ក្រសួងបរិស្ថានបានអោយដឹង កាលពីព្រឹកថ្ងៃអាទិត្យ ទី៦ ខែមេសាថា ខ្លួនបានចាត់វិធានការចំពោះក្រុមហ៊ុនមួយ ដែលបានបង្ហូរកាកសំណល់មិនល្អចូលទឹកធម្មជាតិមួយកន្លែង នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

តាមរយៈការផ្សាយនៅតាមហ្វេសប៊ុកផ្លូវការរបស់ខ្លួននោះបានអោយដឹងថា មន្ត្រីក្រសួងបរិស្ថានរកឃើញជាលើកទី២ករណីរោងចក្រកែច្នៃស្បែកសត្វជ្រូករបស់ក្រុមហ៊ុន CS TAN CO., LTD. នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវ បានសម្អាតត្រឹមត្រូវ និងលើសកម្រិតស្តង់ដារ ចូលទៅក្នុងតំបន់ទឹកសាធារណៈ ។
ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋកាលពីពេលថ្មីៗកន្លងមកនេះ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារសុក្រិត្យកម្មបរិស្ថានកិច្ចបានចុះត្រួតពិនិត្យជាថ្មីម្តងទៀត លើទីតាំងក្រុមហ៊ុន CS TAN CO., LTD. ដែលបានកែច្នៃស្បែកសត្វជ្រូកមានទីតាំង នៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនបានដកទុយោ HDPE ដែលពីមុនបានជីកបង្កប់ក្នុងដី ដើម្បីបង្ហូរសំណល់រាវ ចេញទៅតំបន់ទឹកធម្មជាតិ (ព្រែកកន្លង់) ដែលស្ថិតនៅចម្ងាយប្រមាណ៧០០ម៉ែត្រ នៅខាងក្រោយរោងចក្រ ប៉ុន្តែក្រុមហ៊ុនបានកាយប្រឡាយដីជំនួសវិញ ដើម្បីឲ្យទឹកដែលដក់នៅផ្នែកខ្លះក្បែរទីតាំងក្រុមហ៊ុន ដែលមិនបានសម្អាតត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងលើសស្តងដាឱ្យបន្តហូរចូលព្រែកន្លង់នេះដដែល ។

ក្រុមការងារបានដាក់ម៉ាស៊ីនត្រួតពិនិត្យគុណភាពទឹកកន្លែងបញ្ចេញពីរោងចក្រ និងនៅផ្នែកខ្សែទឹកខាងក្រោមក្នុងព្រែកកន្លង់ ទឹកមានពណ៌ខ្មៅ និងមានក្លិនស្អុយដដែល ហើយកំហាប់សាធាតុពុលលើសកម្រិតស្តង់ដា ។ ក្រុមការងារបានយកសំណាក់ទឹកនៅតាមតំបន់ខាងលើមកពិនិត្យក្នុងមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញបន្ថែមទៀតផងដែរ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានរកឃើញរោងចក្ររបស់ក្រុមហ៊ុន CS TAN CO., LTD. បានប្រព្រឹត្តល្មើសច្បាប់ ដោយបានបញ្ចេញសំណល់រាវចេញពីរោងចក្រចូលព្រែកកន្លង់ និងបានបូមបន្ត ដើម្បីចាក់ចូលទៅសមុទ្រ ។
ក្រោយពេលក្រសួងបរិស្ថានចាត់វិធានការច្បាប់ដល់ក្រុមហ៊ុន កន្លងមកក្រុមហ៊ុនបានលប់ប្រឡាយជីកសម្រាប់បបង្ហូរសំណល់រាវទៅសមុទ្រ ដែលក្រុមការងារក្រសួងបរិស្ថាន ធ្លាប់រកឃើញបានរួចរាល់ហើយ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាឱ្យក្រុមហ៊ុន CS TAN CO., LTD. បញ្ឈប់ជាបន្ទាន់ ការបង្ហៀរសំណល់រាវ ដែលពុំបានសម្អាតត្រឹមត្រូវ និងបានបង្កឱ្យមានការបំពុលប្រភពទឹកស្អាត ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងចំណាត់ការច្បាប់មិនលើកលែង ចំពោះក្រុមហ៊ុន ដោយអនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។
ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលកន្លងមកបានជួយផ្តល់ព័ត៌មាន ហើយក្រសួងបរិស្ថាន និងធ្វើការអនុវត្តន៍វិធានការច្បាប់យ៉ាងតឹងរឹង ក្នុងករណីក្រុមហ៊ុន បានបញ្ចេញសំណល់រាវពុំបានសម្អាតត្រឹមត្រូវ និងលើសកម្រិតស្តង់ដា គឺល្មើសទៅនឹងមាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ មាត្រា២៨៨ មាត្រា២៨៩ មាត្រា២៩០ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ហើយករណីមិនបញ្ឈប់ក្នុងការបង្ហៀរសំណល់រាវ បំពុលតំបន់ទឹកសាធារណ និងមិនបានអនុវត្តតាមបទដ្ឋានបច្ចេកទេសនៃការគ្រប់គ្រងសំណល់រាវឱ្យបានត្រឹមត្រូវ ក្រសួងបរិស្ថាននឹងតម្រូវឱ្យក្រុមហ៊ុនផ្អាកសកម្មភាពផលិតកម្មជាបណ្តោះអាសន្ន និងសមត្ថកិច្ចអាចឃាត់ខ្លួនម្ចាស់រោងចក្រ សហគ្រាស ដើម្បីជៀសវាងការបង្ហូរសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន បង្កឱ្យមានការបំពុលបរិស្ថាន ជាបន្តទៀត យោងតាម មាត្រា៨២៤និងមាត្រា៨២៥ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ៕



ចែករំលែកព័តមាននេះ