ទីក្រុងកៀវ៖ មេដឹកនាំបស្ចិមប្រទេសរាប់សិបនាក់ដែលមានអឺរ៉ុប និងកាណាដា បានទៅដល់អ៊ុយក្រែនជាបណ្ដើរៗហើយដើម្បីរំលឹកខួបបីឆ្នាំនៃសង្គ្រាមអ៊ុយក្រែន។ ពួកគេក៏បានសន្យាផ្ដល់ជំនួយយោធាបន្ថែមទៀតផងដែរដើម្បីបង្ហាញការគាំទ្រចំពោះទីក្រុងកៀវនៅក្នុងស្ថានភាពដែលមិនច្បាស់លាស់ថាតើរដ្ឋាភិបាលលោកត្រាំនឹងបន្តគាំទ្រអ៊ុយក្រែនកម្រិតណា។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រីឡីយឹន (Leyen) ថ្លែងថាសន្តិសុខពិភពលោកកំពុងផ្ញើវាសនាទៅលើការចរចាគ្នាបញ្ចប់សង្គ្រាមអ៊ុយក្រែននេះហើយ។ លោកស្រីថ្លែងថារបបផ្ដាច់ការនៅលើពិភពលោកក៏កំពុងរង់ចាំអ៊ុតសភាពការណ៍នៅអ៊ុយក្រែនផងដែរ។ ពួកគេតាមដានដោយយកចិត្តទុកដាក់ដើម្បីចង់ដឹងថាតើប្រទេសដែលឈ្លានពានគេអាចរួចខ្លួន ឬទទួលរងការវាយបក។

លោកស្រីឡីយឹននិយាយដល់ចំណុចនេះក៏ស្របគ្នានឹងការយល់ឃើញរបស់ក្រុមអ្នកសង្កេតការណ៍ខ្លះដែលថាប្រទេសចិនក៏កំពុងតាមដានសភាពការណ៍នៅអ៊ុយក្រែនផងដែរ។ បើសិនរុស្ស៊ីវាយប្រហារអ៊ុយក្រែន ហើយទទួលបានជោគជ័យតាមបំណងរបស់ពួកគេ ពេលនោះប្រទេសចិនដែលកំពុងសម្រួចមាត់វាយប្រហារកោះតៃវ៉ាន់ក៏ចាប់ផ្ដើមមានសង្ឃឹមផងដែរ។

អ្នកខ្លះយល់ថាកម្រិតជោគជ័យរបស់លោកលោកពូទីនហាក់ដូចជាមាន៥០%នៅក្នុងដៃរួចជាស្រេចនៅពេលលោកត្រាំកាន់អំណាចបានតែជាងមួយខែប៉ុណ្ណោះ។ ថ្មីៗនេះ ទំនាស់ចាប់ផ្ដើមកើតមានជាបណ្ដើរៗរវាងអឺរ៉ុប-អ៊ុយក្រែន ទល់នឹងលោកត្រាំ។ លោកបានហៅលោកហ្សេឡិនស្គីថាជាមេដឹកនាំផ្ដាច់ការដែលបន្តកាន់អំណាចដោយគ្មានការបោះឆ្នោត, លោកមិនហ៊ានប្រើប្រាស់ពាក្យពេចន៍ធ្ងន់ៗវាយប្រហារលោកពូទីនទេ។

សូម្បីតែនៅក្នុងសំណើដែលដាក់ជូនមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតសម្រេចនៅយប់នេះក៏អាមេរិកមិនបានថ្កោលទោសរុស្ស៊ី ឬចាត់ទុកថារុស្ស៊ីជាអ្នកឈ្លានពានអ៊ុយក្រែនដែរ។ ចំណុច១ចំនួនទៀតដែលអាចចាត់ទុកថាលោកពូទីនមានជោគជ័យដូចជាលោកត្រាំយូរៗទៅមិនត្រឹមតែមិនហ៊ានរិះគន់រុស្ស៊ីទេ ថែមទាំងវាយប្រហារសម្ព័ន្ធមិត្តរបស់ខ្លួនទៅវិញ។

លោកយល់ថាសង្គ្រាមនេះថ្វីដ្បិតរុស្ស៊ីជាអ្នកវាយប្រហារទៅលើអ៊ុយក្រែនមែន ប៉ុន្តែលោកពូទីនមិនមែនជាអ្នកខុសទេ។ លោកយល់ថាអ៊ុយក្រែនគួរណាស់ចរចាគ្នាកាត់ទឹកដីឱ្យរុស្ស៊ីខ្លះតាំងពីយូរមកហើយដើម្បីទប់ស្កាត់សង្គ្រាម។ លោកយល់ថាអ៊ុយក្រែនមិនត្រូវចូលជាសមាជិកអង្គការណាតូទេ ហើយទឹកដីដែលបាត់បង់ទៅរុស្ស៊ីក៏មិនសង្ឃឹមថាអាចយកមកវិញបានដែរ។

ក្រុមប្រទេសដែលគាំទ្រអ៊ុយក្រែនយ៉ាងប្ដូរផ្ដាច់ដូចជាថ្នាក់ដឹកនាំនៅអឺរ៉ុប និងនាយករដ្ឋមន្ត្រីកាណាដាបានទៅដល់ទីក្រុងកៀវរួចហើយ។ មេដឹកនាំខ្លះទៀតទោះបីមិនបានទៅដោយផ្ទាល់ ប៉ុន្តែបានចូលរួមតាមប្រព័ន្ធវីឌីអូពីចម្ងាយ។ ពួកគេមានសារនយោបាយស្រដៀងគ្នា។ នោះគឺការទាមទារឱ្យអាមេរិកទទួលយកអ៊ុយក្រែន និងអឺរ៉ុបចូលរួមនៅក្នុងការចរចាសន្តិភាព៕
ចែករំលែកព័តមាននេះ