រាជធានីភ្នំពេញ ៖ មានតែការសោកស្ដាយប៉ុណ្ណោះ ដែលបុរសម្នាក់បានបើកម៉ូតូកង់បី១គ្រឿងក្នុងល្បឿនលឿនឆ្លងផ្លូវដែកពេលយប់ស្ងាត់ ក៏ត្រូវបានរថភ្លើងខ្សែរាជធានីភ្នំពេញ-ខេត្តបាត់ដំបង១ខ្សែមកដល់ល្មម បុកពេញទំហឹង អូសប្រមាណជាង៥០ម៉ែត្រ និងក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឲ្យបុរសដែលជាអ្នកបើកបរម៉ូតូកង់បីនោះស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ហើយម៉ូតូកង់បីរបស់គាត់បានរងការខូចខាតទាំងស្រុងប្រើការលែងកើតដែរ ។

ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅតាមផ្លូវដែកខ្សែរាជធានីភ្នំពេញ-ខេត្តបាត់ដំបង ត្រង់ចំណុចផ្លូវឆ្លងកាត់ដែលពុំមានបារ៉ាស់បិទបើក ស្ថិតនៅក្នុងភូមិតាអិន សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ប្រជាការពារបានប្រាប់ថា បុរសរងគ្រោះខាង លើឈ្មោះ ប៉ាវ ណារិន មានទីលំនៅក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយនៅមុនពេលកើតហេតុ គាត់បានមកលេងផ្ទះបងប្អូននៅបុរីវីល្លៀម ស្ថិតនៅក្នុងភូមិរំដួល សង្កាត់ស្នោ ខណ្ឌកំបូល ។
លុះដល់ពេលកើតហេតុ គាត់បានបើកម៉ូតូកង់បី១គ្រឿងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១HF-៧៦២៨ ចេញពីផ្ទះបងប្អូន ដោយធ្វើដំណើរមានទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនគួរសមដែរ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលទៅដល់ត្រង់ចំណុចកើតហេតុដែលគាត់បានបើកឆ្លងកាត់ផ្លូវដែក ក៏ស្រាប់តែមានរថភ្លើងរាជធានីភ្នំពេញ-ខេត្តបាត់ដំបង ១ខ្សែដឹកអ្នកដំណើរ បើកបរក្នុងទិសដៅពីលិចទៅកើតបានមកដល់ល្មម ។ ខណៈនោះក៏ត្រូវរថភ្លើងបុកពេញទំហឹងចំពីមុខ អូសប្រមាណជាង៥០ម៉ែត្រ និងរុញក្រឡាប់រមៀលជាច្រើនត្រឡប់ជាប់គ្នា បណ្ដាលឲ្យបុរសអ្នកបើកបរម៉ូតូកង់បីនោះស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយម៉ូតូកង់បីរងការខូចខាតទាំងស្រុង ។
បន្ទាប់មករថភ្លើងបានឈប់ រួចថយក្រោយទាញម៉ូតូកង់បីចេញពីមុខរថភ្លើង ដាក់អែបខាងរួចរាល់ រថភ្លើងនោះក៏បានបន្តដំណើរទៅមុខទៀតចូលរាជធានីភ្នំពេញបាត់ស្រមោល ។
ប្រជាពលរដ្ឋបាននិយាយថា នៅចំណុចកើត ហេតុនេះ មិនមានដាក់បារ៉ាស់ដើម្បីហាមឃាត់ពេលរថភ្លើងបើកឆ្លងកាត់នោះទេ គឺមានតែស្លាកសញ្ញាប្រុងប្រយ័ត្នប៉ុណ្ណោះ ហើយនៅវេលាយប់ថ្ងៃកើតហេតុ ពេលរថភ្លើងត្រូវឆ្លងកាត់មានបុគ្គលិកម្នាក់នៅចាំចុចពិលជាសញ្ញា និងស្រែកឲ្យឈប់ដែរ ។

ប៉ុន្តែដោយសារតែពេលយប់នៅទីនោះងងឹតពេក ហើយសង្ស័យជនរងគ្រោះមិនបានដឹង ឬចាប់អារម្មណ៍ថា ចំណុចនោះមានផ្លូវដែកឆ្លងកាត់ ម្យ៉ាងស្ងាត់ផង ហើយមិនដឹងថា អ្នកចុចពិលជានរណាផងនោះទើបមិនឈប់ក៏ជួបគ្រោះថ្នាក់បែបនេះ ។ ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ប្រសិនបើអ្នកស្រុកភូមិនៅតំបន់នេះអាចដឹងបានថា ចំណុចកើតហេតុមានផ្លូវរថភ្លើងឆ្លងកាត់ តែបើអ្នកមកពីចម្ងាយដូចជាជនរងគ្រោះ ប្រហែលជាមិនបានដឹង ឬចាប់អារម្មណ៍ឡើយ ។
នេះពុំមែនជាគ្រោះថ្នាក់លើកទី១ទេ កន្លងមកនៅចំណុចនេះក៏ធ្លាប់មានរថយន្តបែនដឹកដី១គ្រឿង ត្រូវរថភ្លើងបុកម្ដងរួចមកហើយដែរ ប៉ុន្តែមិនបានបណ្ដាលឲ្យអ្នកបើករថយន្តគ្រោះ ថ្នាក់នោះទេ ។ ដូច្នេះពួកគាត់សំណូមពរដល់ខាងរថភ្លើង គួរតែដាក់បារ៉ាស់បិទបើកឲ្យបានត្រឹមត្រូវផង ដើម្បីបញ្ចៀសកុំឱ្យមានគ្រោះថ្នាក់បន្តទៀត ។

បើយោងតាមរូបភាពកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅលើរថភ្លើងខាងលើ គេបានឃើញថា នៅមុនពេលទៅដល់ត្រង់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវដែកឆ្លងកាត់នោះ រថភ្លើងបានចុចសុីផ្លេរយ៉ាងរន្ថើន ដើម្បីឲ្យអ្នកដំណើរឆ្លងកាត់បានដឹង និងឈប់ ។
ប៉ុន្តែខណៈនោះពុំដឹងថា ជនរងគ្រោះមិនឮឬបែបណានោះទេ ទើបគាត់នៅតែមិនព្រមបន្ថយល្បឿន ឬឈប់ម៉ូតូកង់បីរបស់ខ្លួនឡើយ គាត់នៅតែបើកលឿនស្លេវឆ្លងកាត់ផ្លូវដែក នោះហើយក៏ត្រូវរថភ្លើងបុកពេញទំហឹងតែម្ដង ។
ក្រោយពេលកើតហេតុ រថភ្លើងបានបើកបន្តដំណើរចូលរាជធានីភ្នំពេញបាត់ បន្ទាប់មកនគរបាលខណ្ឌកំបូល បានចុះធ្វើការវាស់វែងនាំយកម៉ូតូកង់បីទៅរក្សាទុក និងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ប៉ុន្តែនៅពុំទាន់ដឹងថា តើដោះស្រាយគ្នាបែបណានោះទេ ៕
ចែករំលែកព័តមាននេះ