រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌ៧មករា បានយកចិត្តទុកដាក់ បន្តចេញល្បាតក្នុងមូលដ្ឋាន ទាំងថ្ងៃទាំងយប់ ដូចភ្លៀងរលឹម ដើម្បីបង្ការរាល់បទល្មើសផ្សេងៗ ជាពិសេសក្រុមក្មេងទំនើង អំពើឆក់លួច និងគ្រឿងញៀន ជាដើម ។
ជាក់ស្ដែង ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានបញ្ជាអោយលោកវសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ដឹកនាំកម្លាំងអន្តរាគមន៍ចេញល្បាត ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកុំអោយមានការភ័យខ្លាច ។
លោកវេសេនីយ៍ឯក ជុន ប៊ុនណាន អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានអោយដឹងថា មួយរយៈចុងក្រោយ រហូតមកដល់បច្ចុប្បន្ននេះ នៅក្នុងមូលដ្ឋានខណ្ឌ៧មករា គឺមិនមានក្មេងទំនើង បង្កជាបញ្ហាដល់ពលរដ្ឋទៀតឡើយ ។ រីឯបញ្ហាគ្រឿងញៀន ដូចជាករណីចែកចាយ និងប្រើប្រាស់ បានថមថយខ្លាំង។ ការថមថយនេះ គឺដោយសារតែលោកបានដាក់បទបញ្ជាទូទាំងប៉ុស្តិ៍ ឲ្យដាក់វេនល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីបង្ការ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនពលរដ្ឋជាប្រចាំដូចភ្លៀងរលឹម ដូច្នេះហើយបញ្ហាទាំងអស់នេះ បានធូរស្បើយតែម្តង ។
លោកអធិការបន្តថា ដូចខែមករាកន្លងទៅ មានករណីឆក់តែ០២បទល្មើសប៉ុណ្ណោះ ប៉ុន្តែសុទ្ធ តែបង្ក្រាបបាន ហើយចំពោះមុខសញ្ញាក្រុមឆក់យ៉ាងសកម្ម ដែលកម្លាំងសមត្ថកិច្ចតាមបង្ក្រាបហើយ គឺភាគច្រើន កម្លាំងជំនាញស្រាវជ្រាវយកបានទាំងក្រុមៗតែម្តង មិនអោយសល់ឬសគល់បន្តទៅទៀត។
បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌ៧មករា បានលើកឡើងថា បញ្ហាក្មេងទំនើង បញ្ហាចោរឆក់ចោរលួច បញ្ហាគ្រឿងញៀន គឺស្ងប់ស្ងាត់តែម្តង ។
ប្រភពដដែល បន្តទៀតថា នៅតំបន់បុរីកីឡា កាលពីមុន សម្បូរណាស់ក្មេងទំនើង និងបញ្ហាចោរកម្ម តែចាប់តាំងពីមានកម្លាំងនគរបាលល្បាត និងបង្ក្រាបជាប្រចាំមក នៅតំបន់បុរីកីឡានេះ ក៏លែងសូវមានបញ្ហាទៀតឡើយ ។
ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណ ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ដែលបានចេញល្បាតទាំងថ្ងៃទាំងយប់ដូចភ្លៀងរលឹម ដើម្បីការពារសុខសុវត្ថិភាពជូនពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។ ហើយប្រជាពលរដ្ឋ ក៏បានសំណូមពរដល់កម្លាំងសមត្ថកិច្ចខណ្ឌ៧មករា ឲ្យចេញល្បាតបែបនេះបន្តទៀត ដើម្បីបង្ការទប់ស្កាត់កុំអោយកើតមានក្រុមក្មេងទំនើង អំពើលួចឆក់ និងបញ្ហាគ្រឿងញៀនឡើងវិញ ៕




ចែករំលែកព័តមាននេះ