បរទេស ៖ តម្លៃប្រេងឆៅបានធ្លាក់ចុះដល់ ៧% កាលពីថ្ងៃសុក្រ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល៣ឆ្នាំ ខណៈប្រទេសចិនបានដំឡើងពន្ធលើទំនិញរបស់សហរដ្ឋអាមេរិក ដែលជាការបន្ថែមសាំងលើភ្លើងសង្គ្រាមពាណិជ្ជកម្ម ស្របពេលវិនិយោគិនវាយតម្លៃលទ្ធភាពខ្ពស់នៃវិបត្តិសេដ្ឋកិច្ចពិភពលោក។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយកាលពីថ្ងៃទី៤ ខែមេសា កន្លងទៅ។
ចិន ដែលជាប្រទេសនាំចូលប្រេងកំពូលរបស់ពិភពលោកបានប្រកាសនឹងដាក់ពន្ធបន្ថែម ៣៤% លើទំនិញទាំងអស់របស់អាមេរិក ដោយចូលជាធរមានចាប់ពីថ្ងៃទី១០ ខែមេសា ស្របពេលប្រទេសជុំវិញពិភពលោកក៏បានត្រៀមលក្ខណៈសងសឹកពន្ធដូចគ្នា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដំឡើងពន្ធគយដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយសតវត្ស។
ទំនិញសព្វមុខ រួមទាំងឧស្ម័នធម្មជាតិ សណ្តែកសៀង និងមាស ក៏បានធ្លាក់ចុះ ដោយចាប់ពីតម្លៃខ្ពស់បំផុតមិនធ្លាប់មានពីមុន ៣,១៦៧ដុល្លារក្នុង១អោន ឬ ៣,៨១៥ដុល្លារក្នុង១តម្លឹង កាលពីថ្ងៃ៣ មេសា ឆ្នាំ២០២៥ ធ្លាក់មកនៅត្រឹម ៣,០៣៧ដុល្លារក្នុង១អោន ឬ ៣,៦៥៩ដុល្លារក្នុង១តម្លឹង គិតត្រឹមរសៀលថ្ងៃទី៦ ខែមេសា ចំពេលដែលទីផ្សារភាគហ៊ុនសកលក៏បានដាំក្បាលចុះផងដែរ។ ធនាគារវិនិយោគ JPMorgan បានអះអាងអំពីការមើលឃើញឱកាស ៦០% នៃការធ្លាក់ចុះសេដ្ឋកិច្ចសកលនៅចុងឆ្នាំនេះ ពោលកើនឡើងពី ៤០% ពីការព្យាករមុន។
សន្ទស្សន៍តម្លៃគោលអនាគតសម្រាប់ប្រេងឆៅ Brent សកលបានធ្លាក់ចុះ ៤,៥៦ដុល្លារ ឬ ៦,៥% ដោយទូទាត់ក្នុងតម្លៃទាបជាង ៦៥.៥៨ក្នុងមួយបារ៉ែល ខណៈអនាគតប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ ៤,៩៦ដុល្លារ ឬ ៧,៤% ក្នុងតម្លៃត្រឹម ៦១,៩៩ដុល្លារក្នុង១ប៉ារែល។
លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិកបានថ្លែងក្នុងសុន្ទរកកាលពីពេលថ្មីៗនេះថា ពន្ធថ្មីរបស់លោក ត្រាំ គឺធំជាងការរំពឹងទុក ហើយការធ្លាក់ចុះសេដ្ឋកិច្ច រួមទាំងអតិផរណាខ្ពស់ និងកំណើនយឺត ទំនងជានឹងមានផងដែរ។
សម្ពាធបន្ថែមលើតម្លៃប្រេងកើតឡើង បន្ទាប់ពីក្រុមប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ បានសម្រេចចិត្តជំរុញផែនការសម្រាប់ការបង្កើនទិន្នផលប្រេងរបស់ខ្លួន ដោយមានគោលបំណងឈានដល់ ៤១១,០០០បារ៉ែលក្នុង១ថ្ងៃ ទៅកាន់ទីផ្សារពិភពលោកនៅខែឧសភាខាងមុខ ពោលកើនឡើងពី ១៣៥,០០០បារ៉ែលក្នុង១ថ្ងៃ ដែលបានគ្រោងទុកពីមុន។
លោក Daan Struyven ប្រធានផ្នែកស្រាវជ្រាវប្រេងនៅធនាគារវិនិយោគដ៏ធំរបស់សហរដ្ឋអាមេរិក Goldman Sachs បានលើកឡើងក្នុងកំណត់ត្រាមួយថា ហានិភ័យចំពោះការព្យាករតម្លៃប្រេងធ្លាក់ចុះរបស់ Goldman Sachs គឺធ្លាក់ចុះជាពិសេសសម្រាប់ឆ្នាំ ២០២៦ ដែលផ្តល់ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចសកល និងកម្រិតទាបនៃការផ្គត់ផ្គង់របស់អង្គការ OPEC+៕



ចែករំលែកព័តមាននេះ