រាជធានីភ្នំពេញ ៖ ខ្យងឧទយាទិត្យ Clostophis udayaditinus ត្រូវបានរកឃើញ និងទទួលស្គាល់ថា ជាប្រភេទខ្យងគោកថ្មី សម្រាប់វិទ្យាសាស្ត្រ ដែលត្រូវបានរកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង។ ខ្យងនេះ ត្រូវបានគេដាក់ឈ្មោះឱ្យថា ខ្យងឧទយាទិត្យ គឺដើម្បីឧទិសដល់ព្រះបាទឧទយោទិត្យវរវន្ន័ទៅ២ (១០៥០-១០៦៦) ដែលជាព្រះរាជាខ្មែរ ដំបូងគេ ដែលបានកសាងប្រាសាទភ្នំបាណន់ នៅលើកំពូលភ្នំបាណន់ ។
ការស្រាវជ្រាវត្រូវបានធ្វើឡើងកាលពីឆ្នាំ២០២៤ ដោយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា សហការជាមួយក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញពីសាកលវិទ្យាល័យ Chulalongkorn សាកលវិទ្យាល័យ Mahidol និងសាកលវិទ្យាល័យ Khon Kaen និងគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង Bcoming ។
តាមការសិក្សា កន្លងមកពីតំបន់ភ្នំថ្មកំបោរ ប្រទេសកម្ពុជា គេបានកត់ត្រាខ្យងគោកចំនួន១៣ប្រភេទ ពីពួក (Genus) ចំនួន៥ ក្នុងនោះក៏មិនទាន់មានពួក “Clostophis”នេះដែរ។ ដូចនេះការសិក្សារបស់យើងក៏បានបញ្ជាក់អំពីការរកឃើញនូវប្រភេទខ្យងគោកកំណត់ត្រាថ្មីសម្រាប់ពិភពលោក និងក៏បានបង្កើតនូវកំណត់ត្រាពួកថ្មីសម្រាប់ប្រទេសកម្ពុជាផងដែរ។ សូមបញ្ជាក់ផងដែរថា ខ្យងគោកពួក Clostophis ជាពួកខ្យងដែលមានទំហំតូច (ជាទូទៅតូចជាង២មីលីម៉ែត្រ) ហើយខ្យងឧទយាទិត្យ Clostophis udayaditinus គឺជាខ្យងទី២០ នៃពួក Clostophis ដែលត្រូវបានគេរកឃើញ ។
តំបន់ទេសភាពភ្នំថ្មកំបោរ នៅប្រទេសកម្ពុជា សម្បូរទៅដោយប្រភេទសត្វ ដែលមានវត្តមានតែនៅក្នុងតំបន់ទាំងនេះ (Endemic) ។ ការរកឃើញនេះ មានសារសំខាន់ ព្រោះវាជាកំណត់ត្រាដំបូង នៃពួកខ្យង Clostophis នៅកម្ពុជា បានបង្ហាញពីលក្ខណៈពិសេស នៃលក្ខខណ្ឌភូមិសាស្ត្រ និងប្រព័ន្ធអេកូឡូស៊ី នៃតំបន់ថ្មកំបោរកម្ពុជា ដែលមានសារសំខាន់សម្រាប់ការអភិរក្ស ៕
ចែករំលែកព័តមាននេះ