រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងមិនធ្វើឲ្យកម្ពុជាអាចដកដង្ហើមស្រួលឡើយនៅក្នុ ងឋានៈកម្ពុជាជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ។ អ្នកវិភាគបានលើកឡើងថា នៅក្នុងបរិបទទំនាក់ទំនងអន្តរជាតិនាពេលបច្ចុប្បន្ន កម្ពុជាអាចធូរស្រាលបន្តិច ប្រសិនបើកម្ពុជាមិនកាន់តំណែងជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក…
រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងមិនធ្វើឲ្យកម្ពុជាអាចដកដង្ហើមស្រួលឡើយនៅក្នុ ងឋានៈកម្ពុជាជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ។
អ្នកវិភាគបានលើកឡើងថា នៅក្នុងបរិបទទំនាក់ទំនងអន្តរជាតិនាពេលបច្ចុប្បន្ន កម្ពុជាអាចធូរស្រាលបន្តិច ប្រសិនបើកម្ពុជាមិនកាន់តំណែងជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដោយសារតែឆ្នាំនេះកម្ពុជាមិនមានកិច្ចប្រជុំធំដុំដែលត្រូវធ្វើដូចជានៅក្នុងអាណត្តិមុនជាពិសេសគឺនៅក្នុងឆ្នាំ២០២២ និង ២០២៣ ។
នៅក្នុងអំឡុងពេលនោះ គឺជាពេលនៃការរីករាលដាលនៃកូវីត១៩ ផង ហើយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗជាច្រើនគឺរាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ី – អឺរ៉ុប កិច្ចប្រជុំកំពូលអាស៊ាន រហូតដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ហើយត្រូវរៀបចំបោះឆ្នោតជាតិថែមទៀត ។
អ្នកវិភាគបានលើកឡើងថា នៅក្នុងឆ្នាំនេះ ប្រសិនបើកម្ពុជាមិនកាន់តំណែងជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកទេនោះ អ្នកការទូតប្រហែលជាមិនសូវមានសម្ពាធទេ ប៉ុន្តែនៅក្នុងតួនាទី នេះពីឆ្នាំ២០២៤ ដល់ ២០២៧ ស្របពេលដែលសហរដ្ឋអាមេរិកប្តូររដ្ឋបាលថ្មី ជាពិសេសគឺលោក ដូណាល់ ត្រាំ ដែលកំពុងតែអនុវត្តនយោបាយការបរទេសមួយដ៏ពិបាកស្មាន វាគឺជាសម្ពាធមួយសម្រាប់កម្ពុជា ។
មកដល់ពេលនេះ លោក ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងសាកលជាច្រើនតាំងពីពាក់ព័ន្ធនឹងអាកាសធាតុ អង្គការសុខភាពពិភពលោក ពីសិទ្ធិមនុស្ស បង្កកមូលនិធិតម្លៃប្រមាណជា ជាង ៧០ពាន់លានដុល្លាររបស់អង្គការ USAID ការសើររើកម្មវិធីឧបត្ថម្ភគាំទ្រអ៊ុយក្រែននៅក្នុងសង្គ្រាមប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។ ជាពិសេស អ្វីដែលអាស៊ានកំពុងតែបារម្ភនោះ គឺបញ្ហាពន្ធពាណិជ្ជកម្ម ដោយសារតែ អាស៊ានក៏ជាតំបន់មួយដែលកំពុងតែមានឱនភាពពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកដ៏ក្រាស់ក្រែលផងដែរ ។
អ្វីៗដែលរៀបរាប់ខាងលើនេះ គឺសុទ្ធតែជាថ្មក្តៅមួយរបស់អ្នកការទូតកម្ពុជានៅក្នុងតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកនៅពេលនេះ ។
ពាក់ព័ន្ធនឹងតួនាទីនេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ លោក គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី ខេត រ៉បូល (Kate Rebholz) ភារៈធារីស្តីទី នៃស្ថានតំណាងអចិន្ត្រៃយ៍សហរដ្ឋអាមេរិកប្រចាំអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
ប្រភពដដែលបានលើកឡើងថា កិច្ចប្រជុំបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ក្នុងនាមកម្ពុជាជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់អាណត្តិ២០២៤-២០២៧ ។
នៅក្នុងជំនួបនេះ អ្វីដែលគួរឲ្យកត់សំគាល់និងជាបន្ទុករបស់កម្ពុជានោះ គឺ ការត្រៀមរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិក លើកទី៣៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ដល់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។
កិច្ចប្រជុំនេះត្រូវបានគ្រោងឡើង ក្រោយពេលដែលមានសេចក្តីរាយការណ៍ថា ប្រទេសម៉ាឡេស៊ី ដែលកំពុងតែកាន់តួនាទីជាប្រធានអាស៊ានប្តូរវេន បានបង្ហាញនូវគោលបំណងចង់ឲ្យមានជំនួបគ្នាមួយរវាងមេដឹកនាំអាស៊ាន និង មេដឹកនាំអាមេរិកដើម្បីជជែកពិភាក្សាគ្នាលម្អិតអំពីបញ្ហាសម្ពាធពន្ធ ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក មូហាមេត ហាសាន់ (Mohamad Hasan )បាននិយាយ នៅ ថ្ងៃព្រហស្បតិ៍ពោលគឺមុនជំនួបរបស់លោក គង់ ភោគ និង លោកស្រី ខេត រ៉បូល ថា អាស៊ានគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលជាមួយសហរដ្ឋអាមេរិក ដើម្បីឲ្យប្រទេសសមាជិករបស់ខ្លួនអាចបង្ហាញទស្សនៈរបស់ពួកគេលើផែនការពន្ធរបស់សហរដ្ឋអាមេរិក។
លោកបាននិយាយប្រាប់សភាម៉ាឡេស៊ីថា តាមអ្វីដែលលោក ដូណាល់ ត្រាំ បានលើកឡើងពាក់ព័ន្ធនឹងបញ្ហាពន្ធលើរថយន្តយន្តនិង បន្ទះសៀឃ្វីអេឡិចត្រូនិក ក៏ដូចជាថ្នាំពេទ្យនឹងត្រូវដំឡើងពន្ធដល់ទៅ២៥% ដូច្នេះវា នឹងក្លាយជាបញ្ហាប្រឈមសម្រាប់ម៉ាឡេស៊ី ដោយសារបន្ទះសៀឃ្វី និងឧបករណ៍អេឡិចត្រូនិកជាផលិតផល ៦០% ដែលម៉ាឡេស៊ីត្រូវនាំចេញទៅកាន់មហាអំណាចពិភពលោកនេះ។
គិតត្រឹមថ្ងៃទី ២២ ខែកុម្ភៈ លោកត្រាំ នៅមិនទាន់កំណត់គោលនយោបាយពិសេសណាមួយតម្រង់មកកាន់អាស៊ាននៅឡើយទេ ប៉ុន្តែសម្ពាធពន្ធសាកលនេះគឺជាក្តីបារម្ភដ៏ធំ សម្រាប់តំបន់អាស៊ាន ដោយសារតែសឹងតែគ្រប់ប្រទេសទាំងអស់នៅអាស៊ានគឺសុទ្ធតែមានអតិរេកពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក រួមទាំងកម្ពុជា ។
លោក ត្រាំ ធ្លាប់បានប្រកាសថា ក្រៅពីចិន កាណាដា ម៉ិកស៊ិក សហភាពអឺរ៉ុប ដែលកំពុងតែរងសម្ពាធនិងសង្គ្រាមការទូតរឿងពន្ធនេះ លោក ត្រាំ ក៏ធ្លាប់បង្ហើបថា លោកនឹងទាមទារពន្ធពីគ្រប់ប្រទេសដែលនាំចូលសហរដ្ឋអាមេរិកផ្សេងៗដែរ ។
គិតត្រឹមឆ្នាំ២០២៤ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិកមានទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគជាមួយអាស៊ានមានទំហំរហូតដល់ទៅ ៣,៩ ទ្រីលានដុល្លារ ។ ប្រភពដដែលនេះបានបន្ថែមថា ដោយឡែកសម្រាប់វិស័យពាណិជ្ជកម្មវិញគឺមានទំហំប្រមាណជាជិត ៤៧៧ ពាន់លានដុល្លារ ។
អាស៊ាននាំចេញទៅកាន់សហរដ្ឋអាមេរិកនៅក្នុងអំឡុងពេលដដែលនេះមានទំហំទឹកប្រាក់សរុប ជាង ៣៥២ពាន់លានដុល្លារ កើនឡើង១៦,៦ ភាគរយ ។ ផ្អែកលើតួរលេខនេះសហរដ្ឋអាមេរិកកំពុងតែមានឱនភាពពាណិជ្ជកម្មជាមួយអាស៊ាននេះ ប្រមាណជា ២២៨ ពាន់លានដុល្លារ កើនឡើងប្រមាណ១១,៦ភាគរយ ធៀបនឹងឆ្នាំ២០២៣ ៕
ចែករំលែកព័តមាននេះ