ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​វៀតណាម ៖ អា​មេ​រិ​ក​ជាទី​ផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត ប៉ុន្តែ​មិនមែន​ជា​ច្រក​តែ​មួយ

7 ម៉ោង មុន

ប្រទេស​វៀតណាម ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិ​ញ​ជិ​ញ (Pham Minh Chinh) បាន​លើក​ឡើង​ថា…

ប្រទេស​វៀតណាម ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិ​ញ​ជិ​ញ (Pham Minh Chinh) បាន​លើក​ឡើង​ថា សហរដ្ឋអាមេរិក គឺជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​ប្រទេស​វៀតណាម ប៉ុន្តែ​មិនមែន​ជា​ច្រក​តែ​មួយ ដោយ​លោក​បាន​ជំរុញ​ឱ្យ​បណ្តា​អាជីវកម្ម​ស្វែងរក​អ្នកទិញ​ដ៏​មាន​សក្តានុពល​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៥​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋាភិបាល​កាលពី​ថ្ងៃអាទិត្យ​អំពី​បញ្ហា​ពន្ធគយ នាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​មាន​ប្រសាសន៍​ថា «​ទីផ្សារ​នាំ​ចេញ​ចាំបាច់​ត្រូវ​តែ​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ ហើយ​គុណភាព​ទំនិញ​ត្រូវ​តែ​ពង្រឹង ដើម្បី​ជ្រាប​ចូល​ទៅ​ក្នុង​ទីផ្សារ​សក្តានុពល​ផ្សេង​ទៀត​ដូច​ជា មជ្ឈិមបូព៌ា អឺរ៉ុប​ខាងកើត អាស៊ី​កណ្តាល អា​មេ​រិ​កឡា​ទី​ន ឥណ្ឌា និង​អាស៊ាន ដោយ​នេះ​ក៏​ជា​ឱកាស​មួយ​ក្នុង​ការ​រៀបចំ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​វៀតណាម​ឱ្យ​មាន​និរន្តរភាព​ជាង​មុន ដោយ​ពឹងផ្អែក​លើ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​ការ​បង្កើត​ថ្មី​»​។

ប្រទេស​វៀតណាម​ត្រូវ​ប្រឈម​មុខ​នឹង​អត្រាពន្ធ​ខ្ពស់ ៤៦% របស់​អា​មេ​រិ​ក ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​៩ ខែមេសា ខាង​មុខ​នេះ​។ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក ង្វៀ​ន វ៉ា​ន់ ថាំង (Nguyen Van Thang) បាន​ព្រមាន​អំពី​បញ្ហា​ប្រឈម​សេដ្ឋកិច្ច​សំខាន់​ៗ​នៅ​ពេល​ខាង​មុខ ខណៈ​ដែល​កត្តា​ជំរុញ​កំណើន​កំពុង​ស្ថិត​ក្រោម​ភាព​តានតឹង ហើយ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ប្រឈម​នឹង​ហានិភ័យ​កាន់តែ​ខ្លាំង​ឡើង​។ លោក​ថា ពន្ធ ៤៦% អាច​មាន​ផល​ប៉ះពាល់​យ៉ាង​ទូលំទូលាយ​លើ​សេដ្ឋកិច្ច​វៀតណាម ដោយសារ​ការ​ធ្លាក់​ចុះ​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​នឹង​ប៉ះពាល់​ដល់​ការ​ផលិត ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ការ​វិនិយោគឯកជន ការ​ប្រើប្រាស់​ក្នុងស្រុក និង​ការងារ ហើយ​នេះ​គឺជា​សម្ពាធ​ដ៏​សម្បើម ដើម្បី​សម្រេច​បាន​គោលដៅ​កំណើន​របស់​រដ្ឋាភិបាល​។

ប្រទេស​វៀតណាម​មាន​បំណង​ចង់បាន​កំណើន​យ៉ាង​ហោច​ណាស់ ៨% នៅ​ឆ្នាំ​នេះ គឺជា​គោលដៅ​ដែល​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​បដិសេធ​ក្នុង​ការ​កែសម្រួល បើ​ទោះបីជា​មាន​សម្ពាធ​ការ​ប្រកួតប្រជែង​ផ្នែក​ពន្ធគយ និង​ពាណិជ្ជកម្ម​យ៉ាងណា​ក៏​ដោយ​។ ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​បាន​ប៉ាន់​ប្រមាណ​ថា កំណើន​ផលិតផល​ក្នុងស្រុក​សរុប ឬ GDP ត្រូវ​មាន​អត្រា ៨.៣% ក្នុង​រយៈពេល​៩​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​របស់​រដ្ឋាភិបាល បន្ទាប់​ពី​សេដ្ឋកិច្ច​បាន​កើនឡើង ៦.៩% ក្នុង​ត្រីមាស​ទី​មួយ​។

រដ្ឋាភិបាល​វៀតណាម​បាន​ជំរុញ​ឱ្យ​មានការ​ពិភាក្សា​ទ្វេភាគី​ប្រកបដោយ​ផ្លែផ្កា​ជាមួយនឹង​អា​មេ​រិ​ក ដើម្បី​ចរចា​អត្រាពន្ធ​ដ៏​សមរម្យ​មួយ សម្រាប់​ជា​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ដោយ​មក​ជាមួយនឹង​ក៏​បាន​អំពាវនាវ​ឱ្យ​មានការ​ជំរុញ​ការ​វិនិយោគសាធារណៈ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​កំណើន​ទីផ្សារ​ក្នុងស្រុក​។ នាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​អះអាង​ថា ពន្ធគយ​ថ្មី​របស់​សហរដ្ឋអាមេរិក និង​ការ​កើនឡើង​ភាព​តានតឹង​ពាណិជ្ជកម្ម អាច​បំផ្លាញ​ពាណិជ្ជកម្ម​សកល និង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ ដោយ​មានការ​ឆ្លើយ​តប​ខុស​ៗ​គ្នា​ពី​ប្រទេស​នានា និង​ការ​ធ្លាក់​ចុះ​ទីផ្សារ​ភាគហ៊ុន ដែល​ប៉ះពាល់​ដល់​កំណើន​ទូ​ទាំង​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ