ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ប្រកាស​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដំបូង​ ចំនួន១០​ម៉ឺន​ដុល្លារ ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​រង​គ្រោះ​​រញ្ជួយ​ដី

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដំបូង​ ចំនួន១០​ម៉ឺន​ដុល្លារ ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​រង​គ្រោះ​ពី​គ្រោះ​រញ្ជួយ​ដី ​នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ ​។ នៅ​ថ្ងៃ​ទី​៣០…

រាជធានី​ភ្នំពេញ ​៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដំបូង​ ចំនួន១០​ម៉ឺន​ដុល្លារ ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​រង​គ្រោះ​ពី​គ្រោះ​រញ្ជួយ​ដី ​នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ ​។

នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៥ ក្នុង​កិច្ចប្រជុំ​បន្ទាន់​ពិសេស​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ក្រោយគ្រោះ​រញ្ជួយ​ដី​នៅ​មី​យ៉ា​ន់​ម៉ា និង​ថៃ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និងសហប្រតិបត្តិការ​អន្តរជាតិ បាន​បួងសួង និង​ចូលរួម​រំលែក​ទុក្ខ​ដោយ​ស្មោះ​របស់​កម្ពុជា ជូន​ចំពោះ រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ា​ន់​ម៉ា និង​ថៃ ចំពោះ​សោកនាដកម្ម​បាត់បង់​ជីវិត​ប្រជាជន និង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ខ្លាំង ដែល​បណ្តាល​មក​ពី​គ្រោះ​រញ្ជួយ​ដី​នា​ពេល​ថ្មី​ៗ​នេះ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​អាណិតអាសូរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គ្រួសារ ​ដែលរង​ផល​ប៉ះពាល់​ទាំងអស់ និង​អរគុណ​ចំពោះ​រដ្ឋាភិបាលថៃ និង​មី​យ៉ា​ន់​ម៉ា សម្រាប់​ការ​គាំទ្រ​ ដែល​ផ្តល់​ដល់ប្រជាពលរដ្ឋ​កម្ពុជា ​ដែល​រង​គ្រោះ​នៅ​ក្នុង​គ្រោះ​មហន្តរាយ​នេះ​ ។

ឯកឧត្តម ប្រាក់ សុ​ខុន បាន​បញ្ជាក់​សា​ជា​ថ្មី​អំពី​សាមគ្គីភាព​ដ៏​រឹង​មាំ​របស់​កម្ពុជា ​ជាមួយ​គ្រួសារ​អាស៊ាន និង​បាន​ប្រកាស​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដំបូង ​ចំនួន ១០០,០០០ដុល្លារ​អា​មេ​រិ​ក ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា រួម​ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ស្វែងរក​ការ​រួមចំណែក​បន្ថែម​ទៀត​ ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​សង្គ្រោះ​ក្នុងតំបន់​ស្រប​តាម​តម្រូវការ​នៅ​មូលដ្ឋាន​ ។

ឯកឧត្តម បាន​ស្វាគមន៍​ចំពោះ​ភាព​សកម្ម​ នៃ​យន្តការ​ឆ្លើយ​តប​គ្រោះ​មហន្តរាយ​អាស៊ាន និង​ការ​គាំទ្រ​ពីអន្តរជាតិ ព្រមទាំង​បាន​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ដើម្បី​ផ្តោត​លើ​សន្តិភាព និង​ធានា​ថា ​ជំនួយ​មនុស្សធម៌​បន្ទាន់​ នឹង​បាន​ទៅ​ដល់​ដៃ​អ្នក​ដែល​ត្រូវការ ​។

ជាមួយ​គ្នា​នេះ កម្ពុជា​នៅ​តែ​ប្រកាន់ខ្ជាប់​ក្នុង​ការ​គាំទ្រ​ការ​ឆ្លើយ​តប​រួម​របស់​អាស៊ាន ក្រោម​ការ​ដឹកនាំ​របស់ម៉ា​ឡេ​ស៊ី​ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ​ ។

កម្ពុជា សូម​សម្តែង​នូវ​ការ​អាណិតអាសូរ​ដោយ​ស្មោះ និង​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត និង​សាមគ្គីភាព​ក្នុង​ការ​ឆ្លើយ​តប​របស់​អាស៊ាន​ទៅ​នឹង​គ្រោះ​រញ្ជួយ​ដី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ