ខេត្តសៀមរាបះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិត ធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ រឿងករណី គំនុំជាមួយឪពុកចុង ខណៈទៅឃ្វាលគោ បង្កើតជាករណីឃាតកម្មលើក្មេងស្រី ដ៌អាថ៌កំបាំងនៅស្រុកអង្គរជុំ បញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់ ។
ករណីឃាតកម្មលើក្មេងស្រី បង្កការភ្ញាក់ផ្អើលយ៉ាង រន្ធត់នោះ បានកើតឡើង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចវាលស្រែអូរបាក់រនាស់ ស្ថិតក្នុងភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនដៃដល់ នៅថ្ងៃទី២៨ ខែ មីនា ឆ្នាំ ២០២៥ ស្ថិតនៅ ផ្ទះរបស់ជនសង្ស័យ រស់នៅក្នុងភូមិ ឃុំជាមួយគ្នា និងជនរងគ្រោះ ។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលជំនាញបានប្រាប់ នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៥ នេះថា ដោយអនុវត្តតាមបទបញ្ជាដល់ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការនគរបាលជាតិ និងក្រោមការយកចិត្តទុក ដាក់ជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និងដឹកនាំផែននគរបាលព្រហ្មទណ្ឌ ដោយលោកវរសេនីយ័ឯក នួន ស័ក្កិ ចំរើនរិទ្ធិ ស្នងការរងនគរបាលខេត្តសៀមរាប និងដោយមានកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប រហូតឈានដល់ធ្វើការឃាត់ខ្លួន ជនដៃដល់បញ្ជូនទៅតុលាការ ចាត់ការតាម នីតិវិធីច្បាប់ នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា ករណីឃាតកម្មលើក្មេងស្រី នោះកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅចំណុចវាល ស្រែអូរបាក់រនាស់ ស្ថិតក្នុងភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប លើក្មេងស្រី ឈ្មោះ គុណ ស្រីលិម ហៅ ស្រី តយ ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ជាមួយគ្នា។
តាមប្រភពបញ្ជាក់ទៀតថា ក្រោយពេលទទួលបានព័ត៍មាន និងបទបញ្ជា កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអង្គរជុំធ្វើការស្រាវជ្រាវខិតខំប្រមូល សាក្សី និងភស្តុតាងជាបន្ត បន្ទាប់ ជុំវិញករណីខាងលើនេះ ។ រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កម្លាំងយើងបានដាក់ការសង្ស័យ លើ ឈ្មោះ ស៊ាយ អាយប៉ឹម ហៅប៉ឹម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើត ហេតុ ខាងលើ ដែលមានតម្រុយអំពីពិរុទ្ធភាព និងនាំខ្លួនមកធ្វើការសាកសួរជុំវិញរឿងហេតុខាង លើ ។
បន្ទាប់ពីការ សាកសួរតាមនីតិវិធី លើជនសង្ស័យមិនអាចឆ្លើយប្រកែកបាន ខណៈពេលនោះ ជនសង្ស័យក៏ព្រមឆ្លើយសារភាពថា នៅអំឡុងដើមខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៦និង០០នាទី ខណៈពេលឪពុករបស់ខ្លួនឈ្មោះ ហឿត ស៊ាយ ភេទប្រុស អាយុ ៤០ឆ្នាំ កំពុងផឹកស្រាជាមួយឈ្មោះ សែ ភឿយ ហៅពឿត ឬឈឿយ ភេទប្រុស អាយុប្រហែល ៤៧ឆ្នាំ ជាប្រជាការពារភូមិអន្ទិតសុខ និងឈ្មោះ សែ សោម ភេទប្រុស អាយុប្រហែល ៣៨ឆ្នាំ មុខរបរ កសិករ ស្រាប់តែឈ្មោះ គក់ គុណ ភេទប្រុស អាយុ ៤៥ឆ្នាំ (ឪពុកចុងជនរង គ្រោះ) ជាអ្នកភូមិឃុំជាមួយគ្នាបានដើរមកក្នុងសភាពស្រវឹងស្រែកជេរប្រមាថ ។
ភ្លាមៗនោះឈ្មោះ គក់ គុណ បានចាប់យកដំបងឈើ វាយមកលើឪពុករបស់ខ្លួនចំនួន ០២ដំបង ត្រូវចំស្មាផ្នែកខាងស្តាំ បណ្តាលឱ្យថ្លោះគ្រេចស្មារ ហើយបន្តដើរទៅ យកខ្វែវដងឈើរបស់ឈ្មោះ សែ ភឿយ ដែលទុកក្រោមផ្ទះ ហើយស្រែកថា « ហែងផឹកស្រា មិនដែលហៅអញ ចាំមើលអញយកខ្វែវកាប់ពួកហែងងាប់អស់» ។ ប៉ុន្តែពេលនោះត្រូវបាន ឈ្មោះ ម៉ៅ ដា ភេទស្រី អាយុប្រហែល ៣៧ឆ្នាំ ដែលនៅក្បែរនោះចាប់ជាប់ ហើយឈ្មោះ គក់ គុណ បានដើរទៅផ្ទះបាត់ទៅ។
ជាក់ស្តែងនៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ១៥:០០នាទី ជីតារបស់ខ្លួនឈ្មោះ ឆេង អាយុប្រហែល ៧០ឆ្នាំ បានប្រើឱ្យរូបខ្លួនទៅចងគោនៅចំណុចវាលស្រែអូរបាក់រនាស់ ស្ថិតនៅភូមិកើតហេតុ ខាងលើ ពេល នោះក៏បានឃើញឈ្មោះ គុណ ស្រីលិម ហៅ តយ ភេទស្រី អាយុ ១៣ឆ្នាំ ត្រូវជាកូនស្រីចុងរបស់ឈ្មោះ គក់ គុណ ពាក់អាវយឺត មិនចាំពណ៌ និងមិនចាំថាដៃវែង ឬដៃខ្លី មិនមានស្លៀកខោរ កំពុងលេងទឹកម្នាក់ឯង ក្នុងចំណុចថ្លុកទឹកអូរបាក់រនាស់ ដោយនៅក្បែរឈ្មោះ គុណ ស្រីលិម មានសម្ភារៈដូចជា ធុងជ័រ ពណ៌ ស ចំនួន ០១, ចបជីកចំនួន ០១, ស្បែកជើងសូក ពណ៌ ផ្កាឈូក ចំនួន ០១គូរ និងមានខោរចំនួន ០១ មិនចាំថា ពណ៌អ្វីនោះទេ ។
ភ្លាមនោះដោយខ្លួនមានគំនុំរឿងឪពុកខ្លួនត្រូវបានឪពុករបស់ឈ្មោះ គុណ ស្រីលិម វាយកន្លងមកផង រូបខ្លួនបានដើរសំដៅទៅរកឈ្មោះ គុណ ស្រីលិម ពីខាងក្រោយ បន្ទាប់មកធ្វើ សកម្មភាពប្រើដៃស្តាំច្របាច់ ក របស់ឈ្មោះ គុណ ស្រីលិម ពីផ្នែកខាង ក្រោយ រុញពន្លិចទៅក្នុងទឹកថ្លុក ពេលនោះឈ្មោះ គុណ ស្រីលិម បានរើ បម្រាស់បានប្រហែល ០២នាទី ក៏លែងមានសកម្មភាពរើ រូបខ្លួនដឹងថា ឈ្មោះ គុណ ស្រីលិម បានស្លាប់ ក៏បានប្រើជើងខាងស្តាំជាន់ពន្លិចសពផ្កាប់មុខចូលទៅក្នុងដីភក់សភាពទន់ជ្រាយ លិចសពចូលទៅក្នុងដី ហើយដើរគេចខ្លួនទៅទិសខាងត្បូង ដល់ផ្លូវលំក៏ដើរ ទៅទិសខាងកើត សំដៅទៅផ្ទះម្តាយមីងរបស់ខ្លួនឈ្មោះ ភាំង នេត ភេទស្រី អាយុប្រហែល ២០ឆ្នាំ នៅភូមិឃុំ ជាមួយគ្នា ដោយលាក់បាំងរឿងនេះមិនប្រាប់អ្នកណាឡើយ។
បច្ចុប្បន្នជនសង្ស័យ ខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕










ចែករំលែកព័តមាននេះ