ខេត្តបាត់ដំបង ៖ រហូតមកដល់ពេលនេះ គេមិនទាន់ស្រាវជ្រាវរកមូលហេតុឃើញនៅឡើយទេ ដែលនាំឲ្យមានអគ្គិភ័យឆាបឆេះរាលដាលលើចម្ការដំណាំរាប់សិបហិកតាចំនួន០៣កន្លែងជាបន្តបន្ទាប់ ដែលនៅក្បែរៗគ្នា កាលពីរសៀលថ្ងៃទី០៤ មេសា នៅត្រង់តំបន់«ភ្នំប្រាក់» ស្ថិតក្នុងភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ចម្ការដំណាំដែលរងគ្រោះដោយអគ្គិភ័យមិនដឹងមុខនេះ មាន០៣ម្ចាស់ និងមានដំណាំពេញៗដីចម្ការតែម្ដង តែត្រូវភ្លើងឆេះអស់ស្ទើរទាំងស្រុង ។ ដីចម្ការទី១ ជាចម្ការរបស់ក្រុមហ៊ុនចិនមានផ្ទៃដីទំហំ១៤ហិចតា មានដំណាំប្ញស្សី និងដំណាំតាង៉ែន ។ ចំពោះការខូចខាត ដំណាំក្នុងចម្ការក្រុមហ៊ុនចិននេះ ភ្លើងបានឆេះដើមតាង៉ែនអស់ចំនួន៨០០ដើម ឆេះដើមប្ញស្សីអស់ចំនួន២,០០០គុម្ភ និងឆេះខូចខាតប្រព័ន្ធស្រោចស្រប (ទុយោ) ដែលពង្រាយក្នុងចម្ការអស់ទាំងស្រុងតែម្ដង។
ចម្ការទី២ម្ចាស់ឈ្មោះ ទឹម សារ៉ាក់ ភេទប្រុស អាយុ៦៨ឆ្នាំ មានផ្ទៃដីចម្ការទំហំ១៦ហិកតា សុទ្ធជាដំណាំស្វាយចំនួន៤,៤៨០ដើម ត្រូវខូចខាតទាំងស្រុងតែម្ដង ។ ដោយឡែក ម្ចាស់ចម្ការទី៣ ឈ្មោះ ឡុង សយសុធី ភេទប្រុស រស់នៅបាត់ដំបង ។ ដីចម្ការនេះ ភាគច្រើនក៏ជាដំណាំស្វាយដែរ ប៉ុន្តែគេមិនទាន់ដឹងពីទំហំផ្ទៃដី និងការខូចខាតផលដំណាំនៅឡើយទេ ដោយសារពេលកើតហេតុ ម្ចាស់ចម្ការមិនបាននៅ ។

ជុំវិញគ្រោះមហន្តរាយដោយអគ្គិភ័យខាងលើនេះ បើតាមលោក រឿម រាំង អធិការរងទទូលផ្នែកអគ្គិភ័យ ដែលបានដឹកនាំកម្លាំងជំនាញចុះអន្តរាគមន៍បានប្រាប់ថា បើតាមការបំភ្លឺបឋមពីម្ចាស់ចម្ការ និងអ្នកភូមិផង ដំបូងគេឃើញអគ្គិភ័យនោះបានផ្ដើមចេញពីដីចម្ការរបស់ឈ្មោះ ទឹម សារ៉ាក់ ហើយឆេះរាលដាលកាន់តែខ្លាំង ឆ្លងចូលដីចម្ការអ្នកនៅក្បែរៗ ដែលមិនអាចទប់ស្កាត់បាន ។
លោកអធិការរងបានបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង បានចូលអន្តរាគមន៍បាញ់ទឹកពន្លត់ តែមិនអាចចូលជួយដល់ទៅតាំងកើតហេតុបានទេ ដោយសាររថយន្តបើកចូលមិនរួច បានត្រឹមតែបាញ់ទប់ស្កាត់ពីចម្ងាយតាមលទ្ធភាពដែលអាចធ្វើបាន ។ ដូច្នេះហើយទើបកម្លាំងភ្លើងឆាបឆេះរាលដាលពីចម្ការមួយឆ្លងចូលទៅចម្ការមួយយ៉ាងពេញទំហឹង ឆេះខូចខាតដំណាំក្នុងចម្ការនីមួយៗ អស់ស្ទើរទាំងស្រុង ។

ប៉ុន្តែយ៉ាងណា បើតាមលោកអធិការរងរូបនេះបានបញ្ជាក់ថា ពេលនេះ មន្ត្រីជំនាញកំពុងចុះពិនិត្យទីតាំងកើតហេតុ និងធ្វើការស្រាវជ្រាវដើម្បីស្វែងរកមូលហេតុ ដែលនាំមានគ្រោះអគ្គិភ័យដ៏មហន្តរាយនេះហើយ ៕

ចែករំលែកព័តមាននេះ