ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ចោរលួចស្វាយចន្ទីទុកម្តុំ កុំឱ្យខូច​ឈ្មោះស្រុក

1 នាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដោយ​មានការ​យកចិត្តទុកដាក់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ក៏​ដូច​ជា​លោក​ឧត្តមសេនីយ៍ទោ ហេង វុ​ទ្ធី ស្នងការ​នគរបាល​ខេត្ត បានឱ្យ​កម្លាំង​សមត្ថកិច្ច​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ស្ដើង​ជ័យ ស្រុក​ជើងព្រៃ បន្ត​យកចិត្តទុកដាក់​ស្រាវជ្រាវ​វែកមុខ​ក្រុម​ចោរ​សកម្ម​ល្បី​ខាង​លួច​គ្រាប់ស្វាយចន្ទី ។…

ខេត្តកំពង់ចាម ៖ ដោយ​មានការ​យកចិត្តទុកដាក់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ក៏​ដូច​ជា​លោក​ឧត្តមសេនីយ៍ទោ ហេង វុ​ទ្ធី ស្នងការ​នគរបាល​ខេត្ត បានឱ្យ​កម្លាំង​សមត្ថកិច្ច​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ស្ដើង​ជ័យ ស្រុក​ជើងព្រៃ បន្ត​យកចិត្តទុកដាក់​ស្រាវជ្រាវ​វែកមុខ​ក្រុម​ចោរ​សកម្ម​ល្បី​ខាង​លួច​គ្រាប់ស្វាយចន្ទី ។ លួច​នេះ គឺ​លួច​ធ្វើ​មានបាន រហូត​សង់ផ្ទះ​នៅ​ទៀត​ផង ។ ទីបំផុត​នា​រសៀល​ថ្ងៃ​ទី​២២ មេ​សា ឆ្នាំ​២០២៥ ក្រោម​ការ​តាម​ប្រមាញ់​របស់​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ចោរ​ទី​២​ដែល​មក​ភូមិ​របស់​ខ្លួន​វិញ​ត្រូវ​ចាប់​តាម​ដីកា​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​ដើម្បី​សួរនាំ និង​ចាត់ការ​តាម​ច្បាប់ ដើម្បី​ថ្ងៃក្រោយ​ឱ្យ​ក្លាយជា​មនុស្ស​ល្អ កុំឱ្យ​ខូច​ឈ្មោះ​ស្រុក​ជើងព្រៃ​ពេក ។

ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៤ នៅ ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ បាន​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ពាក់ព័ន្ធ​ករណី​លួច​(​គ្រាប់ស្វាយចន្ទី​) ចំណុច​ចម្ការ​ស្វាយចន្ទី ស្ថិត​ក្នុងភូមិ​ស្តើង​ជ័យ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​ហើយ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ និង​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ខាងលើ​រួច​ហើយ ។ ក្នុង​ករណី​នេះ​ដែរ នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៥ មុខ​ស​ញ្ញ​សេសសល់​ក្នុង​សំណុំរឿង​១​នាក់​ទៀត​ឈ្មោះ ទឹង រតនា ហៅ​ពាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្តើង​ជ័យ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ដែល​បាន​ចូល​មក​ក្នុង​មូលដ្ឋាន​វិញ ជំនាញ​បាន​ធ្វើការ​ទំនាក់ទំនង​ជាមួយ​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន និង​បាន​ឃាត់ខ្លួន​ឈ្មោះ ទឹង រតនា ហៅ ពាង ស្រប​តាម​ច្បាប់ ។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ជន​ទី​២​ឈ្មោះ ពាង​នេះ ក្រោយ​ពី​បាន​ផ្លោះ​របង​បេតុង​ចូល​លួច​គ្រាប់ស្វាយចន្ទី​របស់​អ្នក​ដទៃ​នៅ​ក្នុងភូមិ​កាលពី​ថ្ងៃ​ទី​១៧ មេ​សា ២០២៥ ត្រូវ​បាន​ក្រុម​សន្តិសុខ​ដែល​យាម​នៅ​ទីនោះ​នាំ​គ្នា​ដេញចាប់​ភ្លាម​ៗ​បាន​ម្នាក់ ។ ចំណែក​បក្ខពួក​២​នាក់​បាន​រត់គេច​ខ្លួន​ចេញពី​មូលដ្ឋាន​មិនដឹង​សម្ងំ​នៅ​ទីណា​នោះ​ទេ ។ ពាក្យចាស់​ថា ជង់​មិន​ដែល​ភ្លេច​កុក​ទេ មក​ដល់​ថ្ងៃ​ទី​២២ មេ​សា ២០២៥ ជនសង្ស័យ​ចោរលួច​គ្រប់​រដូវ​ស្វាយចន្ទី ឈ្មោះ ពាង បាន​លបចូល​មក​ភូមិ​វិញ​ត្រូវ​បាន​កម្លាំង​ជំនាញ​ដឹង​ក៏​ចាប់ខ្លួន​តាម​ដីកា​តែ​ម្ដង ។ សូម​បញ្ជាក់​ថា ជន​ទី​ពីរ​គឺ​មានផ្ទះ​នៅ​ចម្ងាយ​ពី​បក្ខពួក​ជន​ទី​១​ប្រមាណ​១០០០​ម៉ែត្រ​ប៉ុណ្ណោះ ។

គួរ​រំលឹក​ថា តាម​ប្រភព​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ចម្ការ​ស្វាយចន្ទី​បាន​រៀបរាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៨ មេ​សា ២០២៥​ថា មានមុខ​សញ្ញា​ក្រុម​ចោរ​ល្បី​ខាង​លួច​ស្វាយចន្ទី​បាន​នាំ​គ្នា​មក​ចូល​លួច​ក្នុង​ចម្ការ ដោយ​មិន​ខ្លាច​រអែង​អ្នក​ណា​នោះ​ទេ ។ សកម្មភាព​នេះ​បាន​កើតឡើង​នា​រសៀល​ថ្ងៃ​ទី​១៧ មេ​សា ឆ្នាំ​២០២៥ ហើយ​ត្រូវ​បាន​ក្រុម​អ្នក​មើល​ការ​ខុស​ត្រូវជា​ច្រើន​នាក់ បាន​នាំ​គ្នា​រត់​ដេញ​តាម​ចាប់​ក្រុម​ចោរ​ទាំង​បី​នាក់ ។ ដោយសារ​តែ​រាង​ឆ្ងាយ​ផង​នោះ​ធ្វើ​ឲ្យ​មុខសញ្ញា​ពីរ​នាក់​ផ្លោះ​របង​ថ្ម​រត់គេច​ខ្លួន​បាត់ ចំណែក​ម្នាក់​ទៀត​គ្រាន់តែ​ផ្លោះ​របង​បាន​បន្តិច​ក៏​ត្រូវ​ជាប់អន្ទាក់ គឺ​ឈ្មោះ ជិន រី អាយុ​១៨​ឆ្នាំ នៅ​ឃុំ​ស្ដើង​ជ័យ ស្រុក​ជើងព្រៃ ដក​រហូត​បាន​គ្រាប់ស្វាយចន្ទី​១​បាវ​មាន​ទម្ងន់​ជិត​២០​គីឡូក្រាម បន្ទាប់​មក​ក៏​បាន​ទូរស័ព្ទ​ហៅ​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន ឲ្យ​មក​ទទួលយក​មុខសញ្ញា​នេះ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​ដើម្បី​អនុវត្តន៍​ច្បាប់ ។

ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​បី​បួន​ឆ្នាំ​មុន​គ្រា​ដែល​មិន​ទាន់​មាន​របង​ព័ទ្ធ​ជុំវិញ​នោះ​មិន​ថា​ថ្ងៃ​ឬ​យប់​នោះ​ទេ ដោយ​ក្រុម​ចោរ​តែងតែ​នាំ​គ្នា​ចូល​មក​ធ្វើ​សកម្មភាព​លួច​ស្វាយចន្ទី​ជា​ញឹកញាប់ ដែល​ធ្វើ​ឲ្យ​ការ​ប្រមូល​ផល គឺ​មានការ​ធ្លាក់​ចុះ​ស្ទើរ​ទាំងស្រុង  ។ កត្តា​នេះ​ហើយ​ត្រូវ​បាន​ម្ចាស់​ចម្ការ​រៀបចំ​ធ្វើ​របង​បេតុង​បាន​ប្រមាណ​ពីរ​ឆ្នាំ​មក​ហើយ ជាមួយ​នោះ​បាន​កាត់​បន្ថយ​បទល្មើស​សកម្មភាព​លួច​ស្វាយចន្ទី​បាន​មួយ​ផ្នែក ។ តែ​ក្រុម​អ្នក​មើល​ការ​ខុស​ត្រូវ​បាន​បន្ត​តាមដាន​មិន​ថា​យប់​ឬ​ថ្ងៃ​នោះ​ទេ នាំ​គ្នា​ឃ្លាំមើល​ក្រុម​ចោរ​ទាំងនោះ ទោះបី​ដឹង​ថា​ពួក​ចោរ​មាន​កាំភ្លើង​ខ្យល់​បាញ់​គ្រាប់កង់​ក៏​ដោយ  ។

សូម​បញ្ជាក់​ថា កន្លង​ទៅ​មុខសញ្ញា​ចោរលួច​ខ្លះ​ដែល​គេ​ប្រើ​មនុស្ស​ក្រោម​អាយុ​១៥​ឆ្នាំ ឲ្យ​មក​ចូល​លួច​លុះ​ពេល​ដែល​ចាប់​បាន​ក៏​ធ្វើការ​អប់រំ តែ​មិន​បាន​រាងចាល​នោះ​ទេ ខ្លះ​បាន​យកមុខ​របរ​នេះ​ធ្វើ​អាជីព​រហូត​ដល់​មាន​លុយ​ធ្វើ​ផ្ទះ ។ គិត​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ មេ​សា ២០២៥​មុខសញ្ញា​ជនសង្ស័យ​ដែល​ជា​ចោរលួច​ស្វាយចន្ទី​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​សួរនាំ​ហើយ​ជន​នេះ​បានឆ្លើយ​សារភាព​ថា ​កន្លង​មក​រក​គេ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ស្វាយចន្ទី​បាន​ចំនួន​៣​លើក​មក​ហើយ ចំពោះ​ចន្ទី​ដែល​លួច​បាន​នោះ​ត្រូវ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ម្នាក់​ដែល​គេ​ពុំ​ស្គាល់ឈ្មោះ​…​។ តើ​ឈ្មួញ​មួយ​ណា​ជា​អ្នក​ចាំ​ទិញ ? សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​បន្ត​ទៀត​មិន​ឱ្យ​រួចខ្លួន​ទេ ។

សូម​បញ្ជាក់​ថា កាលពី​មិន​ទាន់​ធ្វើ​របង​បេតុង​ក្រុម​ចោរលួច​ស្វាយចន្ទី គឺ​មាន​គ្នា​ច្រើន​នាក់ លុះ​ពេល​ដែល​ក្រុម​សន្តិសុខ​ចាប់​បាន​គឺជា​អនីតិជន ដោយ​បាន​ធ្វើការ​អប់​រំជា​ញឹកញាប់ លុះ​ពេល​លើក​ក្រោយមក​ធ្វើ​សកម្មភាព​លួច​បន្ត​ទៀត​ឥត​ល្ហែ​គឺ​មុខ​ដដែល​ៗ មិន​រាង​ចោល​ទាល់តែ​សោះ ។ មាន​ពេល​ខ្លះ​ក្រុម​សន្តិសុខ​បានឃើញ​ចោរលួច​ស្វាយចន្ទី​ពេល​ដែល​រត់​ដេញចាប់​ពីក្រោយ គឺ​ក្រុម​ចោរ​ទាំងនោះ​មាន​ប្រើ​កាំភ្លើង​ខ្យល់​បាញ់​គ្រាប់កង់ បើ​គេច​មិន​ទាន់​ទេ ត្រូវ​លើ​រាង​កាយ​អាច​បង្ក​របួស​ធ្ងន់ធ្ងរ​ឬ​ស្លាប់​ក៏​ថា​បាន ។ ហេតុ​ដូច្នេះ​ហើយដោយ​សារ​តែ​បាត់​ទិន្នផល​ចន្ទី​ច្រើន​ពេក ទើប​ធ្វើ​របង​បេតុង​បិទ​ដើម្បី​ការពារ​ក្រុម​ចោរ ទោះជា​យ៉ាងណា​ក៏​បាន​កាត់​បន្ថយ​មួយ​ផ្នែក​ធំ​ផង​ដែរ ។

កោះសន្តិភាព​នៅ​ចាំ​មើល​ស្នាដៃ​សមត្ថកិច្ច​ស្រុក​ជើងព្រៃ ត្រូវ​តែ​ចាប់ខ្លួន​ឈ្មួញ​ប្រមូល​ទិញ​ពី​ចោរ​ឱ្យ​បាន ទើប​អាច​លុប​បំបាត់​បាន​នូវ​បទល្មើស​លួច​ក្នុងភូមិ​ស្រុក មិន​ឱ្យ​ស្រុក​ជើងព្រៃ​ល្បីឈ្មោះ​ចោរ​កើត​ច្រើន​ពេក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ