រាជធានីភ្នំពេញ ៖ យុវជនម្នាក់មកដើរលេងសង្ក្រាន្ត ក៏បានផ្ញើម៉ូតូ តែពេលចេញមកវិញ ស្រាប់តែបាត់ម៉ូតូ ក៏ផ្អើលឆោឡោ ធ្វើឱ្យអ្នកកិបសំបុត្រម៉ូតូភ័យក៏រត់ទៅបាត់ស្រមោល បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្ដរាគមន៍។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១នឹង៣០នាទីយប់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយមាហវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីយុវជនរងគ្រោះបានប្រាប់អោយដឹងថា មុនកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ឡើងស៊េរីឆ្នាំ២០២២ ចេញពីផ្ទះ ក្នុងគោលបំណងចូលទៅលេងសង្ក្រាន្តនៅខាងក្នុងសកលវិទ្យាល័យមួយកន្លែង ដោយបានយកផ្ញើនៅលើផ្លូវសាធារណៈ និងមានបុរសម្នាក់ អះអាងថាខ្លួនជាអ្នកកិបសំបុត្រ នឹងបានយកលុយក្នុងម៉ូតូមួយគ្រឿងតម្លៃ៥.០០០រៀល ។ ភ្លាមៗនោះយុវជនរងគ្រោះបានកិបសំបុត្ររួច ក៏បានដើរចូលទៅលេងសង្ក្រាន្តបាត់ទៅ ។
យុវជនរងគ្រោះបានបន្តថា ខណៈពេលដែលដើរលេងចប់ គាត់បានចេញមកក្រៅវិញ ដើម្បីយកម៉ូតូត្រឡប់ទៅផ្ទះវិញ ប៉ុន្តែបែរជារកម៉ូតូមិនឃើញ បង្កអោយមានការផ្អើលឆោឡោដល់អ្នកកិបសំបុត្រភ័យ និងឃើញឱកាសល្អមិនមានអ្នកចាប់អារម្មណ៍ស្គាល់មុខខ្លួនច្បាស់ ក៏បានរត់បាត់ស្រមោល បន្សល់ទុកតែម៉ូតូរបស់ខ្លួនមួយគ្រឿង ម៉ាក ហុងដាឌ្រីម ឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1KT-1219 នៅកន្លែងកើតហេតុ ។
ដោយឡែកពលរដ្ឋដែលបានកិបសំបុត្រជាច្រើននាក់ដែលបានផ្ញើម៉ូតូដល់ពេលដើរលេងសង្ក្រាន្ដចប់បានត្រឡប់មកដល់យកម៉ូតូរបស់ខ្លួនវិញ ប៉ុន្តែមិនឃើញអ្នកកិបសំបុត្រម៉ូតូក៏នាំគ្នាឆោឡោ ផ្អើលដល់សមត្ថកិច្ចខណ្ឌសែនសុខចុះអន្ដរាយគមន៍ភ្លាមៗផងដែរ ដោយបានប្រាប់ទៅអ្នកដែលមានសំបុត្រនិងកាតគ្រីម៉ូតូទើបប្រគល់ម៉ូតូអោយ ព្រោះក្រែងមានជនឆ្លៀតឱកាសមកយកបន្ដទៀត។ ចំណែកម៉ូតូដែលគ្មានកាត់គ្រីចំនួន០៣គ្រឿងរួមទាំងម៉ូតូអ្នកកិបសំបុត្រ ត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទឹកថ្លារង់ចាំដោះស្រាយនៅថ្ងៃស្អែក ។
ចំពោះជនរងគ្រោះដែលបានបាត់ម៉ូតូ ត្រូវបានសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្តឹងដើម្បីរង់ចាំអ្នកកិបសំបុត្រម៉ូតូមកធ្វើការដោះស្រាយតាមនិតិវីធីនៅពេលក្រោយទៀត ៕








ចែករំលែកព័តមាននេះ