ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំប្រកាសថាលោកអាចនឹងជួបគ្នាកម្រិតកំពូលជាមួយលោកពូទីននៅខែកុម្ភៈនេះតែម្ដង បើគិតទៅមិនយូរទេនៅសល់តែ៨-៩ថ្ងៃទៀតប៉ុណ្ណោះនឹងដាច់ខែហើយ។ លោកក៏សូមច្រានចោលកង្វល់របស់អ៊ុយក្រែនដែលថាកិច្ចជំនួបរវាងគណៈប្រតិភូរុស្ស៊ី និងអាមេរិកនៅអារ៉ាប៊ីសាអូឌីតធ្វើឡើងស្ងាត់ៗតែ២ភាគីដោយគ្មានវត្តមានរបស់អ៊ុយក្រែន។

នៅពេលអ្នកសារព័ត៌មានសួរថាតើលោក និងលោកពូទីនអាចនឹងជួបគ្នានៅចុងខែកុម្ភៈនេះទេ លោកត្រាំតបថាអាចនឹងជួបនៅខែនេះ។ កាលពីមុននេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោករូប៊ីយ៉ូ ដែលទើបតែបញ្ចប់កិច្ចជំនួបលើកទី១ជាមួយសមភាគីរុស្ស៊ីនៅអារ៉ាប៊ីសាអូឌីតថ្លែងថាភាគីទាំង២មិនទាន់កំណត់ពេលវេលាជាក់លាក់ដើម្បីរៀបចំកិច្ចជំនួបកំពូលនៅឡើយទេ។

លោកត្រាំបញ្ចេញសារនយោបាយនេះជាលើកទី១ចាប់តាំងពីអាមេរិក និងរុស្ស៊ីបញ្ជូនគណៈប្រតិភូទៅជួបគ្នានៅអារ៉ាប៊ីសាអូឌីត។ លោកសូមលុបបំបាត់នូវរាល់ការព្រួយបារម្ភរបស់លោកហ្សេឡិនស្គីដែលថាហេងស៊យអាមេរិកទុកខ្លួនចោល ហើយចរចាគ្នាតែ២នាក់រុស្ស៊ី។ លោកត្រាំនិយាយរបៀបផ្គើនត្រឡប់ទៅវិញថាបើអ៊ុយក្រែនគ្រាន់បើណាស់គួរតែចរចាគ្នាត្រូវគ្នាយូរហើយជាមួយរុស្ស៊ី។ ពោលគឺចរចាគ្នាកាត់ទឹកដីខ្លះទៅឱ្យរុស្ស៊ីឱ្យឆាប់ចប់រឿង។ ដូច្នេះ សង្គ្រាមអ៊ុយក្រែនក៏មិនផ្ទុះឡើងដែរ។

លោកត្រាំថ្លែងថាថ្ងៃនេះយើងស្ដាប់ឮពាក្យថា «អ៊ុយក្រែនមិនត្រូវគេអញ្ជើញឱ្យចូលរួមនៅក្នុងកិច្ចជំនួបនោះទេ»។ លោកថា«អ្នកមានបញ្ហាបីឆ្នាំមកហើយ ហើយគួរណាស់បិទបញ្ចប់តាំងពីយូរមកហើយ។ តាមត្រូវ អ្នកគួរណាស់មិនគួរបណ្ដោយឱ្យសង្គ្រាមនេះកើតឡើងផង។ អ្នកគួរណាស់ចរចាគ្នាឱ្យឆាប់ត្រូវរ៉ូវគ្នាជាមួយរុស្ស៊ីតាំងពីមុនផ្ទុះសង្គ្រាមទៅទៀត»។

ប្រតិកម្មចំពោះពាក្យសម្ដីរបស់លោកត្រាំ លោកសង់សាវេត(Sean Savett)ជាអ្នកនាំពាក្យកាលពីជំនាន់លោកបៃដិនសរសេររៀបរាប់នៅលើបណ្ដាញសង្គមថាតាមពិតទៅគឺប្រទេសរុស្ស៊ីទេតើដែលជាអ្នកដុតបញ្ឆេះសង្គ្រាមនេះ។ លោកសរសេររៀបរាប់បន្តទៀតថាបើស្ដាប់មើលទៅហាក់ដូចជាលោកត្រាំជឿទៅតាមភាសាឃោសនាអកុសលរបស់លោកពូទីនទៅវិញទេ។

មិនថាតែលើកនេះទេដែលលោកត្រាំហាក់ដូចជាមិនដាក់ការស្ដីបន្ទោសទៅលើលោកពូទីនពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។ កាលពីមុននេះ លោកត្រាំធ្លាប់រិះគន់ថាសង្គ្រាមនេះផ្ទុះឡើងដោយសារលោកបៃដិន។ លោកត្រាំថាបើលោកកាន់អំណាចកាលពីជំនាន់លោកបៃដិនប្រហែលជាគ្មានសង្គ្រាមនេះកើតឡើងទេព្រោះលោកនឹងខិតខំទប់ស្កាត់ឱ្យបានទាន់ពេលវេលា។

លោកត្រាំធ្លាប់និយាយថាមូលហេតុធំដែលនាំឱ្យផ្ទុះសង្គ្រាមអ៊ុយក្រែនដោយសារលោកបៃដិនត្រៀមទទួលយកអ៊ុយក្រែនជាសមាជិកអង្គការណាតូ។ ដូច្នេះលោកពូទីនត្រូវតែបង្ខំចិត្តវាយប្រហារអ៊ុយក្រែនដើម្បីស្ទាក់ផ្លូវទុកជាមុន។ លើកនេះទៀត លោកត្រាំថាបើលោកកាន់តំណែងកាលពីជំនាន់នោះ ប្រហែលជាលោកមានអំណាចគ្រប់គ្រាន់ដើម្បីបញ្ចប់សង្គ្រាមនេះ។

លោកត្រាំហាក់ដូចជានិយាយភាសារបស់លោកពូទីន ឬនិយាយទៅតាមការចង់បានរបស់លោកពូទីនគ្រប់ជំហាន។ ដូចអ្វីដែលលោកពូទីនចាត់ទុករបបដឹកនាំរបស់លោកហ្សេឡិនស្គីមិនស្របច្បាប់ លោកត្រាំថ្លែងថាអ៊ុយក្រែនគួររៀបចំការបោះឆ្នោត។ លោកថានេះមិនមែនជាអ្វីដែលរុស្ស៊ីនិយាយទេ។ ប៉ុន្តែជាបំណងប្រាថ្នារបស់លោក និងបណ្ដាប្រទេសដទៃទៀត។

ចំពោះគម្រោងបញ្ជូនកងទ័ពថែរក្សាសន្តិភាពទៅអ៊ុយក្រែនក្រោយពេលចប់សង្គ្រាម លោកត្រាំថាលោកមិនយល់ទាស់នឹងគម្រោងនេះទេ។ ការថ្លែងដូច្នេះបន្ទាប់ពីពួកអឺរ៉ុបកំពុងជំនុំគ្នាអំពីផែនការបញ្ជូនកងរក្សាសន្តិភាពដើម្បីធានាសន្តិសុខរបស់អ៊ុយក្រែន។ ដូច្នេះលោកត្រាំសូមផ្ដាំត្រឡប់ទៅវិញថាការដាក់កងទ័ពនៅទីនោះជារឿងល្អ។ លោកគ្មានអ្វីត្រូវជំទាស់ទេ៕
ចែករំលែកព័តមាននេះ