ខេត្តបាត់ដំបង ៖ បាតុភូតគ្រោះធម្មជាតិបានកើតឡើងក្នុងរដូវប្រាំងនាឆ្នាំនេះ ហាក់មានសភាពកាចសាហាវណាស់ ចាប់តាំងពីដំបូងទីទៅហើយ ដូចជាមានភ្លៀង ព្យុះ ផ្គរ រន្ទះ ដែលបានកើតឡើងប៉ុន្មានសន្ដាហ៍ចុងក្រោយនេះ បង្កឲ្យមានការខូចខាតលំនៅឋានរបស់ប្រជាពលរដ្ឋអស់រាប់សិបខ្នង ។

ជាក់ស្ដែង កាលពីល្ងាចថ្ងៃទី០៦ មីនា បាតុភូតរន្ទះបានបាញ់សម្លាប់យុវជនម្នាក់នៅភូមិតានូត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខណៈមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មឿយ សុខមាន ភេទប្រុស អាយុ២០ឆ្នាំ ។ ជនរងគ្រោះ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈពេលនោះមានភ្លៀងធ្លាក់យ៉ាងខ្លួនផង ។

ដោយឡែក នៅឯស្រុកបាណន់វិញ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងដែរថា បាតុភូតធម្មជាតិ បានកើតឡើងស្ទើរដំណាលៗគ្នា ភ្លៀងដែលមានលាយឡំ ខ្យល់កន្ត្រាក់យ៉ាងខ្លាំងក្លាផង បានវាយប្រហារយ៉ាងសាហាវទៅព្រះវិហារ និងលំនៅឋានប្រជាពលរដ្ឋ ។ យោងតាមរបាយការណ៍បានឲ្យដឹងថា ខ្យល់កន្ត្រាក់បានវាយប្រហារដំបូលក្បឿងព្រះវិហារ បណ្ដាលឲ្យខូចខាតអស់មួយផ្នែកធំ និងដំបូលកុដិមួយខ្នង នៅក្នុង «វត្តអណ្ដូងស្វាយ» ស្ថិតក្នងភូមិកំប៉ង់កើត ឃុំកន្ទឺ២ រីឯលំនៅឋានមួយខ្នង ខូចខាតដំបូល នៅភូមិព្រៃទទឹង ឃុំបាយដំរាំ តែពុំមានគ្រោះថ្នាក់មនុស្សទេ ។

មានការកត់សម្កាល់ថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ភ្លៀងបានធ្លាក់រាយប៉ាយនៅតាមតំបន់មួយចំនួន ក្នុងភួមិសាស្ត្រ ខេត្តបាត់ដំបង ។ ប៉ុន្តែនៅថ្ងៃទី០៦-០៧ មីនា នេះ គេសង្កេតឃើញមានភ្លៀងធ្លាក់ស្ទើរគ្រប់ទីកន្លែង តាមបណ្ដាស្រុកនានា ហើយថែមទាំងនាំមកជាមួយនូវបាតុភូតធម្មជាតិ ខ្យល់ព្យុះ ផ្គររន្ទះ នារដូវប្រាំងនេះបានកើតឡើងយ៉ាងកាចសាហាវទៀតផង ។ យ៉ាងណាក្ដី ពេលនេះ អាជ្ញាធរ និងមន្ត្រីជំនាញបាននិងកំពុងចុះពិនិត្យទីតាំងកើតហេតុ ដើម្បីមានវិធានការសង្គ្រោះ
បឋម៕


ចែករំលែកព័តមាននេះ