ទីក្រុងប្រ៊ុចសែល៖ នៅទីបំផុត សហភាពអឺរ៉ុបចាប់ផ្ដើមដកថយមួយជំហានហើយនៅក្នុងការតថ្លៃផ្នែកនយោបាយជាមួយរុស្ស៊ីដើម្បីចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែន។ នោះគឺការលុបចោលផែនការបញ្ជូនកងរក្សាសន្តិភាពទៅឈរជើងនៅអ៊ុយក្រែនក្នុងនាមជាអ្នកឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងនៃបទឈប់បាញ់។ ចំណាត់ការនេះធ្វើឡើងនៅពេលអ៊ុយក្រែនចាប់ផ្ដើមចាញ់ប្រៀបនៅក្នុងសមរភូមិយោធា។ ដូច្នេះសមរភូមិនយោបាយ និងការទូតក៏ត្រូវតែចាញ់ប្រៀបដូចគ្នា។
ដូចដែលលោកត្រាំនិយាយប្រាប់លោកហ្សេឡិនស្គីនៅពេលប្រកែកគ្នាតឹងសរសៃកនៅសេតវិមានអីចឹងគឺថាអ៊ុយក្រែនគ្មានសន្លឹកបៀរល្អសម្រាប់លេងជាមួយរុស្ស៊ីនៅក្នុងល្បែងនយោបាយនេះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដីញូស្វីក (Newsweek)។ ចំណែកទីភ្នាក់ងារព័ត៌មានរ៉យទ័រផ្សាយថាថ្នាក់ដឹកនាំរដ្ឋជាសមាជិកសហភាពអឺរ៉ុបកំពុងថ្លឹងថ្លែងលទ្ធភាពតើអាចទៅរួចទេនៅក្នុងផែនការបញ្ជូនកងទ័ពទៅអ៊ុយក្រែននោះបើបញ្ហាកំពុងចាក់ស្រេះខ្លាំងដល់ថ្នាក់នេះ។
ឥឡូវនេះ កុំថាឡើយដល់ទៅរឿងវែងឆ្ងាយតទៅទៀត សូម្បីតែសំណើនៃបទឈប់បាញ់ដ៏ពេញលេញរយៈពេល៣០ថ្ងៃក៏រុស្ស៊ីមិនយល់ព្រមផង។ ភាគីទាំង២សម្រេចបានត្រឹមកិច្ចព្រមព្រៀងផ្អាកវាយប្រហារគ្នានៅសមុទ្រខ្មៅ។ ត្រឹមតែប៉ុណ្ណឹងផងនៅវិមានក្រឹមឡាំងដាក់លក្ខខណ្ឌថាបើចង់ឱ្យខ្លួនអនុវត្តបទឈប់បាញ់នេះលុះត្រាតែអាមេរិកលុបចោលទណ្ឌកម្មដែលដាក់ទៅលើការនាំចេញជីកសិកម្ម និងផលិតផលកសិកម្មជាមុនសិន។
លោកត្រាំក៏ទទួលស្គាល់ថាការចរចាជាមួយរុស្ស៊ីមិនងាយស្រួលឡើយ។ លោកថាលោកពូទីនទន្ទឹមនឹងការចង់បានសន្តិភាព លោកចង់បង្អែបង្អង់ពេលវេលាបន្តិចសិន។ រ៉យទ័រចុះផ្សាយបន្តទៀតថាអឺរ៉ុបកំពុងសម្លឹងមើលថយក្រោយទៅលើជម្រើសដែលមាននៅក្នុងដៃ។ ឧទាហរណ៍ផែនការបញ្ជូនទ័ពទៅអ៊ុយក្រែន ការកែសម្រួលទំនាក់ទំនងអាមេរិក-រុស្ស៊ីឡើងវិញ និងបញ្ហាដែលអ៊ុយក្រែនចាប់ផ្ដើមចាញ់ប្រៀបនៅលើសមរភូមិយោធា ហើយចាប់ផ្ដើមដកថយជាបន្តបន្ទាប់។
តំបន់ខឺសដែលអ៊ុយក្រែនខិតខំវាយទប់ទល់ជាយូរមកហើយដោយសង្ឃឹមថានឹងយកតំបន់នេះសម្រាប់តថ្លៃនៅពេលចរចាគ្នាក៏រុស្ស៊ីវាយយកមកវិញសឹងតែទាំងអស់។ នៅលើទឹកដីអ៊ុយក្រែនផ្ទាល់ក៏រុស្ស៊ីវាយទៅមុខជានិច្ចទោះបីដោយសន្សឹមៗក៏ដោយ។ ការចាញ់ប្រៀបនៅលើសមរភូមិយោធាពិបាកបន្ទោសអ៊ុយក្រែនណាស់ព្រោះក្រុមម្ចាស់ជំនួយដូចជាអាមេរិក និងអឺរ៉ុបជាដើមឆ្លៀតផ្ដែផ្ដាំអ៊ុយក្រែនថាត្រូវតែប្រើប្រាស់គ្រាប់កាំភ្លើងដោយសន្សំសំចៃ។ រីឯរុស្ស៊ីវិញអាចប្រើប្រាស់ដោយសេរី។
អ្នកការទូតអឺរ៉ុបដែលស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ថាពួកគេ (ថ្នាក់ដឹកនាំអឺរ៉ុប) កំពុងដកថយមួយជំហានហើយនៅក្នុងផែនការបញ្ជូនទ័ពទៅអ៊ុយក្រែន។ ប្រភពពីអ្នកការទូតអឺរ៉ុបដទៃទៀតប្រាប់ថានៅពេលអ៊ុយក្រែនមានជំហររឹងមាំគ្រាន់បើ អឺរ៉ុបជំរុញយ៉ាងខ្លាំងនៅក្នុងផែនការបញ្ជូនទ័ព។ ប៉ុន្តែនៅដំណាក់កាលចុងក្រោយនេះ អ៊ុយក្រែនចាញ់ប្រៀបផ្នែកយោធាផង គួបផ្សំនឹងលោកត្រាំក៏ហាក់ដូចជាទោរទន់ទៅរកទីក្រុងម៉ូស្គូទៀត ដូច្នេះគ្មាននៅសេសសល់អ្វីសម្រាប់តថ្លៃឡើយ៕
ចែករំលែកព័តមាននេះ