ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​ខែ​ហើយ​ម៉ាក់​! សូម​ម៉ាក់​មក​មើល​កូន​ផង នេះ​ជា​សម្ដី​យុវជន(​ញៀនថ្នាំ)ជាប់​ឃុំ​ម្នាក់ លាតត្រដាង​ជីវិត​កប់​ក្នុង​វប្ប​ដិ​សារី

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​ធ្លាប់តែ​កូន​ស្ដាប់បង្គាប់​ឪពុក​ម្ដាយ យុវជន​វ័យ​១៧​ឆ្នាំ​ម្នាក់​រស់នៅ​សង្កាត់​ឬ​ស្សី​កែវ បាន​ចែករំលែក​បទ​ពិសោធ​ដ៏​អាក្រក់​មួយ​របស់​ខ្លួន ដែល​ប្រើប្រាស់​គ្រឿងញៀន និង​បង្ក​អំពើ​ហិង្សា​លើ​ម្ដាយ​ខ្លួនឯង​​ បានរៀបរាប់ ប្រាប់​មន្ត្រី​ព័ត៌មាន នៃ​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ…

រាជធានី​ភ្នំពេញ ​៖ ​ធ្លាប់តែ​កូន​ស្ដាប់បង្គាប់​ឪពុក​ម្ដាយ យុវជន​វ័យ​១៧​ឆ្នាំ​ម្នាក់​រស់នៅ​សង្កាត់​ឬ​ស្សី​កែវ បាន​ចែករំលែក​បទ​ពិសោធ​ដ៏​អាក្រក់​មួយ​របស់​ខ្លួន ដែល​ប្រើប្រាស់​គ្រឿងញៀន និង​បង្ក​អំពើ​ហិង្សា​លើ​ម្ដាយ​ខ្លួនឯង​​ បានរៀបរាប់ ប្រាប់​មន្ត្រី​ព័ត៌មាន នៃ​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ក្នុង​កិច្ច​សម្ភាស​នៅ​បណ្ណាល័យ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) យុវជន​សម្បុរ​ខ្មៅ ភ្នែក​លឿង​បន្តិច បាន​រម្លឹក​ថា ខ្លួន​បាន​ដើរ​លេង​ជាមួយ​ពី​មិត្ត​រួមការ​ងារ ហើយ​ក៏​នាំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន ដោយសារ​ចង់​សាក ចង់​ដឹង និង​និយម​តាម​បន​ភឿន ​ដែល​អះអាង​ថា​ វា​នាំ​ឱ្យ​មាន​អារម្មណ៍​សប្បាយ​ ។

យោង​តាម​បណ្តាញ​សង្គម​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ បាន​លើក​ឡើង​ថា ​៖ ចូល​អន្ទាក់​គ្រឿងញៀន​បាន​៣​ខែ យុវជន​រូប​នេះ អះអាង​ថា​ ខ្លួន ហាក់​ភ្ញាក់រលឹក ក៏​បាន​លាលែង​ពី​កន្លែង​ការងារ ដើម្បី​គេច​ពី​បន​ភឿន មក​រស់នៅ​ជាមួយ​ម្ដាយ ប៉ុន្តែ​ការ​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន បាន​ធ្វើ​ឱ្យ​ខ្លួន​នៅ​មិន​សុខ ចេះ​តែ​ខឹង មួរ​ម៉ៅ និង​បាន​អះអាង​ទៀត​ថា «​នរណា​មើល​មុខ នរណា​និយាយ​ច្រើន ដាក់​ខ្ញុំ​ក៏​បាន​ដែរ​»​។ ពាក់អាវ​ពណ៌​ទឹកក្រូច អង្គុយ​និយាយ​ទាំង​មាន​មន្ត្រី​ពន្ធនាគារ​ឈរ​តាមដាន​សកម្មភាព​ក្នុង​បទ​សម្ភាស យុវជន​រូប​នេះ បាន​អះអាង​ថា ដើមហេតុ​នាំ​ឱ្យ​មានការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ម្ដាយ គឺ​ដោយសារ​តែ​ម្ដាយ​និយាយ​រអ៊ូរទាំ ប្រើប្រាស់​ពាក្យ​សម្ដី​ជេរ​ប្រមាទ​មក​លើ​ខ្លួន និង​ហាមឃាត់​កុំ​ដើរ​លេង​ដាច់​យប់​ជាមួយ​មិត្តភក្តិ​ដោយ​ខ្លាច​នាំ​ឱ្យ​ប្រើប្រាស់​គ្រឿងញៀន​ទៀត​ ។

«​វា​ពិតជា​អាក្រក​ណាស់​» យុវជន​លាត់​មាត់​ស្ដីបន្ទោស​ខ្លួនឯង ដោយ​បន្ត​ទៀត​ថា «​នៅ​ពេល​ឮ​បែប​នោះ គឺ​ខ្ញុំ​ដឹង​តែ​ពី​ខឹង​……​ក៏​ឈាន​ទៅ​វាយតប់ និង​ច្រាន​គាត់​ឱ្យ​ដួល​….»​។ គឺ​សកម្មភាព​ក្រោម​អំណាច​គ្រឿងញៀន​នេះ​ហើយ​ដែល​យុវជន​រូប​នេះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូន​ទៅ​តុលាការ មុន​នឹង​មក​ស្ថិត​ក្រោម​ការ​ឃុំឃាំង​នៅ​ពន្ធនាគារ​PJ​។ រៀបរាប់​ទាំងអស់​សង្ឃឹម លាយឡំ​នឹង​ទឹកភ្នែក យុវជន​ដដែល បាន​បន្ថែម​ទៀត​ថា ពេល​បញ្ជូន​មក​ដល់​ពន្ធនាគារ ដំបូង​ខ្លួន​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច​ជា​ខ្លាំង និង​កាន់តែ​មាន​វិប្បដិសារី​ជា​ខ្លាំង​លើ​សកម្មភាព​របស់​ខ្លួន ហើយ​ប៉ុន្មាន​ខែ​មកនេះ ខ្លួន​គ្មាន​សាច់ញាតិ​ណា​ម្នាក់​មក​សួរសុខទុក្ខ​នោះ​ទេ​។ នៅ​ពេល​សួរ​ថា​ចង់ឱ្យ​ម្ដា​យមក​មើល​ទេ ? យុវជន​រូប​នេះ​បាន​ទម្លាក់​ទឹកមុខ​ចុះ ហើយ​បែរមុខ​ចេញ​ដោយ​យកដៃ​ជូត​ទឹកភ្នែក​ ។

តាម​រយៈ​បទ​សម្ភាស​ជាមួយ​ក្រុមការងារ យុវជន​រូប​នោះ​បាន​បង្ហាញ​ពី​ក្ដី​សង្ឃឹមថា​«​កុំ​ធ្វើ​ដូច​ខ្ញុំ​អី​! ខ្ញុំ​ខំ​គេច​ពី​វា​ហើយ​តែ​វា​នៅ​តាម​ធ្វើបាប​ខ្ញុំ រហូត​ខ្ញុំ​មានទោស​ព្រោះ​វាយ​ម្ដាយ​។ ដក​ខ្លូ​ន​ទៅ ពី​គ្រឿងញៀន វា​អាក្រក់​ណាស់​….​ឥឡូវ ខ្ញុំ​ជាប់​ឃុំ​អស់​រយៈពេល​៤​ខែ​ហើយ ពុំ​មាន​អ្នក​ណា​មក​សួរសុខទុក្ខ​ខ្ញុំ​ទេ​។ ខ្ញុំ​ពិតជា​ខុស​ធ្ងន់​ដែល​លើកដៃ​វាយ​ម៉ាក់​ដូច្នេះ​! ម៉ាក់​! បើ​ម៉ាក់​បាន​អាន ឬ​ឃើញ​វី​ដេ​អូ​នេះ សូម​ម៉ាក់​មក​មើល​ខ្ញុំ​ផង កូន​ដឹង​កំហុស​ហើយ​…» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ