ខេត្តព្រៃវែង ៖ ដើម្បីរៀបចំសណ្តាប់ធ្នាប់ សោភ័ណ្ឌភាព អនាម័យ របៀបរៀបរយ និងបញ្ជៀសការកកស្ទះចរាចរណ៍ផងនោះ កាលពីថ្ងៃទី 27 កុម្ភៈ រដ្ឋបាលស្រុកពារាំងបានចេញសេចក្តីជូនដំណឹងជាលើកទី 3 ដល់បងប្អូនជាអាជីវករដែលលក់ដូរនៅតាមចិញ្ចើមផ្លូវ ជុំវិញផ្សារព្រៃព្នៅចាស់ អោយធ្វើការរុះរើតូបរបស់ខ្លួន ទៅលក់នៅកន្លែងថ្មីដែលអាជ្ញាធរបានរៀបចំរួចរាល់ហើយនោះ ដែលសេចក្តីជូន ដំណឹងនេះ បានកំណត់ត្រឹមរយៈពេល 3 ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី 28 កុម្ភៈ ដល់ថ្ងៃទី 2 ខែមីនា ហើយក្នុងករណីដែលក្រុមអាជីវករមិនព្រមធ្វើការរុះរើដោយខ្លួនឯង អាជ្ញាធរស្រុកនិងជួយរុះរើជូន តែការខូចខាតទាំងអស់គឺអាជ្ញាធរមិនទទួល ខុសត្រូវទេ។
ក្រោយពីរដ្ឋបាលស្រុកពារាំង ចេញសេចក្តីជូន ដំណឹងជាលើកទី៣នេះរួច អាជីវករលក់ដូរនៅផ្សារព្រៃព្នៅចាស់ ក៏បានយល់ដឹង និងព្រមបន្ទន់ខ្លួនស្របតាមការណែនាំរបស់អាជ្ញាធរ ជាក់ស្តែងនៅព្រឹកថ្ងៃទី១ ខែមិនា ក្រុមអាជីវករនៅផ្សារព្រៃព្នៅចាស់ ដែលមានទីតាំងស្ថិតនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានរុះរើតូបនិងសំយ៉ាបតាមមុខផ្ទះរបស់ខ្លួនជាបណ្តើរៗហើយ ដោយក្រុមអ្នកមានសំយ៉ាបតូបប៉ះពាល់ចិញ្ចើមផ្លូវបាននាំគ្នាកាត់សំយាបចោល អ្នកដែលដាក់គ្រែតូបលក់ដូរនៅលើចិញ្ចើមផ្លូវ បាននាំគ្នារើចេញពីផ្លូវ ហើយទៅរកទីតាំងថ្មីលក់ដូរបន្ត។
គួររំលឹកផងដែរថា កន្លងមកដងផ្លូវជុំវិញផ្សារព្រៃព្នៅចាស់នេះ តែងមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ដែលធ្វើអោយបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់ និង អនាម័យ ជាពិសេសនារដូវបុណ្យទាន និងរដូវវស្សា គឺមានទឹកដក់តាមចិញ្ចើមផ្លូវ រីឯសំរាមក៏ស្អុយរលួយផងដែរ នៅតាមដងផ្លូវមួយនេះ ដែលជាហេតុធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវមួយខ្សែនេះជាខ្លាំង។
ទោះជាយ៉ាងណាក៏ដោយអាជ្ញាធរស្រុកពារាំង សង្ឃឹមថា បងប្អូនអាជីវករដែលលក់ដូរនៅទីតាំងចាស់ខាងលើនេះ និងរុះរើទៅលក់ដូរនៅទីតាំងផ្សារថ្មីដែលកំណត់ដោយច្បាប់ក្នុងពេលឆាប់ៗខាងមុខនេះជាក់ជាពុំខាន៕







ចែករំលែកព័តមាននេះ