ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ យក​កាំបិតប៉័ងតោ​កា.ប់​ជនជាតិ​ស្បែក​ខ្មៅ​រង​របួស ព្រោះ​ស្តោះ​ទឹកមាត់​ត្រូវ​ចំ​ជើង​ខោ

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌមានជ័យ បាន​អះអាង​ថា ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក សេង គន្ធ អភិបាល នៃ​គណ​អភិបាល​ខណ្ឌមានជ័យ អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌមានជ័យ បាន​អះអាង​ថា ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក សេង គន្ធ អភិបាល នៃ​គណ​អភិបាល​ខណ្ឌមានជ័យ អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ករណី​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​កាំបិតប៉័ងតោ​កាប់​បណ្តាល​ឲ្យ​របួស​) ។

សមត្ថកិច្ច​បន្ត​ថា ករណី​កើតហេតុ​ខាងលើ​នេះ នៅ​ចំណុច​ផ្ទះ​លក់​គ្រឿងទេស​កែវ សុខ​ឃី ផ្លូវ ២៤​បេ​តេ ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ០១​និង​១៥​នាទី រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៥ ។

ជន​ស​ង្ស័យឈ្មោះ យ៉ា សិទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​ឃ្លាំង​អេ​ត​ចាយ ភូម​សន្សំ​កុសល​៦ សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​) ។

ជន​រង​គ្រោះ មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ ជនបរទេស​ស្បែក​ខ្មៅ (​មិន​បាន​ដាក់​ពាក្យបណ្តឹង​) ។

សមត្ថកិច្ច​បាន​ចាប់​យក​វត្ថុ​តាង​រួម​មាន ៖ អាវយឺត​ដៃខ្លី ចំនួន​០១ ពណ៌​ខ្មៅ និង​អាវ​ក្រៅ ដៃ​វែង ចំនួន ០១ ពណ៌​ខ្មៅ មាន​រូប​ពណ៌​ស​ខាងក្រោយ​ខ្នង (​របស់​ជនសង្ស័យ​ពាក់​នៅ​ពេល​ធ្វើ​សកម្មភាព​) ។

សមត្ថកិច្ច បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​ម៉ោង​០១ រំលង​អា​ធ្រា​ត្រ ជនសង្ស័យ​ឈ្មោះ យ៉ា សិទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បាន​ដើរ​ចេញពីផ្ទះ ដើម្បី​ទៅ​ទិញ​បារី​ជក់ នៅ​ចំណុច​ផ្ទះ​លក់​គ្រឿងទេស​កែវ សុខ​ឃី ផ្លូវ ២៤​បេ​តេ ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ចំណុច​កើតហេតុ​) ហើយ​បាន​ជួប​ជាមួយ​ជន​រង​គ្រោះ​មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ ជនបរទេស​ស្បែក​ខ្មៅ ដែល​កំពុង​អង្គុយ​នៅ​ខាង​មុខ​ផ្ទះ​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​បន្ត​ថា បន្ទាប់​មក​ជន​រង​គ្រោះ បាន​ស្តោះ​ទឹកមាត់ ត្រូវ​ចំ​ជើង​ខោ​របស់​ជនសង្ស័យ រួច​ជនសង្ស័យ ក៏​បាន​ស្តី​ឲ្យ​ជន​រង​គ្រោះ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ចេះ​ស្តាប់​ភាសា​ខ្មែរ​នោះ​ទេ ហើយ​ជនសង្ស័យ ក៏​បាន​ទៅ​ផ្ទះ​បាត់​ទៅ លុះ​រហូត​ដល់​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​០១​និង​១៥​នាទី រំលង​អធ្រាត្រ ជនសង្ស័យ​បាន​ដើរ​ចេញពីផ្ទះ​មក​ទិញ​បារី នៅ​ចំណុច​កើតហេតុ​ខាងលើ​ម្តងទៀត ហើយ​បានឃើញ​ជន​រង​គ្រោះ​កំពុង​តែ​អង្គុយ​លើ​កៅអី ទើប​ជនសង្ស័យ បាន​ដើរ​ត្រឡប់​ទៅ​យក​កាំបិតប៉័ងតោ ចំនួន ០១​ដើម លាក់​ទុក​នៅ​ចង្កេះ​ខោ ផ្នែក​ខាង​មុខ ដើម្បី​កាប់​ទៅ​លើ​ជន​រង​គ្រោះ ។

សមត្ថកិច្ច បាន​បន្ត​ទៀត​ថា បន្ទាប់​មក ជនសង្ស័យ​បាន​ធ្វើ​ជា​ដើរ​ចូល​ទៅ​ទិញ​បារី ឆ្លៀតពេល​ដែល​ជន​រង​គ្រោះ​មិនដឹង​ខ្លួន ទើប​ជនសង្ស័យ​បាន​ដក​កាំបិតប៉័ងតោ កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន ០២​កាំបិត ហើយ​រត់គេច​ខ្លួន​ទៅ​ផ្លូវ​៣៧១ បាត់​ទៅ និង​បាន​បោះ​កាំបិតប៉័ងតោ​ចូល​ទៅ​ក្នុង​បឹង​តូច​បាត់ ចំណែក​ជន​រង​គ្រោះ បាន​ចេញពី​កន្លែង​កើតហេតុ​បាត់ ដោយ​មិន​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ។

សមត្ថកិច្ច ក៏​បាន​បញ្ជាក់​ដែរ​ថា រហូត​ដល់​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​១២​ថ្ងៃត្រង់ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពន់​ទី​១ បានឃើញ​ការ​ចុះ​ផ្សាយ​អំពី​វី​ដេ​អូ សកម្មភាព​ខាងលើ ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​គណនី​ឈ្មោះ SEM RATANAK ភ្លាម​នោះ សមត្ថកិច្ច​យើង​ក៏​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់​បាន​ជនសង្ស័យ​ខាងលើ ដែល​កំពុង​ដេក​នៅ​មុខ​ឃ្លាំង​អេ​ត​ចាយ ភូមិ​សន្សំ​កុសល​៦ មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពន់​ទី​១ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ខាងលើ​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន ជនសង្ស័យ ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ