ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កក់​សណ្ឋាគារ​សម្រាប់​សង្ក្រាន្ត​ថៃ​ធ្លាក់​ចុះ ២៥% ចំ​ពេល​មានការ​បារ.ម្ភ​ពី​គ្រោះ​រញ្ជួយ​ដី

1 ថ្ងៃ មុន

ទីក្រុង​បាងកក ៖ យោង​តាម​សមាគម​សណ្ឋាគារ​ថៃ ហៅ​កាត់​ថា THA កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ប៉ាន់​ប្រមាណ​ថា ភ្ញៀវ​ទេសចរ​ប្រហែល ៦៨៩,០០០​នាក់ ឬ​តិច​ជាង​នេះ​ត្រូវ​បាន​គេ​រំពឹង​ទុក​អំឡុង​ពេល​ពិធីបុណ្យ​សង្ក្រាន្ត​ឆ្នាំ​នេះ ខណៈ​ដែល​ការ​កក់​សណ្ឋាគារ​សម្រាប់​ពិធីបុណ្យ​រយៈពេល​៧​ថ្ងៃ…

ទីក្រុង​បាងកក ៖ យោង​តាម​សមាគម​សណ្ឋាគារ​ថៃ ហៅ​កាត់​ថា THA កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ប៉ាន់​ប្រមាណ​ថា ភ្ញៀវ​ទេសចរ​ប្រហែល ៦៨៩,០០០​នាក់ ឬ​តិច​ជាង​នេះ​ត្រូវ​បាន​គេ​រំពឹង​ទុក​អំឡុង​ពេល​ពិធីបុណ្យ​សង្ក្រាន្ត​ឆ្នាំ​នេះ ខណៈ​ដែល​ការ​កក់​សណ្ឋាគារ​សម្រាប់​ពិធីបុណ្យ​រយៈពេល​៧​ថ្ងៃ ពោល​ពី​ថ្ងៃ​ទី​១១​ដល់​១៧ ខែមេសា នៅ​ក្នុង​ទីក្រុង​ទាក់ទាញ​ទេសចរណ៍​សំខាន់​ៗ​ចំនួន ៧ បាន​ធ្លាក់​ចុះ ២៥% បើ​ធៀប​នឹង​ឆ្នាំ​មុន​។

ប្រភព​ពី​សារព័ត៌មាន​ថៃ The Nation បានឱ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​ការ​កក់​សណ្ឋាគារ​នេះ គឺ​ដោយសារ​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ក្នុង​ចំណោម​ភ្ញៀវ​ថៃ និង​ភ្ញៀវ​បរទេស បន្ទាប់​ពី​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​កាលពី​ថ្ងៃ​ទី​២៨ ខែមីនា បណ្តាល​ឱ្យ​មានការ​រញ្ជួយ​យ៉ាង​ខ្លាំង​ក្នុង​តំបន់​ភាគ​ខាងជើង និង​កណ្តាល​ប្រទេស​ថៃ​។

លោក ធាន​ប្រា​សិទ្ធ ឆៃ​យ៉ា​ផា​ត្រា​ណា​ន (Thienprasit Chaiyaphatranan) ប្រធាន THA បាន​បង្ហាញ​ថា សមាគម​បាន​ធ្វើការ​ស្ទង់​មតិ​លើ​សណ្ឋាគារ​ចំនួន ៥២ ក្នុង​តំបន់​ទេសចរណ៍​ពេញ​និយម​ចំនួន ៧ រួម​មាន ទីក្រុង​បាងកក ខេត្ត​ក្រា​ប៊ី ឈុ​ន​បុរី ឈៀង​រ៉ៃ ឈៀង​ម៉ៃ ភូ​កេ​ត និង​ស៊ូ​រ៉ាត់​ថា​នី ជា​លទ្ធផល​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ ២៥% នៃ​ការ​កក់​សណ្ឋាគារ​សម្រាប់​ថ្ងៃ​ទី ១១​ដល់​១៧ ខែមេសា ឆ្នាំ​នេះ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ក្នុង​ឆ្នាំ​មុន​។ ការ​កក់​ទុក​របស់​ភ្ញៀវ​ទេសចរ​បរទេស​ក៏​មានការ​ថយ​ចុះ​ដែរ សរុប​មាន​ចំនួន ៣២,២៤៤​បន្ទប់​ត្រូវ​បាន​កក់​ទុក​សម្រាប់​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី បើ​ធៀប​នឹង ៤២,៧៦១​បន្ទប់​អំឡុង​ពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។

THA បាន​បន្ថែម​ទៀត​ថា ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ២,០៦៧,៨៤៦​នាក់​ត្រូវ​បាន​រំពឹង​ថា នឹង​មក​លេង​ប្រទេស​ថៃ​ក្នុង​ខែមេសា ឆ្នាំ​នេះ ជា​ការ​ថយ​ចុះ​ពី​ចំនួន ២,៧៥៧,១២៨​នាក់​ក្នុង​ខែមេសា កាលពី​ឆ្នាំ​មុន​។ ប្រធាន THA បាន​និយាយ​ថា ការ​រំពឹង​ទុក​មួយ​បាន​បង្ហាញ​ថា សង្ក្រាន្ត​ឆ្នាំ​នេះ នឹង​មិន​មាន​ភាព​រស់​រវើក​ដូច​ឆ្នាំ​មុន​ទេ ដែល​នេះ​ជា​រយៈពេល​ក្រោយ​ការ​បើក​ប្រទេស​ឡើង​វិញ បន្ទាប់​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​។

ជាមួយ​គ្នា​នោះ លោក​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជំរុញ​វិស័យ​ទេសចរណ៍​ឱ្យ​បាន​ឆាប់រហ័ស ជា​ពិសេស​ទីផ្សារ​ក្នុងស្រុក និង​ព​ន្លឿ​ន​កម្មវិធី​ឧបត្ថម្ភ​ធន​ទេសចរណ៍​ឱ្យ​បាន​លទ្ធផល​ជាក់ស្តែង ដើម្បី​ដោះស្រាយ​កង្វល់​សុវត្ថិភាព​របស់​អ្នកទេសចរ​ទាក់ទង​នឹង​សណ្ឋាគារ ជា​ពិសេស​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​។ THA ក៏​កំពុង​ស្នើ​សុំ​ផ្ទាំង​វិ​ញ្ញាប​ន​ប័ត្រ​ប​ញ្ពា​ក់អំ​ពី​សុវត្ថិភាព​សម្រាប់​សណ្ឋាគារ ដែល​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ផង​ដែរ ដែល​ស្រ​ដៀង​ទៅ​នឹង​ស្ទី​គ័​រ SHA+ ដែល​ចេញ​ឱ្យ​ប្រើប្រាស់​អំឡុង​ពេល​ជំងឺ​កូ​វី​ដ​១៩ សម្រាប់​គ្រឹះស្ថាន​ដែល​បំពេញ​តាម​ស្តង់ដារ​សុខភាព​សាធារណៈ​។

លើស​ពី​នេះ​ទៀត លោក​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា ការ​ដំឡើង​ពន្ធ​កាលពី​ពេល​ថ្មី​ៗ​នេះ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក អាច​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​របស់​អ្នកទេសចរ​អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​ថៃ ដោយសារ​ជនជាតិ​អា​មេ​រិ​ក​ទំនងជា​ចំណាយ​កាន់តែ​ច្រើន​លើ​ទំនិញ​សំខាន់​ៗ ដែល​នាំ​ឱ្យ​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​តិច​ជាង​មុន​។ គោលនយោបាយ​នេះ​នឹង​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ប៉ះពាល់​ដល់​ប្រទេស​ដ៏​ទៃ​ទៀត​ដែល​ពេញ​និយម​ដោយ​អ្នកទេសចរ​អា​មេ​រិ​ក​ផង​ដែរ ខណៈ​ផល​ប៉ះពាល់​ពេញលេញ​អាច​នឹង​មិន​ត្រូវ​បានដឹង​ភ្លាម​ៗ​នោះ​ទេ វា​អាច​នឹង​កាន់តែ​ច្បាស់​ក្នុង​រយៈពេល​៥​ទៅ​៦​ខែ​ខាង​មុខ​៕ ប្រភព ៖ Nation Thailand

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ