ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែ.ងចោលឈូងធ្លាប់មានតែវត្តមានក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរតាមទីវត្តអារាម ខណៈបច្ចុប្បន្នក្មេងៗមិនសូវចាប់អារម្មណ៍

1 ថ្ងៃ មុន

មហាជន​ចំនួន​អាច​នឹង​ចាំ​ល្បែង​ចោល​ឈូង ឬ​បទ​ចម្រៀង « បោះ​ឈូង » របស់​អធិរាជ​សំឡេង​មាស លោកតា ស៊ិ​ន ស៊ី​សា​មុត និង​លោកយាយ…

មហាជន​ចំនួន​អាច​នឹង​ចាំ​ល្បែង​ចោល​ឈូង ឬ​បទ​ចម្រៀង « បោះ​ឈូង » របស់​អធិរាជ​សំឡេង​មាស លោកតា ស៊ិ​ន ស៊ី​សា​មុត និង​លោកយាយ រស់ សេរី​សុទ្ធា ខណៈប​ច្ចប្ប​ន្ន​ក្មេង​ៗ​ជំនាន់​ក្រោយ​មិន​ស្គាល់​អ្វី​ទៅ​ឈូង ដែល​ជា​ល្បែង​ប្រជាប្រិយ​មួយ​ប្រភេទ​ពេញ​និយម​បំផុត​ពី​សំណាក់​បងប្អូន​មហា​គ្រួសារ​ខ្មែរ​នា​ពេល​កន្លង​ទៅ ។

ជា​ការ​ពិត​មុន​នឹង​ឈាន​ដល់​ល្បែង​ឈូង មក​ស្គាល់​ពាក្យ​ឈូង​ជា​មុន​សិន​។ ឈូង សំដៅ​ដល់ រមូរសំពត់​ដែល​ចង​ក្របួច​ចុង​សម្រាប់​កាន់​បោះ ឬ​ចោល​ក្នុង​ល្បែង​ឈូង បោះ​ឈូង ចោល​ឈូង ល្បែង​នុះឯង​ក៏​ហៅ​ថា ឈូង​ដែរ ។ លេង​ឈូង ច្រៀង​ឈូង​។

ល្បែង​ប្រជាប្រិយ​ខ្មែរ អត្ថបទ​នេះ​ដកស្រង់​ចេញពី ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ ល្បែង​ឈូង ត្រូវ​មាន​អ្នកចូលរួម និង​សម្ភារៈ​។
អ្នកចូលរួម ៖ ក​ម្លោះ ក្រមុំ ឬ​មនុស្ស​ចំណាស់​ៗ ប្រុស ស្រី ។ សម្ភារៈ​មាន ៖ ក្រមា ឬ​កន្សែង ស្នូល​ឲ្យ​មូល​ចង​ឲ្យ​តឹង​ណែន​ល្អ​ទុក​ឲ្យ​មាន​កន្ទុយ​បន្តិច ដោយ​ល្បែង​មួយ​នេះ​គេ​និយម​លេង ពេលវេលា​យប់​ខែភ្លឺ ក្នុង​រដូវ​ចូល​ឆ្នាំ​ថ្មី ។

របៀប​លេង​៖ គេ​ចែក​គ្នា​ជា​២ ពួក ប្រុស​១​ពួក ស្រី ១​ពួក ។ ក្នុង​មួយ​ពួក​ៗ​មាន​គ្នា​ចំនួន​ពី ១០ នាក់​ឬ ២០ នាក់ ឡើង​ទៅ ឈរ​ត្រៀម​ជា ២​ជួរ ទល់មុខ​គ្នា​ឃ្លាត​ពី​គ្នា​ប្រមាណ​ជា ៨ ឬ ១០​ម៉ែត្រ ។ ឈូង​មាន ២​បែប ៖

១. ឈូង​ច្រៀង​រាំ ៖ មុន​ដំបូង​ពួក​ប្រុស​ៗ បោះ​ឈូង​ទៅ​ឱ្យ​ពួក​ខាង​ស្រី ។ ពួក​ខាង​ស្រី​ប្រុង​ចាប់​កុំឱ្យ​ធ្លាក់​ដល់​ដី បើ​ធ្លាក់​ដល់​ដី គេ​ចាត់ជា​ស្អុយ ហើយ​គេ​ផ្តើម​បោះ​ទៅ​ឱ្យ​ខាង​ប្រុស​វិញ ។ ពួក​ខាង​ប្រុស​ប្រុង​ចាប់​កុំឱ្យ​ធ្លាក់​ដល់​ដី ។ កាល​ចាប់​បាន​ហើយ ចោល​សំដៅ​ទៅ​ពួក​ខាង​ស្រី ចោល គឺ​សំដៅ​នាង​ណា​ដែល​ខ្លួន​ស្ម័គ្រ បើ​ចោល​ខុស គេ​ចាត់ជា​ស្អុយ រួច​ផ្តើម​បោះ​ជា​ថ្មី​ទៀត បើ​ចោល​ត្រូវ​ស្រី​ណា​ហើយ ស្រី​នោះ​ច្រៀង​រាំ​យក​ឈូង​ទៅ​ជូន​ខាង​ប្រុស ហៅ​ថា ច្រៀង​រាំ​ជូន​ឈូង ។ របៀប​ច្រៀង​រាំ​នោះ ម្នាក់​កាន់​ឈូង​នាំមុខ​ម្នាក់​ដៃ ទទេ​រាំ​តាម​ក្រោយ ហើយ​ច្រៀង​ជា​ទំនុក​ថា «​ប្អូន​ចាប់​ឈូង​បាន ឈូង​បែក​ជា​បួន ព្រលឹង​ប្រុស​ស្ងួន ទទួល​ឈូង​ទៅ » ។ ពួក​ស្រី​ៗ​ក្រៅពី​នោះ​គ្រប់​គ្នា​ទទួល​ថា « ឱ​ណា​កែវ កែវ​ពិ​អា ឱ​ណា​កែវ​អើយ អឺ​អឺ​ង​អើយ ! » រួច​ហើយ​ហុច​ឈូង​នោះ​ទៅ​ឱ្យ​ប្រុស​ៗ ទទួលយក ។ ហើយ​ក៏​ផ្តើម​បោះ​ឈូង​នោះ​ទៅ​ឱ្យ​ពួក​ស្រី​ៗ​វិញ ។ បើ​ពួក​ស្រី​ចាប់​ឈូង​បាន​ក៏​ចោល​សំដៅ​ទៅ​ពួក​ប្រុស បើ​ចោល​ត្រូវ​ប្រុស​ណា ប្រុស​នោះ​ត្រូវ​វ៉ា​នាំ​ឈូង​ទៅ​ជូន​ស្រី ដោយ​ច្រៀង​ជា​ទំនុក​ថា «​បង​ចាប់​ឈូង​បាន បង​បីត្រកង ព្រលឹង​មាសបង ទទួល​ឈូង​ទៅ​» ។ ពួក​ប្រុស​ៗ គ្រប់​គ្នា​ទទួល​បន្ទរ​ថា « ឱ​ណា​កែវ កែវ​ពិ​អា ណា​កែវ​អើយ អឺ​អឺ​ង​អឺយ​!»​។ ហើយ​ក៏​ហុច​ឈូង​នោះ​ទៅ​ឱ្យ​ពួក​ស្រី​ៗ​ទទួលយក​ទើប​ផ្តើម​បោះ​តទៅ​ទៀត ។

២. ឈូង​លោះ​ខ្ញុំ ៖ ដើមដំបូង​ខាង​ប្រុស​គេ​ផ្តើម​ច្រៀង​មួយ​ទំនុក​ជា​មុន ។ ឯ​ទំនុកច្រៀង​ឈូង​មាន​ច្រើន​បែប​ប្លែក​ៗ​ទៅ​តាម​ប្រាជ្ញា​របស់​អ្នក​នាំ​ច្រៀង និង​តាម​អ្នកស្រុក ។ ទី​នេះ​ស្រង់​យក​តែ​ទំនុក​ធម្មតា ដែល​អ្នកលេង​ឈូង​គ្រប់​ស្រុក​គេ​តែង​នាំ​គ្នា​ថា ៖ បង​បោះ​ឈូង​ទៅ អូន​អើយ កម្ពស់​ចុង​ដូង (​ស្ទួន​) ក្រមុំ​ឈរ​ច្រូង អូន​អើយ​ទទួល​ឈូង​បង​« ឬថា » បង​បោះ​ឈូង​ទៅ​ឈូង​បែក​ជា​បួន ស្រី​ណា​មានខ្លួន ទទួល​ឈូង​បង » ។​ល​។ ច្រៀង ហើយ​គេ​ស្រែក​ប្រាប់​ថា ឈូង​អើយ​ឈូង​!» ។ ហើយ​អ្នក​ផ្តើម​ទំនុក​ក៏​បោះ​ឈូង​ទៅ​លើ​ពួក​ស្រី​ៗ​ឱ្យ​ពួក​ស្រី​ៗ​ចាប់ ។ ខាង​ស្រី​ចាប់​ឈូង​បាន​គេ​ចោល​សំដៅ​ទៅ​រក​ប្រុស​ណា​ដែល​ត្រូវចិត្ត​បើ​បោះ​ទៅ​ត្រូវ​ប្រុស​ណា​គេ​ទៅ​ចាប់​យក​ប្រុស​នោះ​មក​ទុក​នឹង​ពួក​គេ ។ បើ​ចោល​មិន​ត្រូវ​ខាង​ប្រុស​គេ​ចាប់​ឈូង​នោះ​ចោល​សំដៅ​មក​រក​អ្នក​ណា​ដែល​គេ​ស្ម័គ្រ បើ​ខាង​ប្រុស​ចោល​មក​ត្រូវ​ខាង​ស្រី​ហើយ ប្រុស​ម្នាក់​ដែល​ស្រី​ចាប់​យក​ទៅ​លើក​មុន​នោះ​ត្រូវ​បាន​រួចខ្លួន បើ​ប្រុស​ចោល​មិន​ត្រូវ​ស្រី​វិញ​ទេ ប្រុស​ម្នាក់​នោះ ត្រូវ​នៅ​ខាង​ស្រី​ដដែល ។ បើ​ខាង​ណា​ប៉ិន​ប្រសប់​គេ​ចោល​យក​ខាង​ម្ខាង​ទាល់តែ​អស់ ។ កាលណា​អស់​គ្នា​ហើយ​គេ​ផ្តើម​លេង​សា​ជា​ថ្មី ដោយ​ឱ្យ​ខាង​ស្រី​បោះ​ឈូង​ទៅ​ឱ្យ​ខាង​ប្រុស​មុន​វិញ ។ មុន​នឹង​ស្រី​ៗ​បោះ​ឈូង​ទៅ​ឱ្យ​ប្រុស គេ​ស្រែកច្រៀង​ថា ” អូន​បោះ​ឈូង​ទៅ បង​អើយ កម្ពស់​ចុង​ស្លា ប្រុស​ឈរ​ត្រៀបត្រា បង​អើយ​ទទួល​ឈូង​ប្អូន​” ។ ល ។ ច្រៀង ៖ ហើយ​គេ​ស្រែ​កថា «​ឈូង​អើយ​ឈូង​!» ។ ហើយ​គេ​បោះ​ឈូង​ទៅ​ឯ​ពួក​ប្រុស​ៗ​បើ​គេ​ចាប់​ឈូង​ខាង​ស្រី​បាន​ហើយ​ចោល​ឈូង​នោះ​សំដៅ​ទៅ​ស្រី ។ កាល​ត្រូវ​ស្រី​ណា​ម្នាក់​គេ​ចាប់​យក​ស្រី​នោះ​មក​ទុក​ខាងគេ ។ បើ​ខាង​ណា​អស់​មនុស្ស គេ​ចែក​គ្នា​លេង​សា​ជា​ថ្មី ។ មនុស្ស​ដែល​គេ​ចាប់​បាន​នោះ ជួនកាល​គេ​ចង​មុខ​ឱ្យ​ជិត​លែងឱ្យរ​ត់ទៅ​កាន់​ទី​ផ្សេង​ៗ​ជា​ការ​កម្សាន្ត​សប្បាយ ។ របៀប​លេង​បែប​ទី​២​នេះ ជួនកាល​អ្នកលេង គេ​ច្រូតកាត់​មិនបាច់​ច្រៀង ស្រាប់តែ​ចោល​តែ​ម្តង​ក៏​មាន ។

សូម​បញ្ជាក់​ដែរ​ថា គុណ​តម្លៃ​ល្បែង​នេះ រាប់​ចូល​ក្នុង​ពួក​ការ​ហាត់​ភ្នែក​ឱ្យ​វៃ ហាត់​ដៃ​ឱ្យ​ត្រង់​ផង ជា​ការ​កម្សាន្ត​សប្បាយ ដោយ​មានការ​រាំច្រៀង​លាយ​ជាមួយ​ផង ។ តើ​បងប្អូន​អាច​ចែករំលែក​បាន​ទេ​ថា នៅ​តាម​ទី​វត្ត​អារាម ឬ​កន្លែង​ណាខ្លះ​ដែល​មាន​គេ​លេង
ល្បែង​ប្រជាប្រិយ​ខ្មែរ​នោះ?៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ