រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងបញ្ជាក់ឱ្យកាន់តែច្បាស់អំពីអត្រាពន្ធអាមេរិកដាក់លើទំនិញកម្ពុជា ថា ៩៧ភាគរយ ដែលអាមរិកគណនាចេញមកនោះមិនមែនជាអត្រាពន្ធដែលកម្ពុជាយកលើទំនិញអាមេរិកនាំចូលកម្ពុជានោះទេ ។

៩៧ភាគរយ គឺជាឱនភាព ឬកម្រិតលម្អៀតនៃជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក ។ សម្តេចមហាបវរធិបតី លើកឡើងនេះ ពិសេសចង់ផ្តល់នូវចំណេះដឹងទៅអ្នកនយោបាយចាស់វស្សា ទណ្ឌិត សម រង្ស៉ី ដែលអួតខ្លួនថា ជាអ្នកជំនាញច្បាស់ខាងសេដ្ឋកិច្ច តែបែរជាមិនដឹងអីនោះ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា អនុលោមតាមច្បាប់របស់អង្គការពាណិជ្ជកម្មកម្ពុជាយកពន្ធលើទំនិញពីគ្រប់ប្រទេសទាំងអស់ មិនឱ្យលើសពី៣៥ភាគរយនោះឡើយ ហើយសម្រាប់អាមេរិកពន្យល់ ដែលកម្ពុជាគិតជាមធ្យម គឺ២៩.៤ភាគរយ ហើយទំនិញដែលកម្ពុជានាំចូលទៅអាមេរិកវិញ គឺអាមេរិកគិតពន្ធប្រមាណ១១ភាគរយ ។

ការថ្លែងរបស់សម្តេច នាយករដ្ឋមន្ត្រីនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាសមរតកតេជោ តម្លៃជិត៣៧លានដុល្លារ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ខ្ញុំសូមជម្រាបថា ដល់អ្នកដែលយល់ពីសេដ្ឋកិច្ចកិច្ចច្បាស់ដូចថ្ងៃ (ទណ្ឌិត សម រង្ស៊ី) ៩៧ភាគរយមិនមែនជាអត្រាពន្ធដែលកម្ពុជាយកលើទំនិញអាមេរិក នាំចូលកម្ពុជានោះទេ គឺគេហៅថាអត្រាឱនភាព ឬលម្អៀងនៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក ។
សំណួរថា តើកម្ពុជាដាក់ពន្ធប៉ុន្មានទៅលើទំនិញអាមេរិក? នៅឆ្នាំ២០០៤ កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) គឺយើងបានប្តេជ្ញាចិត្តរួចហើយ គឺទំនិញទាំងអស់មិនថា អាមេរិក ឬប្រទេសផ្សេងទេ មិនឱ្យលើសពី៣៥ភាគរយឡើយ ហើយទំនិញកម្ពុជាយើងនាំចូលទៅអាមេរិកបង់ពន្ធជាមធ្យម១១ភាគរយ» ។
សម្តេចបន្ថែមទៀតថា «មិនមែនជាការពិតទេ ដែលថា ខ្មែរដាក់ពន្ធលើទំនិញអាមេរិក៩៧ភាគរយ ហើយការដាក់ពន្ធទៅវិញទៅមកមិនមែនតែយើងទេ អាមេរិកក៏ដាក់ពន្ធលើទំនិញយើងដែរ ។ ពន្ធរបស់យើងលើទំនិញអាមេរិក មានផលិតផលជាង១៨៦៨បន្ទាត់ពន្ធ (១បន្ទាត់ពន្ធអាចមានផលិតផលច្រើនមុខ)ក្នុងនោះមាន២១០បន្ទាត់ពន្ធ ដែលទំនិញអាមេរិកនាំចូលមកកម្ពុជា ដោយរួចពន្ធ (ពន្ធសូន្យ)ពន្ធដែលយើងដាក់អាមេរិកខ្ពស់បំផុតត្រឹម៣៥ភាគរយ ហើយជាពន្ធជាមធ្យមានត្រឹមតែ២៩.៤ភាគរយប៉ុណ្ណោះ មិនមែន៩៧ភាគរយ» ។

ជាមួយគ្នានោះដែរ សម្តេចមហាបវរធិបតី បានថ្លែងឱ្យដឹងទៀតថា ពាក់ព័ន្ធរឿងពន្ធរបស់អាមេរិកនេះកម្ពុជាបានគិតគូរតាំងតែជាង២ខែមុនមកម្ល៉េះ ដោយគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើសេណារីយោផ្សេងៗ អំពីការវាយតម្លៃអំពីផលប៉ះពាល់ នៃកម្រិតអត្រាពន្ធគយរបស់អាមេរិក គ្រាន់តែតែរង់ចាំមើល តើអាមេរិកដាក់ពន្ធលើកម្ពុជាដែរ ឬលើតែប្រទេសដៃគូសេដ្ឋកិច្ចធំៗរបស់ខ្លួនប៉ុណ្ណោះ ។
ក្រោយមកទើបថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ត្រូវនឹងព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ អាមេរិកប្រកាសដាក់ពន្ធលើប្រទេសទាំងអស់ជិត២០០ប្រទេស ក្នុងនោះរួមទាំងកម្ពុជាដែរទើបរាជរដ្ឋាភិបាល និងវិស័យឯកជនប្រជុំជាបន្ទាន់ ដាក់ចេញនូវសកម្មភាពឆ្លើយតប ។
ពាក់ព័ន្ធ និងការងារចរចាអំពីបញ្ហាពន្ធនេះ ជាមួយអាមេរិក សម្តេចបវរធិបតីបានបញ្ជាក់ថា ជំហានដំបូងកម្ពុជាទម្លាក់ចំនួន១៩បន្ទាន់ពន្ធ ដែលស្មើនឹងប្រមាណ៨៥មុខទំនិញរបស់អាមេរិកពី៣៥ភាគរយ មកនៅត្រឹម៥ភាគរយប៉ុណ្ណោះ ដែលជាជំហានទី១ ហើយសម្រាប់ជំហានទី២ នៅពេលអាមេរិកបើកភ្លើងខៀវ ប្រតិភូជាន់ខ្ពស់កម្ពុជា នឹងហោះទៅអាមេរិកចរចាភ្លាមៗ ។
សម្តេចបបានញ្ជាក់ទៀតថា «សូមជម្រាបទៅជនរួមជាតិបងប្អូនទាំងអស់ថា ទោះបីជាខ្ញុំមិនចាំបាច់មានអ្វីត្រូវចេញតាមហ្វេសប៊ុកទាំងអស់មិនបានន័យថា ខ្ញុំមិនបានធ្វើការនេះទេ ហើយរយៈពេល៤១ម៉ោង ឬ៣៧ម៉ោង គឺយើងគិតល្អិតល្អន់ណាស់ទាំងជំហាន១ និងជំហាន២ យើងបានរៀបចំក្រុមការងារជាជំហាន២ រួចទៅហើយ ដោយបង្កើតក្រុមការងារមួយដែលដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល និងលោកជំទាវ ចម និម្មល ត្រៀមបើចាំបាច់ហោះទៅធ្វើការចរចាបើអាមេរិកបើកភ្លើងខៀវភ្លាម» ។
ចំពោះការលើកឡើងរបស់អ្នកនយោបាយដែលចង់ឱ្យសម្តេចចេញទៅចរចដោយផ្ទាល់ សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា «បើការចរចាពន្ធនេះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ចូលរួមចរចា ខ្ញុំនឹងចូលចរចាជាមួយនេះជាសមភាគី» ៕
ចែករំលែកព័តមាននេះ