ខេត្តបាត់ដំបង ៖ រថយន្តម៉ាកMazda ពាក់ស្លាកលេខភ្នំពេញ 2AU-9009 ដែលគេអះអាងថា បើកបរដោយលោក ប៉ាល់ ពៅ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាណន់ក្នុងស្ថានភាព
ស្រវឹងទន់ខ្លួនបានបើកបុកគូទរថយន្ត០១គ្រឿងទៀតពេញទំហឹង ពេលដែលរថយន្តអ្នកដំណើរនោះ កំពុងឈប់រង់ចាំភ្លើងស្ដុប កាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី០៣ មីនា ត្រង់ចំណុច«ស្ដុបបាណន់» ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ធ្វើឲ្យភាគីជិះក្នុងរថយន្តរងចាំស្ដុបរងរបួសយ៉ាងដំណំ ។

យោងតាមព័ត៌មានបឋមបានឲ្យដឹងថា លោក ប៉ាល់ ពៅ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាណន់ហាក់ដូចជាស្រវឹងជោកជាំឈរលែងហ្នឹងទៅហើយ រហូតគេគ្រាហ៍ចុះពីរថយន្តនៅពេលកើតហេតុ ។ ប្រភពបានឲ្យដឹងទៀតថា លោកមេប៉េអឹមរូបនេះ បានបើករថយន្តទាំងខ្លួនស្រវឹង ទៅបុកគូទរថយន្តម៉ាកឡិចស៊ីសពាក់ស្លាកលេខកម្ពុជា NT200 LIN-9449 បើកបរដោយបុរសម្នាក់ ដែលគេមិនទាន់ស្គាល់ឈ្មោះ ដែលដឹកក្រុមគ្រួសារមកពីស្រុកបាណន់ ។

ជុំវិញករណីនេះ សមត្ថកិច្ចបានប្រាប់ថា រថយន្តជនរងគ្រោះ (ឡិចស៊ី) និងរថយន្តលោកមេប៉េអឹមស្រុកបាណន់បានធ្វើដំណើរស្របទិសគ្នាពីស្រុកបាណន់ ឆ្ពោះមកកាន់ក្រុងបាត់ដំបង (ពីត្បូងទៅជើង) តែនៅពេលរថយន្តជនរងគ្រោះ កំពុងឈប់រងចាំភ្លើងស្ដុប (ស្ដុបបាណន់) ស្រាប់តែរថយន្តលោកមេប៉េអឹមបើកគ្មានបន្ថយល្បឿនសូម្បីបន្តិចបានបុកគូទរថយន្តឡិចស៊ីស ពីក្រោយពេញទំហឹង រុញរថយន្តរងគ្រោះរហូតឆ្លងទៅម្ខាងថ្នល់បំពានស្ដុបដោយមិនដឹងខ្លួន តែសំណាងល្អពេលនោះគ្មានម៉ូតូ ឬរថយន្តបើកឆ្លងកាត់។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើករថយន្តឡិចស៊ីសបានរងរបួសក្បាលយ៉ាងដំណំ រីឯអ្នករួមដំណើរដែលមានកូនក្មេង និងស្ត្រីមានផ្ទៃពោះជិះក្នុងរថយន្តនោះផង គេមិនទាន់ដឹងថា មានគ្រោះថ្នាក់ដែរឬអត់នោះទេ ។

ដោយឡែក បើនិយាយពីលោក ប៉ាល់ ពៅ មេប៉េអឹម ដែលបើករថយន្តបុកគូទរថយន្តគេវិញ នៅកន្លែងកើតហេតុ គេឃើញមានមនុស្សប៉ុន្មាននាក់ បានគ្រាហ៍គាត់ចេញពីរថយន្តក្នុងស្ថានភាពស្ទើរបាត់បង់ស្មារតីទៅហើយ បើទោះជាគាត់ព្យាយាមប្រឹងបង្ហាញស្នាមញញឹមដាក់មហាជនក្ដី ។

ទោះយ៉ាងណា បើតាមប្រភពព័ត៌មានពីមន្ត្រីចរាចរណ៍បានចុះទៅកាន់កន្លែកកើតហេតុភ្លាមៗ ដើម្បីពិនិត្យនិងធ្វើការវាស់វែង ហើយបាននាំយកមធ្យោបាយភាគីទាំង០២ទៅកាន់ស្នងការខេត្ត ដើម្បីដោះស្រាយ។ ចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលជិះរថយន្តឡិចស៊ីសទាំងអស់ ក៏កំពុងឲ្យគ្រូពេទ្យត្រួតពិនិត្យសុខភាព និងស្ថានភាពរងរបួសដែរ ។ ជាពិសេស អ្នកបើកបរ ស្ត្រីមានផ្ទៃពោះ និងក្មេងៗ ដែលជិះរួមគ្នាក្នុងរថយន្ត ៕




ចែករំលែកព័តមាននេះ