ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលគេអះអាងថា ជាជនប្រើប្រាស់ និង បែកថ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីជននេះកាប់សម្លាប់ស្ត្រីម្នាក់យ៉ាងសាហាវ ពេលគាត់កំពុងនៅក្នុងផ្ទះបាយ កាលវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី ០៥ មេសា នៅចំណុចភូមិស្វាយស ឃុំកំរៀង ស្រុកកំរៀង ដោយគ្មានហេតុផល។
ជនដៃដល់ឈ្មោះ ចេង ចិត្ត ហៅ ចូច អាយុ៤១ឆ្នាំ រស់នៅកន្លែងកើតហេតុ។ រីឯជនរងគ្រោះ ឈ្មោះ ឡង ស៊ីយុត ស្រីអាយុ៦៦ឆ្នាំ រស់នៅក្បែរគ្នាជាមួយជនដៃដល់។
បើតាមសមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះ ត្រូវជនដៃដល់ប្រើប្រាសកាំបិតខ្វែវ កាប់ត្រូវជាច្រើនកាំបិតរហូតដេកដួលស្លាប់នៅក្នុងផ្ទះបាយ ដោយគាត់មិនបានដឹងខ្លួនជាមុនឡើយ។
អធិការស្រុកកំរៀង លោក វេ គឹមចត់ បាននិយាយថា ជនដៃដល់ជាមុខសញ្ញាប្រើប្រាសថ្នាំញៀនដល់កម្រិត ហើយជននេះ និង ជនរងគ្រោះ គ្មានប្រវត្តិទំណាស់ជាមួយគ្នាទេ ស្រាប់តែសុខៗជននេះលីកាំបិតខ្វែវទៅកាប់ជនរងគ្រោះ ដល់ក្នុងផ្ទះបាយតែម្ដង។
បើតាមប្ដីជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ជនសង្ស័យបានលីកាំបិតដើរចូលផ្ទះគាត់។ ពេលដើរមកដល់ ជននេះបានសួររកប្រពន្ធគាត់ តែគាត់មិននឹកស្មានថា ជននេះសួររកដើម្បីសម្លាប់ប្រពន្ធគាត់ចឹងទេ។
គាត់បានបន្តថា «ជនដៃដល់សួររកប្រពន្ធខ្ញុំ ខ្ញុំក៏ប្រាប់ថា គាត់នៅផ្ទះបាយ។ ហើយវាបានលីខ្វែវដើរសំដៅទៅផ្ទះបាយ ស្រាប់តែជននេះកាប់ប្រពន្ធ ខ្ញុំស្លាប់ភ្លាមរំពេច ដោយគ្មានមូលហេតុ»។
លោក វេ គឹមចត់ អធិការស្រុកកំរៀង បានបញ្ជាក់ថា ជនសង្ស័យធ្លាប់មានប្រវត្តិជាប់ក្នុងមណ្ឌលកែប្រែចំនួន០២លើកហើយ តែក្រោយចេញពីមណ្ឌល ជននេះនៅតែប្រើប្រាសថ្នាំញៀនដដែល រហូតឈានដល់ការសម្លាប់មនុស្ស ដោយគ្មានមូលហេតុ។ ពេលនេះមន្ត្រីជំនាញរបស់លោក កំពុងសួរនាំ ដើម្បីចាត់វិធានការតាមនីតិវិធីហើយ៕

ចែករំលែកព័តមាននេះ