត្យការប្រើប្រាស់វត្ថុធាតុដើមនិងតម្លៃបន្ថែមក្នុងស្រុក ដើម្បីធានាបាននូវតម្លាភាព និង អនុលោមភាពតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងវិធានដើមកំណើតទំនិញរបស់សហរដ្ឋអាម៉េរិក ដែលនីតិវិធីពិសេសបន្ថែមនេះ នឹងត្រូវបានជម្រាបជូនតាមក្រោយទៀតក្នុងពេលដ៏ឆាប់ខាងមុខ។
អាស្រ័យហេតុនេះ សូមផលិតករ និងអ្នកនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យបានគត់មត់៕


ចែករំលែកព័តមាននេះ