ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​ ៖ ​គ្រូ​បឋម​សិក្សា​កិច្ចសន្យា ដែល​ចូល​បង្រៀន​បាន​ យ៉ាង​ហោច​ណាស់៤​ឆ្នាំ​ឡើង​ទៅ អាច​នឹង​រៀបចំ​បញ្ចូល​ទៅ​ក្រប​ខណ្ឌ​ពេញ​សិទ្ធិ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ថា​ គ្រូ​បឋម​សិក្សា​កិច្ចសន្យា ដែល​ចូល​បង្រៀន​បាន​យ៉ាង​ហោច​ណាស់ ៤​ឆ្នាំ​ឡើង​ទៅ…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ថា​ គ្រូ​បឋម​សិក្សា​កិច្ចសន្យា ដែល​ចូល​បង្រៀន​បាន​យ៉ាង​ហោច​ណាស់ ៤​ឆ្នាំ​ឡើង​ទៅ អាច​នឹង​រៀបចំ​បញ្ចូល​ទៅ​បណ្តុះបណ្តាល​វគ្គ​ជំនាញ​គរុកោសល្យ ឬ​បច្ចេកទេស ១៨​ខែ ដើម្បី​អាច​ពិនិត្យ​រៀបចំ​បញ្ចូល​ក្រប​ខណ្ឌ​ពេញ​សិទ្ធិ​ជូន​តែ​ម្តង​ ។

ការ​លើក​ឡើង​នេះ ​ខណៈ​សម្តេច​បវរ​ធីប​តី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​គូសបញ្ជាក់​ថា​ វិស័យ​អប់រំ​ គឺ​ត្រូវ​តែ​ឈរ​លើ​បរិមាណ​ និង​គុណភាព​ ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា ២០២៣-២០២៤ លើក​ទិស​ដៅ​សម្រាប់​ឆ្នាំ​សិក្សា ២០២៤-២០២៥ នា​រសៀល​ថ្ងៃ​ពុធ ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៥ ថា វិស័យ​អប់រំ គឺ​ត្រូវ​ឈរ​លើ​បរិមាណ និង​គុណភាព ជា​ពិសេស​សំដៅលើ​ការ​ពង្រឹងគុណភាព ដែល​ត្រូវ​បន្ត​ធ្វើ និង​ត្រូវ​ឈរ​លើ​ការ​ពង្រឹង​ការ​អប់រំ​ថ្នាក់​មូលដ្ឋាន​ជា​គោល​តាម​រយៈ ​៖ ១/ ការ​ពង្រឹង​អភិបាលកិច្ច ការ​គ្រប់គ្រង និង​ការ​ដឹកនាំ​មនុស្ស​, ២/ កម្មវិធី​សិក្សា និង​ម៉ោង​បន្ថែម និង​៣/ ការ​ចូលរួម​របស់​សហគមន៍ និង​អាណាព្យាបាល​។

តាម​រយៈ​អនុសាសន៍​អាទិភាព​ខាងលើ សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​តម្រង់​ទិស​អំពី​ការ​ជ្រើសរើស​នាយក​សាលា គឺ​ត្រូវ​ប្រគល់​សិទ្ធិ​ជូន​មន្ទីរ​អប់រំ យុវជន និង​កីឡា ដែល​ជា​អ្នក​ទទួល​ជ្រើសរើស ដោយ​រក្សា​នូវ​និយាម និង​ស្តង់ដា​គុណវុឌ្ឍិ​ច្បាស់លាស់​បំផុត ដើម្បី​ធានា​ដល់​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការ​ដឹកនាំ ការ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ចាប់ពី​មូលដ្ឋាន​ឡើង​ទៅ ដែល​ជា​គ្រឹះ​ដ៏​សំខាន់ និយាយ​រួម គឺ​ចាប់ពី​សាលា​បឋម​សិក្សា​តែ​ម្តង​។ ជាមួយ​គ្នា​នេះ លោកគ្រូ​អ្នកគ្រូ គឺ​ត្រូវ​ធានា​មាន​ទាំង​បរិមាណ និង​គុណភាព​ក្នុង​ការ​អប់រំ ដោយ​ឈរ​លើ​គុណវុឌ្ឍិ​ជា​អាទិភាព​ខ្ពស់​បំផុត ​។

សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​កំណត់​ឱ្យ​មានការ​កែសម្រួល​រយ​:​ពេល​ក្នុង​ការ​ធ្វើ​កិច្ចសន្យា​គ្រូ​កិច្ចសន្យា​ថ្នាក់​បឋម ដោយ​កែសម្រួល​ពី​មួយ​ឆ្នាំ​ម្តង មក​ពីរ​ឆ្នាំ​ម្តង​ ។

បន្ថែម​ពី​នេះ​សម្តេច​បវរ​ធិ​បតី​បាន​បញ្ជាក់​ថា​ ៖ “សម្រាប់​លោកគ្រូ​អ្នកគ្រូ​បឋម​សិក្សា​កិច្ចសន្យា ដែល​ចូល​បង្រៀន​បាន​យ៉ាង​ហោច​ណាស់ ៤​ឆ្នាំ​ឡើង​ទៅ អាច​នឹង​រៀបចំ​បញ្ចូល​ទៅ​បណ្តុះបណ្តាល​វគ្គ​ជំនាញ​គរុកោសល្យ ឬ​បច្ចេកទេស ១៨​ខែ ដើម្បី​អាច​ពិនិត្យ​រៀបចំ​បញ្ចូល​ក្រប​ខណ្ឌ​ពេញ​សិទ្ធិ​ជូន​តែ​ម្តង​។ មួយវិញទៀត ចំពោះ​លោកគ្រូ​អ្នកគ្រូ​ចូល​និវត្តន៍ អាច​ពិនិត្យ​បន្ត​កិច្ចសន្យា​ដើម្បី​បន្ត​ការ​បង្រៀន តែ​ត្រូវ​បំពេញ​កន្លែង​ដែល​ខ្វះ ដោយ​ឈរ​លើ​កម្លាំង​នៃ​សុខភាព និង​ឆន្ទៈ​នៃ​ការ​ចូលរួម​របស់​លោកគ្រូ​អ្នកគ្រូ​ផ្ទាល់​”​ ។

បន្ថែម​ពី​នេះ​ដែរ សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា កម្មវិធី​សិក្សា ដោយ​បន្ថែម​ម៉ោង​របស់​គ្រឹះស្ថានសិក្សា ជា​ពិសេស​ថ្នាក់បឋមសិក្សា គឺ​ផ្តោត​លើ​គណិត​វិទ្យា​, សីលធម៌ និងអក្សរសាស្ត្រ ដែល​គប្បី​ត្រូវ​រៀបចំ និង​ជំរុញ​បន្ថែម ដើម្បី​ជា​ឱកាស​សម្រាប់​សិស្ស​អាច​មាន​ពេលវេលា​សិក្សា​បាន​កាន់តែ​ច្រើន​ជាង​មុន និង​ទទួល​បាន​បំ​ណិ​ន​ជីវិត​កាន់តែ​ល្អ​ប្រសើរ ​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​អំពី​អាទិភាព​ចំនួន ៥ ​របស់​រាជរដ្ឋាភិបាល សម្រាប់​កសាង​មូលធន​មនុស្ស​រឹង​មាំ រួម​មាន ​៖ ទី​១. ការ​ពង្រឹងគុណភាព​វិស័យ​អប់រំ កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​, ទី​២. ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​, ទី​៣. ការ​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​ប្រជាជន​, ទី​៤. ការ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម និង​ប្រព័ន្ធ​ស្បៀង និង ទី​៥. ការ​ពង្រឹង​ភាព​ជា​ពលរដ្ឋ​ក្នុង​សង្គម​ដែល​មាន​អារ្យធម៌​ខ្ពស់​ប្រកបដោយ​សីលធម៌ សមធម៌ និង​បរិ​យា​បន្ន ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ