ខេត្តក្រចេះ៖ បឹងរំលាច ដែលត្រូវអភិរក្សជាតំបន់បៃតង និងជាជម្រកត្រី ដែលការពារដោយសហគមន៍ជលផល និងគាំទ្រដោយអាជ្ញាធរខេត្តក្រចេះហើយផ្នែកជំនាញបរិស្ថាន និងជាប្រភពធនធានទឹក និងធនធានជលផលដ៏សំខាន់ផងនោះត្រូវបានគេឃុបឃឹតគ្នាជាប្រព័ន្ធអង្កន់ពុះដីចំណីមាត់បឹងចែកគ្នាធ្វើជាកម្មសិទ្ធនិងចាក់ដីលុបជាបណ្តើរៗហើយ។
ទីតាំងមាត់បឹងរំលាចដែលគេប្រើគ្រឿងចក្រឈូសឆាយព្រៃលិចទឹកនិងដឹកដីចាក់លុបនោះស្ថិតនៅភូមិស្រែស្តៅសង្កាត់អូរឫស្សីក្រុងក្រចេះខេត្តក្រចេះ។
បើតាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបថាផែនការចាក់ដីលុបចំណីមាត់បឹងនោះមានទំហំរហូតដល់ទៅជាង១០ហិកតាឯណោះ។
ប្រភពបន្តថាពេលនេះគេទើបតែឈូសឆាយនិងចាក់ដីបានប្រមាណជា៣ហិកតារួចទៅហើយ។
ប្រភពបានបង្ហើបមកថាការប្រើគ្រឿងចក្រធ្វើសកម្មភាពចាក់លុបដីចំណីមាត់បឹងតំបន់បៃតងបឹងរំលាចនៅចំកណ្ដាលក្រុងក្រចេះ ប្រមាណ១០ហិកតានោះគឺជាស្នាដៃមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចះដោយប្រើត្រឹមលិខិតផ្ទេរសិទ្ធិដោយចុះហត្ថលេខាត្រឹមលោកចៅសង្កាត់អូរឬស្សី ក្រុងក្រចេះ តែប៉ុណ្ណោះ។
ប្រភពពីប្រជាពលរដ្ឋនៅក្រុងក្រចេះ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ នៅពេលថ្មីៗ នេះ បានប្រើគ្រឿងចក្រលើកក្រវាត់ជុំវិញដីនៅមាត់បឹងរំលាចដែលត្រូវអភិរក្សជាតំបន់បៃតង និងជាជម្រកត្រី ដែលការពារដោយសហគមន៍ជលផល និងគាំទ្រដោយអាជ្ញាធរខេត្តក្រចេះ និងផ្នែកជំនាញបរិស្ថាន ហើយជាប្រភពធនធានទឹក និងធនធានជលផលដ៏សំខាន់ ក្នុងក្រុងក្រចេះនោះផងដែរ។
នៅក្នងសកម្មភាពឈូសព្រៃលិចទឹកនិងចាក់ដីលុបមាត់បឹងតំបន់អភិរក្ស ធនធានជលផល និងតំបន់បៃតងធម្មជាតិ កណ្តាលក្រុងក្រចេះរបស់លោកសាក់ សារ៉ាងនោះ ពុំមានអាជ្ញាធរ និងមន្ត្រីជំនាញពាក់ពន្ធ័ហ៊ានទៅអឺតមើលនិងហាមឃាត់នោះទេ ដោយសារតែលោកជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តទទួលខុសត្រូវក្នុងការបង្ក្រាបបទល្មើលធនធានធម្មជាតិនេះតែម្តងដែរ ។
ជាក់ស្តែង ពេលថ្មីៗនេះ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានចាប់ខ្លួនមនុស្សបីនាក់ និងគ្រឿងចក្រ២គ្រឿង ដែលឈូសដីចម្ការពួកគាត់ធ្លាប់អាស្រ័យផល នៅឃុំចង្រង ស្រុកចិត្របុរី ដោយមាន លិខិតផ្ទេរសិទ្ធិត្រឹមមេឃុំ ចង្ក្រង ដូចលិខិតផ្ទេរសិទ្ធិដែលលោកសាក់ សារ៉ាង ដែលយកមកប្រើឈូសព្រៃលិចទឹកលុបដីតំបន់អភិរក្សធនធានជលផលបឹងរំលាចអីចឹងដែរ។
ទាក់ទឹននិងករណីឈូសដីព្រៃលិចទឹកនិងចាក់ដីលប់បឹងរំលាចនោះមិនអាចសុំការបំភ្លឺ ពី លោកឧត្តមសេនីយ៍ សាក់ សារ៉ាង បាននៅឡើយ ។
មន្ត្រីពាក់ពន្ធ័នឹងការគ្រប់គ្រងបឹងរំលាចនេះ មិនហ៊ានឆ្លើយបំភ្លឺនោះទេ ដោយម្នាក់រុញទៅម្នាក់ ដោយសាររតែអ្នកដែលឈូសព្រៃលិចទឹកចាក់ដីលុបមាត់បឹងរំលាចនោះ ជា«មេបញ្ជាការប៉េអឹមខេត្តក្រចេះ» ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕









ចែករំលែកព័តមាននេះ