រាជធានីភ្នំពេញ ៖ ពិធីបុណ្យចូលឆ្នាំថ្មី រយៈពេលបីថ្ងៃ ដែលទើបតែកន្លងទៅនេះ មានសភាពអធិកអធមយ៉ាងក្រៃលែង ភ្ញៀវទេសចរជាតិនិងបរទេសចំនួនជិត ២៤លាននាក់ បានចូលរួមកម្សាន្តសប្បាយដោយទឹកចិត្តសោមនស្សរីករាយឥតឧបមា តួលេខនេះ បង្ហាញថា ប្រជាពលរដ្ឋខ្មែរម្នាក់ អាចដើរកម្សាន្តលើសពីរមួយដង។ នេះគឺជាផ្លែផ្កា នៃសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា បើគ្មានសុខសន្តិភាព គ្មានហេដ្ឋារចនាសម្ព័ន្ធល្អ គ្មានការកើនឡើង នៃជីវភាពរស់នៅ និងគ្មានការបង្កលក្ខណៈងាយស្រួលពីសំណាក់អាជ្ញាធររាជរដ្ឋាភិបាលទេ ប្រជាពលរដ្ឋខ្មែរ គ្មានឱកាសកម្សាន្តសប្បាយ បែបនេះឡើយ ។
គួរកត់សម្គាល់ថា ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនប្រជាពលរដ្ឋ ដែលចូលរួមកម្សាន្តសប្បាយ និងបញ្ចេញស្នាមញញឹមប្រកបដោយភាពកក់ក្តៅនៅក្នុងពិធីបុណ្យធំៗ បានកើនឡើងជាលំដាប់ នេះគឺជាទឡ្ហីករណ៍ ដែលបង្ហាញថា ប្រជាពលរដ្ឋខ្មែរ ទទួលបានផលពីការដឹកនាំប្រទេសកាន់តែច្រើនឡើងៗជាលំដាប់ គ្មានទេ ការសប្បាយបែបនេះ នៅក្នុងប្រទេស ដែលញាំញីដោយភ្លើងសង្គ្រាម ដែលពលរដ្ឋអត់បាយក្រហាយទឹកនិងគ្មានជំនឿចិត្តលើការដឹកនាំរបស់រដ្ឋាភិបាល។ ស្នាមញញឹមប្រកបដោយក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ ដែលបាននិងកំពុងកើតឡើងនាពេលនេះ គឺជាផ្លែផ្កា នៃសុខសន្តិភាពដែលកើតចេញពីគោលនយោបាយដឹកនាំប្រទេសដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ។
ផ្ទុយស្រឡះពីនេះ ក្រុមជ្រុលនិយមឯណោះវិញ តែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋជានិច្ច តាមរយៈការបញ្ចេញសារនយោបាយលាបពណ៌ ញុះញង់ បំបែកបំបាក់ខ្មែរ បង្កអរិភាពជាមួយប្រទេសជិតខាង និងជាមួយមហាអំណាចក្នុងតំបន់ជាដើម ដែលសុទ្ធសឹងជានយោបាយបង្កជម្លោះដ៏គ្រោះថ្នាក់។ គោលបំណងរបស់ពួកគេ គឺធ្វើឱ្យមានភាពវឹកវរ ជ្រួលច្របល់ និងអស្ថិរភាពសង្គម ដើម្បីឆ្លៀតឱកាសផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈចលនាបដិវត្តន៍ពណ៌ខុសច្បាប់ ទាញប្រទេសឱ្យក្រឡាប់ធ្លាក់ចូលទៅក្នុងអតីតកាលដ៏ខ្មៅងងឹត។ សកម្មភាពបែបនេះ គឺដើម្បីបម្រើមហិច្ឆតានយោបាយដ៏ខ្មៅកខ្វក់របស់ខ្លួន តែម្យ៉ាងគត់ ដោយមិនខ្វាយខ្វល់ពីជោគវាសនាប្រទេសជាតិ និងប្រជាពលរដ្ឋឡើយ ។
សកម្មភាពផ្ទុយគ្នាទាំងស្រុង រវាងរាជរដ្ឋាភិបាល និងក្រុមជ្រុលនិយម បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ អាចបែងចែកយ៉ាងច្បាស់ដាច់ស្រឡះពីគ្នារវាងមេដឹកនាំដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានសុខសប្បាយ និងក្រុមនយោបាយ ដែលបង្កការភ័យខ្លាចជាប្រចាំ។ នេះគឺជាជំនួយស្មារតីយ៉ាងល្អ សម្រាប់ប្រជាពលរដ្ឋខ្មែរ ក្នុងការជ្រើសរើសមេដឹកនាំ តាមរយៈការបោះឆ្នោត៥ឆ្នាំម្តង។ ការជ្រើសរើសមេដឹកនាំល្អ បង្កឱ្យមានការរីកចម្រើន និងស្នាមញញឹម។ ផ្ទុយទៅវិញ ការសម្រេចចិត្តខុសនាំឱ្យប្រទេសធ្លាក់ចុះទៅរកក្តីវិនាសអន្តរាយដូចអតីតកាលវិញជាមិនខាន ។
គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រឱ្យដឹកនាំប្រទេសជារៀងរហូតមក គឺជាសក្ខីភាពបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរចេះបែងចែកយ៉ាងច្បាស់រវាងអាក្រក់និងល្អ សនិងខ្មៅ ហើយពួកគេចង់បានស្នាមញញឹម និងការជួបជុំសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ដោយបដិសេធចោលទាំងស្រុង ក្រុមនយោបាយ ដែលប៉ុនប៉ងនាំតែក្តីអន្តរាយដល់ប្រទេសជាតិ ៕








ចែករំលែកព័តមាននេះ