រាជធានីភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ជ្រុះទូរស័ព្ទខ្លួនឯង០១គ្រឿង ម៉ាក IPhone 13pro max រួមនឹងបន្សល់ម៉ូតូ០១គ្រឿង ក្រោយឆ.ក់ទូរស័ព្ទដៃម៉ាក IPhone 7Plus ពីជនបរទេសមិនបានសម្រេច ។
ហេតុការណ៍ខាងលើនេះស្ថិតតាមបណ្ដោយផ្លូវ៥៥ កែង២២៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង៩៖០៥នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ។

បើតាមការបញ្ជាក់ពីស្ត្រីម្នាក់ ជាពលរដ្ឋក្បែរនោះ បានអោយដឹងថា គាត់បានឃើញជនសង្ស័យពីរនាក់ជិះម៉ូតូ Scoopy មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IU-4815 តាមបណ្តោយផ្លូវលេខ៥៥ ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះជាបរទេសកំពុងដើរចុចទូរស័ព្ទលើផ្លូវឆ្លៀតឪកាសល្អ ជនសង្ស័យបានធ្វើសកម្មភាពឆ.ក់ទូរស័ព្ទដៃ ម៉ាក IPhone 7Plus ពណ៍ខ្មៅ ។

ភ្លាមៗបុរសជនបរទេសខាងលើបានហ.ក់តោងម៉ូតូ បណ្តាលអោយជនសង្ស័យទាំង០២នាក់សម្រេចផ្ដួលម៉ូតូចោល រួចរត់គេចខ្លួនបាត់ស្រមោល និងបានជ្រុះទូរស័ព្ទដៃរបស់ខ្លួនម៉ាក IPhone 13pro max ពណ៌មាស បន្សល់ទុកនូវនឹងកន្លែងកើតហេតុ ជាមួយម៉ូតូដែលធ្វើសកម្មភាព ។

ក្រោយកើតហេតុ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញបានមកយកម៉ូតូ និងទូរស័ព្ទទៅរក្សាទុក ដើម្បីស្រាវជ្រាវស្វែងរកជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ