រាជធានីភ្នំពេញ ៖ បន្ទាប់ពីផុតកំណត់នៃការដេញថ្លៃរួចមកដល់ពេលនេះ ក្រសួងយុត្តិធម៌មិនទាន់បានប្រកាសដេញថ្លៃជាថ្មីចំពោះម៉ូតូដែលរឹបអូសពីបទល្មើសជិត៥ពាន់គ្រឿងជាថ្មីនោះទេ ។ នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។

ប្រាប់កោះសន្តិភាព តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ត មឧបនាយករដ្ឋមន្ត្រីកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងខ្លីថា ៖« ដែលបានប្រកាសថ្ងៃមុន គឺមិនទាន់មានការដេញថ្លៃទេ ។ ដូចជា មិនទាន់មានការដេញថ្លៃថ្មីនៅឡើយទេ»។
ការលើកឡើងរបស់ឧត្តមកើត រិទ្ធ បន្ទាប់ពីភ្នាក់ងារសារព័ត៌មានកោះសន្តិភាព បានសួរថាតើមកដល់ពេលនេះ តើក្រសួងយុត្តិធម៌បានចេញថ្លៃម៉ូតូដែលបានរឹបអូសពីបទល្មើសឲ្យក្រុមហ៊ុនណាមួយឬនៅ? ចំពោះសំណួរពាក់ព័ន្ធនឹងព័ត៌មានថា មានការដឹកម៉ូតូដែលដាក់ដេញថ្លៃមួយចំនួន ដែលប្រើប្រាស់បានទៅកាន់ប្រទេសវៀតណាម តើយ៉ាងណាវិញ?
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់វិញយ៉ាងដូច្នេះថា តើព័ត៌មាននេះច្បាស់ឬទេ?។ សូមជម្រាបថា កាលពីប៉ុន្មានខែមកនេះ ក្រសួងយុត្តិធម៌ ប្រកាសលក់ម៉ូតូ ដែលរឹបអូសពីបទល្មើសជិត៥ពាន់គ្រឿងដោយសាធារណៈជនទាំងអស់អាចចូលរួមដេញថ្លៃបានដោយសេរីតាមរយៈការដាក់ពាក្យស្នើសុំទៅក្រសួងយុត្តិធម៌ ។

បើតាមគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង (គ.គ.ច.វ.) ដែលត្រូវបានបង្កើតឡើងស្របតាមប្រកាស រួមលេខ១៩២ សហវ.ប្រក.អទច ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌ បានឱ្យដឹងថា គ.គ.ច.វ. នឹងធ្វើការដាក់ឱ្យដេញថ្លៃលក់ជាសាធារណៈនូវវត្ថុតាង/វត្ថុចាប់យកដែលជាសំណល់អេតចាយ រួមមាន ទោចក្រយានយន្តសរុបចំនួន ៤,៥៤៤គ្រឿង របស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ ។
សាធារណជន អាចចូលរួមដេញថ្លៃបានដោយត្រូវបំពេញសំណុំបែបបទ និងលក្ខខណ្ឌដូច មានចែងក្នុងសៀវភៅបន្ទុកដេញថ្លៃ ។ សាលាដំបូងរាជធានីភ្នំពេញ មានការដាក់លក់ម៉ូតូ ចំនួនប្រមាណ៤,០៧៦គ្រឿង ដែលមានតម្លៃមូលដ្ឋានជាសរុប១២២,២៨០ ដុល្លារអាមេរិក ចំណែកឯសាលាដំបូងខេត្តព្រះសីហនុ មានចំនួនម៉ូតូប្រមាណ៤៦៨ គ្រឿង ដែលមានតម្លៃ មូលដ្ឋាន ១៤,០៤០ ដុល្លារអាមេរិក ចាប់ផ្តើមបើកលក់ និងទទួលពាក្យស្នើសុំចាប់ពី ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥៕
ចែករំលែកព័តមាននេះ