ទីក្រុងកៀវ៖ អ៊ុយក្រែនពេលនេះវេទនាធំហើយបន្ទាប់ពីអាមេរិកកាត់ផ្ដាច់សរសៃឈាមដោយផ្អាកផ្ដល់ជំនួយយោធា និងផ្អាកផ្ដល់ព័ត៌មានចារកម្មក្រោមហេតុផលថាលោកហ្សេឡិនស្គីតមាត់ជាមួយលោកត្រាំនៅសេតវិមានកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ដូចលោកត្រាំ និងក្រុមរបស់គាត់ធ្លាប់បានគូសវាយយុទ្ធសាស្ត្រតាំងពីពេលមុនស្បថចូលកាន់តំណែងទៅទៀតគឺថាត្រាំសម្រួចមាត់តាំងពីយូរមកហើយដើម្បីបង្ខំឱ្យអ៊ុយក្រែនចូលតុចរចា។
ដូច្នេះការគាបសង្កត់ដោយផ្ដាច់ជំនួយវាគ្រាន់តែជាលេសដើម្បីបង្កើតភាពសមហេតុផលតែប៉ុណ្ណោះ។ ធាតុពិតគឺចង់បង្ខំឱ្យចូលតុចរចា។ មន្ត្រីរដ្ឋាភិបាលអាមេរិកក៏ទទួលស្គាល់ត្រង់ចំណុចនេះដែរថាត្រាំចង់ប្រើ «នយោបាយដំបង និងការ៉ុត» (stick and carrot approach) មានន័យថាប្រើធម៌ក្ដៅផង ត្រជាក់ផងនៅក្នុងការស្វែងរកសន្តិភាពសម្រាប់អ៊ុយក្រែន។ ត្រាំចង់ឱ្យសង្គ្រាមនេះចប់ឆាប់ៗទៅនឹងអាលគាត់ដកខ្លួនចេញ។ អ៊ុយក្រែន និងអឺរ៉ុបមិនមែនជានយោបាយអាទិភាពរបស់គាត់ទេ។
បន្ទាប់ពីដឹងថាអ៊ុយក្រែនលែងទទួលបានព័ត៌មានសម្ងាត់ពីអាមេរិក រុស្ស៊ីចាប់ផ្ដើមបានដៃ និងសម្រុកវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលយ៉ាងសន្ធាប់។ អាជ្ញាធរអ៊ុយក្រែនអះអាងថាការវាយប្រហាររបស់រុស្ស៊ីថ្ងៃនេះទៅលើតំបន់ដូញែតបានសម្លាប់មនុស្ស១១នាក់, របួស៣០នាក់ និងខូចខាតផ្ទះ៨ខ្នង។ នេះជាការវាយប្រហារឈានចូលដល់ថ្ងៃទី២ចាប់តាំងពីអាមេរិកឈប់ផ្ដល់ព័ត៌មានសម្ងាត់។ នៅពេលក្រុមអ្នកពន្លត់អគ្គិភ័យកំពុងឈរបាញ់ទឹកពន្លត់អគារដែលឆេះនោះ យន្តហោះដ្រូន១គ្រឿងរបស់រុស្ស៊ីឆ្លៀតបាញ់ឆេះឡានមួយគ្រឿងថែមទៀត។
អ្នកគ្រប់គ្រងតំបន់ដូញែត លោកវ៉ាឌីម ហ្វ៊ីឡាស់ស្គីន (Vadym Filshkin) ប្រកាសយកថ្ងៃសៅរ៍ជាទិវាមរណទុក្ខដ៏ក្រៀមក្រំបំផុតសម្រាប់អ្នករស់នៅក្នុងតំបន់ដែលលោកកំពុងត្រួតត្រា។ លោកព្រមានថាអាចនឹងមានជនរងគ្រោះបន្ថែមទៀតដែលកំពុងកប់ខ្លួននៅក្នុងគំនរបាក់បែក។ លោកយល់ថាអ្វីដែលជារឿងដ៏សោកសៅបំផុតគឺការបាត់បង់អាយុជីវិតរបស់មនុស្ស។
លោកហ្សេឡិនស្គីបញ្ជាក់បន្ថែមថានៅក្នុងចំណោមអ្នករបួសទាំងនោះ ៥នាក់ជាកុមារតូចៗ។ លោកថាកាលពីយប់មិញ រុស្ស៊ីបាញ់មីស៊ីល២គ្រាប់ចូលទីក្រុងដូប្រូភីលីយ៉ា (Dobropillya) (នៅតំបន់ដូញែត)។ បន្ទាប់ពីភ្នាក់ងារជួយសង្គ្រោះទៅដល់កន្លែងកើតហេតុ រុស្ស៊ីដាក់ថែមមួយគ្រាប់ទៀត។ លោកយល់ថារុស្ស៊ីមានចេតនាបាញ់កម្ទេចភ្នាក់ងារទាំងនោះតែម្ដង។
ហេតុការណ៍នេះកើតឡើងត្រឹមតែ២៤ម៉ោងប៉ុណ្ណោះបន្ទាប់ពីរុស្ស៊ីវាយប្រហាររោងចក្រអគ្គិសនី និងឧស្ម័នដោយមីស៊ីលរាប់សិបគ្រាប់ និងដ្រូនរាប់សិបគ្រឿង ជាហេតុធ្វើឱ្យអ៊ុយក្រែនខ្វះខាតថាមពលសម្រាប់អុជបំភ្លឺគេហដ្ឋាន និងសម្រាប់ដុតកម្ដៅខ្លួនឱ្យបាត់រងា។ នៅសេតវិមាន លោកត្រាំត្រូវអ្នកសារព័ត៌មានឈ្លេចសួរថាតើនេះជាការឆ្លៀតឱកាសរបស់រុស្ស៊ីដែរឬទេនៅពេលអាមេរិកលែងផ្ដល់ព័ត៌មានសម្ងាត់? លោកតបថាពូទីនក៏មិនខុសពីអ្នកដទៃទៀតដែរត្រូវតែឆ្លៀតឱកាសធ្វើរឿងហ្នឹង។
លោកត្រាំទើបតែបង្ហោះសារនយោបាយកាលពីមុននេះថាលោកចង់ចាត់ការទៅលើប្រព័ន្ធធនាគាររុស្ស៊ី និងដំឡើងពន្ធទៅលើទំនិញរុស្ស៊ីរហូតដល់មានបទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាព។ លោកហ្សេឡិនស្គីប្រកាសគាំទ្រចំណាត់ការនេះយ៉ាងពេញទំហឹង។ លោកត្រាំកំពុងទាក់ទងទៅក្រុមការងាររបស់រុស្ស៊ី និងអ៊ុយក្រែន។ ប៉ុន្តែលោកថារុស្ស៊ីស្រួលនិយាយគ្នាជាងអ៊ុយក្រែន៕
ចែករំលែកព័តមាននេះ