ទីក្រុងម៉ានីឡា៖ អតីតប្រធានាធិបតីហ្វ៊ីលីពីន លោកឌូតឺតេ ថ្លែងនៅទីក្រុងហុងកុងថាលោកក៏បានត្រៀមខ្លួនជាបណ្ដើរៗផងដែរពាក់ព័ន្ធនឹងការចាប់ខ្លួនលោក។ លោកថ្លែងដូច្នេះនៅពេលមានសញ្ញាថាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ត្រៀមចេញនិវេទន៍ក្រហមដើម្បីចាប់ខ្លួនលោកពាក់ព័ន្ធនឹងការបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀនកាលពីពេលលោកកាន់អំណាច។
តាមពិត លោកឌូតឺតេជាប់ឆ្នោតជាប្រធានាធិបតីកាលពីឆ្នាំ២០១៦ដោយសារការសន្យាកម្ចាត់គ្រឿងញៀនឱ្យដល់ឫសគល់។ ខុទ្ទកាល័យប្រធានាធិបតីហ្វ៊ីលីពីន (លោកម៉ាកូស) បញ្ជាក់ថាខ្លួនមិនទាន់ទទួលបាននិវេទន៍ក្រហមពីនគរបាលអន្តរជាតិ (អាំងទែប៉ូល – interpol) ដើម្បីសហការចាប់ខ្លួនលោកឌូតឺតេនៅឡើយទេ។ ប៉ុន្តែលោកម៉ាកូសត្រៀមសហការជានិច្ចនៅក្នុងរឿងនេះខណៈដែលជម្លោះកំពុងផ្ទុះឡើងខ្លាំងរវាងលោកម៉ាកូស និងកូនស្រីលោកឌូតឺតេដែលធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នា។
លោកគ្លែកាស់ស្ត្រូ (Claire Castro) ជានាយករងខុទ្ទកាល័យលោកម៉ាកូសប្រាប់ថាមន្ត្រីអនុវត្តច្បាប់របស់យើងត្រៀមអនុវត្តតាមផ្លូវច្បាប់បើសិនមានសំណូមពរពីអាំងទែប៉ូល។ គេមិនទាន់ដឹងច្បាស់ទេថាតើលោកឌូតឺតេនឹងបន្តស្នាក់នៅលើទឹកដីចិនប៉ុន្មានថ្ងៃ ឬប៉ុន្មានខែឆ្នាំតទៅមុខទៀតព្រោះស្នាក់នៅទីនោះក៏ល្អម៉្យាងដែរ។ ម៉្យាង លោកធ្លាប់មានទំនាក់ទំនងល្អជាមួយប្រទេសចិនកាលនៅកាន់អំណាច និងម៉្យាងទៀត ប្រទេសចិនមិនមែនជាភាគីហត្ថលេខីនៃកតិកាសញ្ញាក្រុងរ៉ូមដែលបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិទេ។ ដូច្នេះ បើទុកជាមាននិវេទន៍ក្រហមក៏អាជ្ញាធរចិនមិនប្រាកដជាសហការចាប់ខ្លួនលោកដែរ។
លោកឌូតឺតេទៅហុងកុងលើកនេះដើម្បីទាក់ទាញសមានចិត្តពីពលករចំណាកស្រុកហ្វីលីពីននៅទីនោះ។ លោកត្រៀមឈរឈ្មោះជាបេក្ខជនសមាជិកព្រឹទ្ធសភានៅអាណត្តិថ្មី។ លោកឌូតឺតេថ្លែងថាបើសិនប ICC ចេញដីកាចាប់ខ្លួនលោកមែន សួរថាតើហេតុអ្វីបានជាលោកធ្វើរឿងនេះ? (បង្ក្រាបពួកជួញដូរគ្រឿងញៀន) តើលោកធ្វើដើម្បីខ្លួនលោក? ដើម្បីគ្រួសាររបស់លោកឬយ៉ាងណា? អត់ទេ, លោកធ្វើដើម្បីប្រជាជនហ្វ៊ីលីពីន, កូនចៅរបស់ពួកគេ និងប្រទេសជាតិហ្វ៊ីលីពីនទាំងមូល។
លោកថ្លែងបន្តទៀតថាបើវាសនាចារមកតម្រូវឱ្យលោកជួបនឹងឆាកជីវិតបែបនេះ (ចាប់ខ្លួនយកទៅកាត់ទោស) អត់បញ្ហាទេសម្រាប់លោក លោកនឹងទទួលយករឿងនេះ។ ពួកគេអាចចាប់ខ្លួនលោកដាក់ពន្ធនាគារ។ លោកដាក់ជាសំណួរថាតើនេះជាបាបកម្មដែលលោកបានសាងពីជាតិមុនឬយ៉ាងណា? មួយជីវិតរបស់លោក លោកធ្វើអ្វីៗដើម្បីរក្សាសន្តិភាព និងការរស់នៅដោយសុខសាន្តរបស់ប្រជាជន។ លោកថ្លែងដូច្នេះនៅចំពោះមុខហ្វូងមនុស្សដែលហ៊ោរកញ្ជ្រៀវ។ កូនស្រីរបស់លោកគឺលោកស្រីសារ៉ាក៏មានវត្តមាននៅក្បែរនោះផងដែរ។
សមត្ថកិច្ចហុងកុងមួយកងឯកភាពដែលមានភារកិច្ចការពារឥស្សរជនជាន់ខ្ពស់ក៏កំពុងដាក់ពង្រាយនៅបរិវេណសណ្ឋាគារដែលលោកឌូតឺតេកំពុងស្នាក់នៅផងដែរ។ មតិខ្លះកំពុងខ្សិបខ្សៀវគ្នាថាលោកឌូតឺតេទៅហុងកុងលើកនេះដើម្បីគេចចេញពីការចាប់ខ្លួន។ ប៉ុន្តែខុទ្ទកាល័យរបស់លោកម៉ាកូសថ្លែងថាលោកឌូតឺតេគ្មានផ្លូវគេចយករួចខ្លួនទេ។ រដ្ឋាភិបាលហ្វីលីពីនបានអំពាវនាវទៅក្រុមអ្នកគាំទ្រលោកឌូតឺតេដើម្បីចូលរួមសហការអនុវត្តច្បាប់។ មានន័យថាចូលរួមសហការចាប់ខ្លួនលោកឌូតឺតេបើសិនមាននិវេទន៍ក្រហម។
បើគេស្ដាប់ជំហររបស់លោកឌូតឺតេពីសម្បកក្រៅ លោកហាក់ដូចជាបង្ហាញសេចក្ដីក្លាហានគ្រាន់បើ។ កាលពីពេលចូលស្ដាប់សក្ខីកម្មនៅព្រឹទ្ធសភាកាលពីឆ្នាំ២០២៤ពាក់ព័ន្ធនឹងការសម្លាប់រង្គាលដោយសារគ្រឿងញៀននោះ លោកឌូតឺតេថ្លែងថាលោកគ្មានព្រឺក្បាលសូម្បីតែប៉ុនសរសៃសក់។ បើ ICC ចង់ស៊ើបអង្កេតរឿងនេះ លោកសូមអញ្ជើញឱ្យពួកគេធ្វើរឿងនេះឱ្យបានឆាប់។
កាលពីឆ្នាំ២០១៩ នៅពេលលោកឌូតឺតេនៅកាន់អំណាច លោកបានដកខ្លួនពីតុលាការព្រហ្មទណ្ឌអន្តរជាតិនៅពេលមានសញ្ញាថា ICC ចង់បើកការស៊ើបអង្កេតសំណុំរឿងបង្ក្រាបគ្រឿងញៀន និងការបាញ់សម្លាប់ជនសង្ស័យក្រៅប្រព័ន្ធតុលាការ។ នៅពេលលោកម៉ាកូសឡើងកាន់អំណាចដំបូងៗនៅពេលកំពុងត្រូវគ្នា លោកម៉ាកូសក៏ខំការពារលោកឌូតឺតេផងដែរ។ ប៉ុន្តែនៅពេលឈ្លោះគ្នាកាន់តែខ្លាំងឡើងៗ លោកម៉ាកូសក៏ផ្ដល់សច្ចាប័នឱ្យ ICC ឡើងវិញ និងត្រៀមសហការចាប់ខ្លួនលោកឌូតឺតេប្រគល់ទៅឱ្យប៉ូលិសអាំងទែប៉ូលថែមទៀត៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ