កម្ពុជាបានធ្វើអោយមានកំណត់ត្រាពិភពលោកថ្មីមួយ ដោយរកឃើញខ្យងដ៏អស្ចារ្យមួយប្រភេទនៅក្នុងខេត្តបាត់ដំបង ។
ក្រសួងបរិស្ថានបានសរសេរថា ខ្យងឧទយាទិត្យ Clostophis udayaditinus ត្រូវបានរកឃើញ និងទទួលស្គាល់ថា ជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្ត្រដែលត្រូវបានរកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង ។
ខ្យងនេះ ត្រូវបានគេដាក់ឈ្មោះឱ្យថា ខ្យងឧទយាទិត្យ គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ -១០៦៦) ដែលជាព្រះរាជាខ្មែរដំបូងគេដែលបានកសាងប្រាសាទភ្នំបាណន់ នៅលើកំពូលភ្នំបាណន់ ។
ការស្រាវជ្រាវត្រូវបានធ្វើឡើង កាលពីឆ្នាំ២០២៤ ដោយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជាសហការជាមួយក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញពីសាកលវិទ្យាល័យ Chulalongkorn សាកលវិទ្យាល័យ Mahidol និងសាកលវិទ្យាល័យ Khon Kaen និងគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង Bcoming ។
តាមការសិក្សាកន្លងមកពីតំបន់ភ្នំថ្មកំបោរ ប្រទេសកម្ពុជា គេបានកត់ត្រាខ្យងគោកចំនួន១៣ប្រភេទពីពួក(Genus)ចំនួន៥ ក្នុងនោះក៏មិនទាន់មានពួក «Clostophis» នេះដែរ ។ ដូចនេះ ការសិក្សារបស់យើងក៏បានបញ្ជាក់អំពីការរកឃើញនូវប្រភេទខ្យងគោកកំណត់ត្រាថ្មីសម្រាប់ពិភពលោក និងក៏បានបង្កើតនូវកំណត់ត្រាពួកថ្មីសម្រាប់ប្រទេសកម្ពុជាផងដែរ ។
សូមបញ្ជាក់ផងដែរថា ខ្យងគោកពួក Clostophis ជាពួកខ្យងដែលមានទំហំតូច (ជាទូទៅតូចជាង២មីលីម៉ែត្រ) ហើយខ្យងឧទយាទិត្យ Clostophis udayaditinus គឺជាខ្យងទី២០ នៃពួក Clostophis ដែលត្រូវបានគេរកឃើញ ។
តំបន់ទេសភាពភ្នំថ្មកំបោរនៅប្រទេសកម្ពុជាសម្បូរទៅដោយប្រភេទសត្វដែលមានវត្តមានតែនៅក្នុងតំបន់ទាំងនេះ (Endemic) ។ ការរកឃើញនេះមានសារសំខាន់ព្រោះវាជាកំណត់ត្រាដំបូងនៃពួកខ្យង Clostophis នៅកម្ពុជា បានបង្ហាញពីលក្ខណ: ពិសេសនៃលក្ខខណ្ឌភូមិសាស្ត្រ និងប្រពន្ធអេកូឡូស៊ីនៃតំបន់ថ្មកំបោរកម្ពុជា ដែលមានសារសំខាន់សម្រាប់ការអភិរក្ស ៕
ចែករំលែកព័តមាននេះ