ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ អនុម័ត​ផែនការអភិវឌ្ឍន៍​តំបន់​ខ្នង​ផ្សារ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៥ ទីស្តីការ​ក្រសួងបរិស្ថាន ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន…

រាជធានី​ភ្នំពេញ ​៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៥ ទីស្តីការ​ក្រសួងបរិស្ថាន ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ស្តី​ពី​ការ​សាងសង់​ផ្លូវ​ទៅ​កាន់​តំបន់​ខ្នង​ផ្សារ ក្រោម​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា CESLEP ដែល​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​តំណាង​ធនាគារពិភពលោក​។ កិច្ចប្រជុំ​បាន​ធ្វើការ​ពិនិត្យ​ទៅ​លើ​លទ្ធភាព​ នៃ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​ចាប់ផ្តើម​ពី​ការ​ជួសជុល​កែ​លម្អ​ផ្លូវ​ជា​យុទ្ធសាស្ត្រ​ឱ្យ​មាន​ភាព​ធន់ និង​មាន​និរន្តរភាព ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍​ មក​កាន់​តំបន់​ភ្នំ​ខ្នង​ផ្សារ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ​ប្រកាស​អនុម័ត​គម្រោង​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​នេះ​ ។

ក្រៅពី​ការ​សាងសង់​ផ្លូវ គម្រោង​នេះ​ ក៏​រួម​បញ្ចូល​ទាំង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា ទីតាំង​ចត​រថយន្ត បន្ទប់ទឹក និង​កន្លែង​ងូតទឹក មជ្ឈមណ្ឌល​ព័ត៌មាន មជ្ឈមណ្ឌល​សង្គ្រោះ​បឋម អាហារ​ដ្ឋា​ន និង​ការ​អភិវឌ្ឍ​ទីតាំង​សម្រាប់​បោះ​តង់​ជាដើម ដែល​ការ​រចនា​គិតគូរ​បញ្ចូល​ស្ថាបត្យកម្ម​ខ្មែរ និង​នឹង​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ ដូច​ជា​ពន្លឺព្រះអាទិត្យ ជំនួស​ឱ្យ​ថាមពល​អគ្គិសនី​។ ទន្ទឹម​នឹង​នោះ ការ​ដាំ​ដើមឈើ​ឡើង​វិញ ​ក៏​ត្រូវ​បាន​បញ្ចូល​ផង​ដែរ ដើម្បី​បង្កើន​សោភ័ណ​ភាព​ធម្មជាតិ​ នៃ​តំបន់​នេះ​ផង​ដែរ ​។

ក្រសួងបរិស្ថាន​ កំពុង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា រួម​ទាំង​ធនាគារពិភពលោក និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធានា​បាន​នូវ​ភាព​ជោគជ័យ​នៃ​គម្រោង​នេះ​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់ និង​អាទិភាព ​នៃ​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ ដោយ​តម្រូវ​ឱ្យ​ក្រសួង ស្ថាប័ន រួម​ជាមួយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ យកចិត្តទុកដាក់​ខ្ពស់ និង​សហការ​យ៉ាង​ជិត​ស្និត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ភាព​ចាំបាច់ ​និង​បន្ទាន់​របស់​រាជរដ្ឋាភិបាល ដើម្បី​បម្រើ​ឱ្យ​ប្រយោជន៍​សហគមន៍​មូលដ្ឋាន​ ។

គូសបញ្ជាក់​ផង​ដែរ​ថា ក្រោម​ការ​ផ្តួចផ្តើម​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​កំណត់​យក​គម្រោង​អភិវឌ្ឍន៍​តំបន់​ខ្នង​ផ្សារ ​ឱ្យ​ក្លាយជា​គោលដៅ​លំហែ​បៃតង​គំរូ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដោយ​រាជរដ្ឋាភិបាល​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា គម្រោង​អភិវឌ្ឍន៍​តំបន់​ខ្នង​ផ្សារ​នេះ នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍ បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ និង​ទាក់ទាញ​ទេសចរណ៍ ដោយនៅ​តែ​រក្សា​បាន​នូវ​តុល្យភាព​នៃ​បរិស្ថាន និង​សោភ័ណ​ភាព​ធម្មជាតិ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ