ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តព្រៃវែង ចុះ​បា.ញ់ថ្នាំ​សម្លា.ប់​មេរោគ ក្រោយ​រក​ឃើញ​មាន​ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ម្នាក់ ស្លា.ប់​ដោយសារ​ជំងឺផ្ដាសាយបក្សី H5N1

8 ម៉ោង មុន

ខេត្តព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ អាជ្ញាធរ​ខេត្តព្រៃវែង បាន​ដឹកនាំ​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ទីរ​កសិកម្ម​ខេត្ត ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ ព្រមទាំង​បាន​ធ្វើការ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​តា​ង៉ក…

ខេត្តព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ អាជ្ញាធរ​ខេត្តព្រៃវែង បាន​ដឹកនាំ​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ទីរ​កសិកម្ម​ខេត្ត ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ ព្រមទាំង​បាន​ធ្វើការ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​តា​ង៉ក ឃុំ​រំចេក ស្រុក​ព្រះស្ដេច ឲ្យ​ពួក​គាត់​រស់នៅ​ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ហើយ​ហាម​ដាច់ខាត​ការ​ប៉ះពាល់​ជាមួយ​សត្វ​មាន់​ទា​ដែល​ឈឺ​ងាប់ ។

សកម្មភាព​ចុះ​អន្តរាគមន៍​ដល់​មូលដ្ឋាន​នេះ បាន​ធ្វើ​ឡើង គឺ​បន្ទាប់​ពី​ក្រសួងសុខាភិបាល បាន​ចេញ ប្រកាស​ព័ត៌មាន​ថា បាន​រក​ឃើញ​កុមា​រា​អាយុ ២ ឆ្នាំ ៧​ខែ ម្នាក់ ដែល​មាន​ទីលំនៅ​ក្នុងភូមិ​តា​ង៉ក ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង បាន​ឆ្លង​ជំងឺផ្ដាសាយបក្សី H5N1 និង​បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​នេះ​កាលពី​ថ្ងៃ​ទី ២៥ កុម្ភៈ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា ផ្ទះ​កុមា​រា ដែល​បាន​ឆ្លង និង​ស្លាប់​ដោយ​ជំងឺផ្តាសាយបក្សី មាន​សត្វ​មាន់​ឈឺ​ងាប់​អស់​ចំនួន ១៥​ក្បាល ។ ហើយ​កុមា​រា រង​គ្រោះ​បាន​ដេក និង​លេង​នៅ​ក្បែរ​សត្វ​មាន់ ដែល​ឈឺ​ងាប់​ទាំងនោះ ទើប​បណ្ដាល​ឱ្យ​ឆ្លង​ជំងឺ​ហើយ​ភ្លាម​ៗ​ឪពុក​ម្ដាយ​ខ្វះ​ការ​យកចិត្តទុកដាក់​មិន​បាន​បញ្ជូន​កូន មក​កាន់​មន្ទីរពេទ្យ​ឲ្យ​បាន​ទាន់​ពេលវេលា ទើប​ធ្វើ​ឲ្យ​អាកាស​របស់​កូន​មាន​សភាព​ធ្ងន់ធ្ងរ រហូត​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​មិន​បាន ។

ដោយឡែក​លោក ភុ​ន សម្ផស្ស អភិបាលស្រុក​ព្រះស្ដេច បានអោយ​ដឹង​ថា យោង​តាម​ការ​ចុះ​សួរ​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​កុមារ​រង​គ្រោះ បាន​បញ្ជាក់​ថា ក្នុងអំឡុងពេល​ឆ្លង​ជំងឺ កុមា​រា​រង​គ្រោះ​មិន​បាន​រស់នៅ​ក្នុងស្រុក​ព្រះស្តេច​នោះ​ទេ គឺ​ត្រូវ​បាន​ឪពុក​ម្ដាយ​នាំ​ទៅ​លេង​ផ្ទះ​សាច់ញាតិ​បងប្អូន នៅ​ឯ​ខេត្ត​ត្បូងឃ្មុំ រហូត​ឆ្លង​ជំងឺ និង​ស្លា​.​ប់​បាត់បង់ ជីវិត គឺ​មិន​បាន​រស់នៅ​ក្នុងផ្ទះ​របស់​ខ្លួន ក្នុងភូមិ​តា​ង៉ក ឃុំ​រំចេក ស្រុក​ព្រះស្ដេច នោះ​ទេ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្រោយ​ពីរ​រក​ឃើញ​ថា កុមា​រា​រង​គ្រោះ បាន​ស្លា​.​ប់​បាត់បង់​ជីវិត ដោយសារ​ជំងឺផ្តាសាយបក្សី អាជ្ញាធរ​ខេត្ត​និង​ស្រុក ក៏​ដូច​ជា​ក្រុម​គ្រូពេទ្យ​ពាក់ព័ន្ធ បាន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​ជុំវិញ​លំនៅ​ឋាន​របស់​កុមា​រា​រង​គ្រោះ ធ្វើការ​តាមដាន​ស្រាវជ្រាវ​រក​ប្រភព​កំណើត នៃ​មេរោគ ប្រមូល​មនុស្ស ដែល​ពាក់ព័ន្ធ​ទាំងអស់​មក​ត្រួតពិនិត្យ​សុខភាព បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​ទីតាំង​សំខាន់​ៗ និង​បាន​អប់រំ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ប្រសិនបើ​នៅ​ក្នុងផ្ទះ​មាន​សត្វ​មាន់​ទា​ឈឺ ឬ​ងាប់ ហាម​ដាច់ខាត​មិន​ឱ្យ​ប៉ះពាល់ ឬ​បរិភោគ ហើយ​ត្រូវ​រាយការណ៍​ទៅ​មន្ត្រី​ពាក់ព័ន្ធ​នៅ​ក្នុងភូមិ​ជា​បន្ទាន់ ។

បើ​តាម​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅ​ថ្ងៃ​២៥​ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា «​មាន​អ្នក​ជំងឺផ្តាសាយបក្សី​ចំនួន ១​ករណី កើត​លើ​កុមា​រា​អាយុ ២​ឆ្នាំ​៧​ខែ និង​ត្រូវ​បាន​បញ្ជាក់​ថា វិជ្ជមាន​វីរុស​ផ្តាសាយ បក្សី​ប្រភេទ​ហាស់​៥ អ៊ុ​ន​១ (H5N1) ពី​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥ ដែល​មាន ទីលំនៅ​ក្នុងភូមិ​តា​ង៉ក ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។ ទោះជា​មានការ​យកចិត្តទុកដាក់​ថែទាំ​ និង​ជួយ​សង្គ្រោះ ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ក៏​ដោយ កុមារ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥ ដោយសារ​ឪពុក​ម្តាយ​ទើបតែ​បាន នាំ​កុមារ​មក​ដល់​មន្ទីរពេទ្យ បណ្តាល​ឱ្យ​កុមារ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក រួម​មាន​គ្រុនក្តៅ ក្អក ហត់ និង​ពិបាក​ដក ដង្ហើម​ធ្ងន់ធ្ងរ​» ​។

តាម​ការ​សាកសួរ​បង្ហាញ​ថា ផ្ទះ​អ្នកជំងឺ​មាន​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួសារ ​និង​មាន​មាន់​ងាប់ ប្រហែល​១៥​ក្បាល និង​ខ្លះ​ទៀត​កំពុង​ឈឺ ហើយ​កុមារ​បាន​ដេក ​និង​លេង​នៅ​ក្រោមផ្ទះ​ជិត​ទ្រុងមាន់​ ។

ក្រុម​ឆ្លើយ​តប​បន្ទាន់​របស់​ក្រសួងសុខាភិបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ បាន​និង​កំពុង​សហការ ជាមួយ​ក្រុមការងារ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ធ្វើការ​អង្កេត​ស្រាវជ្រាវ​យ៉ាង​សកម្ម លើ​ការ​កើតឡើង​នូវ​ជំងឺផ្តាសាយបក្សី និង​ធ្វើការ​ឆ្លើយ​តប​ទៅ​តាម​វិធីសាស្ត្រ និង​ពិធីសារ​បច្ចេកទេស បន្ត​ការ​ស្វែង រក​ប្រភព​ចម្លង ទាំង​លើ​សត្វ និង​មនុស្ស និង​បន្ត​ស្វែងរក​ករណី​សង្ស័យ ​និង​អ្នក​ប៉ះពាល់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​បន្ត ទៅ​អ្នក​ដទៃ​ទៀត​ក្នុង​សហគមន៍ ព្រមទាំង​ចែក​ជូន​ឱសថ​តា​មី​ហ្គូ (Tamiflu) ដល់​អ្នក​ប៉ះពាល់​ជិត​ស្និទ្ធ និង​ធ្វើយុទ្ធនាការ​អប់រំ​សុខភាព​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ដែល​កើតហេតុ​ខាងលើ​ ។

ក្រសួងសុខាភិបាល ក៏​បាន​ក្រើនរំលឹក​សារ​ជា​ថ្មី​ម្តងទៀត ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​យកចិត្ត ទុកដាក់​ប្រុង​ប្រយ័ត្ន​លើ​ជំងឺផ្តាសាយបក្សី​ជា​និច្ច ពីព្រោះ​ជំងឺផ្តាសាយបក្សី H5N1 នៅ​តែ​បន្ត​គំរាមកំហែង​ដល់ សុខភាព​ប្រជាពលរដ្ឋ ហើយ​ក៏​សូម​ជម្រាប​ដល់​បងប្អូន ប្រសិនបើ​មាន​អាកា​រៈ​ក្តៅខ្លួន ក្អក ហូរ​សំបោរ ឬ ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្លាប់​បាន​ប៉ះពាល់​ជាមួយ​មាន់​ទា​ឈឺ ឬ​ងាប់​ក្នុង​អំឡុង​១៤​ថ្ងៃមុន​ថ្ងៃ​ចាប់ផ្តើម មាន​រោគ​សញ្ញា សូម​កុំទៅ​ជួបជុំ ឬ​ទីប្រជុំជន​ដែល​មាន​មនុស្ស​ច្រើន និង​ត្រូវ​ស្វែងរក​ការពិគ្រោះ​យោបល់ និង​ការ ពិនិត្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​ជា​បន្ទាន់ ចៀសវាង​ការ​ពន្យារពេល ធ្វើ​ឱ្យ​ប្រឈម​នឹង ហានិភ័យ​ខ្ពស់​នៃ​ការ​ស្លាប់​ជាយថាហេតុ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ